ទោះជាប់ដៃច្បាំងជាមួយអ៊ីរ៉ង់ ក៏អាម៉េរិកមិនភ្លេចបញ្ជូនអាវុ.ធឱ្យកោះតៃវ៉ាន់ដែរ
ហៀប ស៊ីថេត
12 ម៉ោងមុន

ក្រុងតៃប៉ិ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ លោក វែលីងតុន គូ (Wellington Koo) បានអះអាងនៅថ្ងៃពុធទី២៥ ខែមីនា ថា សហរដ្ឋអាម៉េរិកមានស្មារតីជួយតៃវ៉ាន់ពង្រឹងសមត្ថភាពយោធា ខណៈរដ្ឋធានីវ៉ាស៊ីនតោន កំពុងខិតខំជួយពន្លឿនការបញ្ជូនអាវុធដែលធ្លាប់បានពន្យារពេលកន្លងមក។ តៃវ៉ាន់ ដែលកំពុងប្រឈមមុខនឹងការគំរាមកំហែងផ្នែកយោធាកាន់តែខ្លាំងឡើងពីសំណាក់នាគរាជអាស៊ីចិន ធ្លាប់បានត្អូញត្អែរអំពីការយឺតយ៉ាវដដែលៗក្នុងការទទួលបានអាវុធដែលបានបញ្ជាទិញពីសហរដ្ឋអាម៉េរិក។

លោក វែលីងតុន គូ 
លោក វែលីងតុន គូ 

អាម៉េរិក គឺអ្នកគាំទ្រតៃវ៉ាន់ជាអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតដល់កោះនេះ។ ការយឺតយ៉ាវចម្បងមួយ គឺការបញ្ជាទិញយន្តហោះចម្បាំង F-16V ចំនួន ៦៦គ្រឿងពីក្រុមហ៊ុន Lockheed Martin កាលពីឆ្នាំ២០១៩ ដែលបំពាក់ដោយប្រព័ន្ធអេឡិចត្រូនិច អាវុធ និងរ៉ាដាទំនើបៗ ដើម្បីប្រឈមមុខឱ្យកាន់តែប្រសើរជាមួយកងទ័ពអាកាសចិន រួមទាំងយន្តហោះចម្បាំងបំបាំងកាយ J-20 ជាដើម។ គេនៅចាំបានថា ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់កាលពីចុងសប្តាហ៍មុនថា ការបញ្ជូនយន្តហោះចម្បាំង F-16V សម្រាប់តៃវ៉ាន់ នឹងចាប់ផ្តើមនៅឆ្នាំនេះ។

លោក គូ បានប្រាប់អ្នកយកព័ត៌មាននៅសភាថា ការបញ្ជូនប្រព័ន្ធអាវុធជាច្រើនដែលបានបញ្ជាទិញ បានចាប់ផ្តើមដំណើរការ ឬបានមកដល់ជាបណ្តើរៗហើយ។ លោកបានបញ្ជាក់ថា៖ «ចំពោះផ្នែកដែលជួបប្រទះភាពយឺតយ៉ាវ សហរដ្ឋអាម៉េរិកបានបង្កើតក្រុមការងារគម្រោងពិសេសមួយរួចហើយ ដើម្បីពន្លឿនកម្មវិធីអាវុធ...»។ លើសពីនេះ លោកបានបន្ថែមទៀតថា៖«ខ្ញុំក៏បានពន្យល់ដដែលៗថា ស្មារតីបន្ទាន់របស់សហរដ្ឋអាម៉េរិកក្នុងការជួយយើងពង្រឹងសមត្ថភាពការពារខ្លួនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន គឺពិតជាមានកម្រិតខ្ពស់ណាស់»។ សូមជម្រាបថា សហរដ្ឋអាម៉េរិកត្រូវបានចងភ្ជាប់ដោយច្បាប់ ក្នុងការផ្ដល់ឱ្យតៃវ៉ាន់នូវមធ្យោបាយដើម្បីការពារខ្លួន ហើយការលក់អាវុធគឺជាប្រភពនៃភាពតានតឹងឥតឈប់ឈររវាងរដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋធានីប៉េកាំង ដែលតែងតែទាមទារឱ្យបញ្ឈប់សកម្មភាពនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត