
បទវិភាគ៖ ពិភពលោកកំពុងរអិលជើងធ្លាក់ទៅក្នុងភាពវឹកវរ ដោយប្រទេសមានអំណាច យកច្បាប់អន្តរជាតិទៅចោលនៅគន្លៀតជញ្ជាំង ហើយធ្វើសង្គ្រាមឈ្លានពានដែនអធិបតេយ្យប្រទេសតូចជាងខ្លួន យ៉ាងអនាធិបតេយ្យ។ ជាក់ស្តែង សហរដ្ឋអាម៉េរិក បានចូលចាប់ខ្លួនមេដឹកនាំវ៉េណេហ្ស៊ុយអេឡាដល់បន្ទប់ដេក និងបានចាប់ដៃអ៊ីស្រាអែល បើកការវាយប្រហារសម្លាប់មេដឹកនាំអ៊ីរ៉ង់យ៉ាងរន្ធត់ ដោយមិនខ្វល់ពីការបំពានច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិនោះឡើយ។ ទោះយ៉ាងណា ចិនមិនមាត់មិនក និងមិនលូកដៃក្នុងសង្គ្រាមនេះទេ ប៉ុន្តែមិនមានន័យថា ចិននៅស្ងៀមឡើយ។ តើមូលហេតុអ្វីបានជាចិនមិនព្រមស្វះស្វែង ដើម្បីពន្លត់ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា...?

មានមូលហេតុ៦យ៉ាង ដែលចិនរក្សាភាពស្ងប់ស្ងាត់តែមិននៅស្ងៀម។ មិននៅស្ងៀមក៏ព្រោះតែចិនមានផែនការយុទ្ធសាស្ត្រការទូតច្បាស់ យុទ្ធសាស្ត្រទី១៖ ចិនមិនខ្វល់ពីការជាប់ជំពាក់នៃសង្គ្រាមអូសបន្លាយរបស់អាម៉េរិកនៅអ៊ីរ៉ង់ទេ ព្រោះវាក៏ផ្តល់ឱកាសដល់រដ្ឋធានីប៉េកាំងដូចគ្នា ព្រោះបើសហរដ្ឋអាម៉េរិករវល់ជាប់ដៃក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ាកាន់តែខ្លាំង កាន់តែយូរ នោះផែនការដណ្តើមយកកោះតៃវ៉ាន់មកគ្រប់គ្រងវិញ វានឹងមានភាពងាយស្រួល ខណៈដែលសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា សហរដ្ឋអាម៉េរិក បាននិងកំពុងដុតលុយចោលយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងជម្លោះនេះ។ របាយការណ៍ស៊ើបអង្កេតមួយបង្ហាញថា សហរដ្ឋអាម៉េរិក ចាយលុយអស់ជាង១ពាន់លានដុល្លារក្នុងមួយថ្ងៃ ដូច្នេះ បើសង្គ្រាមនេះអូសបន្លាយកាន់តែយូរ ចិន និងរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តកាន់តែពេញចិត្ត ប៉ុន្តែទន្ទឹមនោះ រុស្ស៊ី និងចិន ក៏ជួយអ៊ីរ៉ង់ដោយប្រយោល ឬពីចម្ងាយ ដោយមិនឱ្យអ៊ីរ៉ង់ចាញ់សង្គ្រាមនេះលឿនពេកដែរ។

សង្គ្រាមបានឈានចូលដល់សប្តាហ៍ទី៤ហើយ ប៉ុន្តែមិនទាន់មានសញ្ញាថា អ៊ីរ៉ង់នឹងចុះចាញ់ ឬសហរដ្ឋអាម៉េរិកអាចដកទ័ពចេញវិញនោះទេ ដូច្នេះ វិបត្តិនេះអាចនឹងធ្វើឱ្យសហរដ្ឋអាម៉េរិកទន់ដៃទាំងវិស័យយោធា ការទូត និងសេដ្ឋកិច្ច។ យុទ្ធសាស្ត្រទី២៖ ការបិទច្រកសមុទ្ទហ័រមូស្ស មិនមែនជាចំណុចមរណសម្រាប់ចិនទេ ទោះបីចិន ជាប្រទេសនាំចូលប្រេងឆៅធំបំផុតតាមច្រកនេះក៏ដោយ ប៉ុន្តែចិនមានប្រេងបម្រុងទុកដ៏ច្រើនមហិមាប្រហែល១,៣ពាន់លានបារ៉ែល ដែលអាចប្រើប្រាស់បាន ៤ខែ។ ទន្ទឹមនោះ ចិនក៏កំពុងសម្រុកនាំចូលថាមពលកាន់តែច្រើនពីរុស្ស៊ី ក្រោយសហរដ្ឋអាម៉េរិកដករនាំងទណ្ឌកម្ម ការនាំចេញប្រេងរបស់រុស្ស៊ី ដើម្បីទប់ស្កាត់វិបត្តិថាមពលសកល។ ចំណែកយុទ្ធសាស្ត្រទី៣៖ ចិនមិនចងភ្ជាប់ជោគវាសនារបស់ខ្លួនជាមួយរបបអ៊ីរ៉ង់ឡើយ។ នេះមានន័យថា ចិនសុខចិត្តប្រថុយឱ្យរបបតេហេរ៉ង់ដួលរលំ ជាថ្នូរឱ្យឥទ្ធិពលអាម៉េរិកចុះថមថយ ស្របតាមផែនការនៃមហិច្ឆតាត្រួតត្រាសណ្តាប់ធ្នាប់ពិភពលោកនាពេលអនាគត និងការសម្រេចផែនការដណ្តើមយកកោះតៃវ៉ាន់។

យុទ្ធសាស្ត្រទី៤៖ សង្គ្រាមនេះ នឹងផ្តល់ឱកាសឱ្យចិនពង្រឹងទំនាក់ទំនងកាន់តែស្អិតល្មួតជាមួយបណ្តាប្រទេសឈូងសមុទ្ទ ព្រោះថា នៅពេលដែលប្រេងជាប់គាំងស្ទះ ទៅមុខមិនរួច ថយក្រោយមិនកើត បណ្តាប្រទេសអារ៉ាប់ ដែលជាឈ្មួញប្រេងធំៗ អាចងាកទៅពឹងផ្អែកលើចិន ដើម្បីជួយដោះស្រាយវិបត្តិសន្តិសុខនៃការនាំចេញប្រេងរបស់ពួកគេ ព្រោះថា ចិនជាប្រទេសនាំចេញប្រេងធំបំផុតក្នុងលោក ហើយត្រូវបានកងទ័ពឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ បើកឱ្យធ្វើចរាចរឆ្លងកាត់ច្រកសមុទ្ទហ័រមូស្សបានដោយសេរី។ យុទ្ធសាស្ត្រទី៥៖ ចិនកំពុងបោះជំហានចូលផ្នែកមនុស្សធម៌អន្តរជាតិ។ តាមពិតទៅ កន្លងមក សហរដ្ឋអាម៉េរិកសកម្មខ្លាំងបំផុតក្នុងការផ្ដល់ជំនួយមនុស្សធម៌ និងជំរុញសិទ្ធិមនុស្ស ប៉ុន្តែក្រោយ លោក ដូណាល់ ត្រាំ ឡើងកាន់អំណាច និងបញ្ជាឱ្យកម្ទេចអ៊ីរ៉ង់! កែវភ្នែកពិភពលោក កំពុងសម្លឹងមើលទៅសហរដ្ឋអាម៉េរិកដោយភាពតក់ស្លុតនិងភ័យខ្លាច តាមរយៈការប្រើអំណាចហួសហេតុ និងប្រើប្រាស់សព្វាវុធធន់ធ្ងន់ៗខុសច្បាប់អន្តរជាតិ ផ្តាច់ជីវិតមេដឹកនាំកំពូលៗ និងជនស៊ីវិលជាច្រើននាក់។

ឆ្លៀតក្នុងឱកាសដ៏អំណោយផលនេះ ចិនបានប្រកាសផ្តល់ជំនួយដល់ប្រទេស ហ្ស៊កដានី លីបង់ និងអ៊ីរ៉ាក់ ដើម្បីដើរតួនាទីជំនួសបងធំទីមួយ ដែលកំពុងងប់ងុលនឹងសង្គ្រាមវាយបំបាក់អ៊ីរ៉ង់។ នេះបង្ហាញថា ចិនកំពុងដើរតួ ជាតួអង្គចិត្តល្អ ដោយកំពុងបង្ហាញពីទំនួលខុសត្រូវ និងបណ្ដុះសមានចិត្តដល់រដ្ឋក្នុងតំបន់មជ្ឈិមបូព៌ា។ ជារួម ចិនមិនមែនជាអ្នកបង្កសង្គ្រាមទេ ហើយចិនក៏មិនចង់បញ្ចប់សង្គ្រាមនេះដែរ ព្រោះថា ជម្លោះនេះ នឹងធ្វើឱ្យសហរដ្ឋអាម៉េរិកខូចឈ្មោះក្នុងនាមជាបិតាប្រជាធិបតេយ្យពិភពលោក និងខាតបង់សេដ្ឋកិច្ច ហើយប្រែជាឱកាសមាសសម្រាប់ចិន បើកលម្ហការទូតជើងមេឃ និងផ្លូវពាណិជ្ជកម្ម។ រីឯយុទ្ធសាស្ត្រទី៦៖ បំណងធំបំផុតរបស់ចិន គឺស្ទូចត្រីធំ! ខណៈត្រីធំដែលចិនប្រឡាយខ្សែ បិទនុយការទូតអស់រាប់សិបឆ្នាំមកនោះ គឺកូនកោះតៃវ៉ាន់។ តៃវ៉ាន់ ជាដែនដីកោះក្រោមជំនួយឥទ្ធិពលសហរដ្ឋអាម៉េរិក ហើយបានក្លាយជាឆ្អឹងទទឹងកចិន ដូច្នេះ ការវាយដណ្តើមយកកោះតៃវ៉ាន់មកគ្រប់គ្រងវិញ គឺជារឿងចៀសមិនរួច។

គួរបញ្ជាក់ថា «យុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀម»របស់ចិន ដែលកំពុងសម្លឹងមើលស្តេចឥន្ទ្រី និងស្តោចតោ ព្រួតគ្នាខាំខ្លាកំណាចមជ្ឈិមបូព៌ាមួយក្បាល មិនមែនជារឿងចៃដន្យនោះឡើយ ប៉ុន្តែវាជាការគណនាភូមិសាស្ត្រនយោបាយដ៏ល្អិតល្អន់បំផុតមួយក្នុងសតវត្សរ៍ទី២១។ សម្រាប់ចិន គឺបណ្តោយឱ្យសហរដ្ឋអាម៉េរិកជាប់ផុងក្នុងសង្គ្រាមនៅតំបន់វាលខ្សាច់មជ្ឈិមបូព៌ា ដើម្បីដោះដូរយកសន្តិសុខនៅច្រកសមុទ្ទតៃវ៉ាន់ និងដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួនឱ្យកាន់តែខ្លាំងថែមមួយកម្រិតទៀតលើឆាកអន្តរជាតិ ស្របពេលអាម៉េរិកកំពុងផុងខ្លួនក្នុងសង្គ្រាមអ៊ីរ៉ង់នេះជាបណ្តើរៗហើយ។ មែនទែនទៅ សម្រាប់ល្បែងដណ្តើមអំណាចនយោបាយសកល គោលការណ៍ច្បាប់អន្តរជាតិ គ្រាន់តែជាលេសប៉ុណ្ណោះ ពោល..គឺមានតែផលប្រយោជន៍ទេ ទើបជាគោលដៅពិតប្រាកដ»៕




