តើបទឈប់បា.ញ់៤៥ថ្ងៃអាចកើតឡើងបានទេ បើអាម៉េរិក-អ៊ីរ៉ង់ចង់ស៊ីសាច់គ្នាស្រស់ៗបែបនេះ..?
ហៀប ស៊ីថេត
2 ម៉ោងមុន

មជ្ឈិមបូព៌ា៖ សហរដ្ឋអាម៉េរិក-អ៊ីរ៉ង់ និងក្រុមអ្នកសម្របសម្រួលក្នុងតំបន់ កំពុងពិភាក្សាអំពីលក្ខខណ្ឌសម្រាប់លទ្ធភាពនៃបទឈប់បាញ់រយៈពេល៤៥ថ្ងៃ ដែលអាចឈានទៅរកការបញ្ចប់សង្រ្គាមជាអចិន្ត្រៃយ៍។ នេះបើយោងតាមរបាយការណ៍របស់ស្ថាប័នព័ត៌មានអាស៊ីអូស (Axios) ដកស្រង់ប្រភពពីមន្ត្រីសហរដ្ឋអាម៉េរិក អ៊ីស្រាអែល និងមន្រ្តីតំបន់ចំនួន៤រូប ដែលបានដឹងអំពីកិច្ចពិភាក្សានេះ...។

របាយការណ៍បង្ហាញថា អ្នកសម្របសម្រួលកំពុងពិភាក្សាអំពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងជា២ដំណាក់កាល។ ដំណាក់កាលដំបូង នឹងក្លាយជាលទ្ធភាពនៃបទឈប់បាញ់រយៈពេល៤៥ថ្ងៃ ដោយក្នុងអំឡុងពេលនោះ ការចរចាបញ្ចប់សង្រ្គាមជាអចិន្ត្រៃយ៍នឹងត្រូវធ្វើឡើង។ ដំណាក់កាលទី២ នឹងក្លាយជាកិច្ចព្រមព្រៀង ស្តីពីការបញ្ចប់សង្រ្គាមទាំងស្រុង។ ជុំវិញរឿងរ៉ាវនេះ សេតវិមាន និងក្រសួងការបរទេសសហរដ្ឋអាម៉េរិក មិនទាន់បានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយពីភ្នាក់ងាររ៉យទ័រនោះទេ។ ការណ៍នេះ កើតឡើងក្រោយប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានប្រាប់កាសែត Wall Street Journal ថា អ៊ីរ៉ង់ត្រូវតែបើកច្រកសមុទ្ទហ័រមូស្ស បើមិនដូច្នោះទេ នឹងត្រូវប្រឈមមុខនឹងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទ្រង់ទ្រាយធំ ដែលមិនធ្លាប់មានពីមុនមក។

ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះរបាយការណ៍ពីស្ថាប័នព័ត៌មានអាស៊ីអូស អំពីកិច្ចប្រឹងប្រែងជំរុញឱ្យមានបទឈប់បាញ់រយៈពេល៤៥ថ្ងៃ រវាងរដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋធានីតេហេរ៉ង់។ មានសំណួរមួយចោទសួរថា តើបទឈប់បាញ់នេះអាចទៅរួចដែរឬទេ..ស្របពេលភាគីទាំង២ កំពុងស៊ីសាច់ហុតឈាមគ្នាស្រស់ៗបែបនេះ..? គ្មាននរណាម្នាក់ហ៊ានធានាថា បទឈប់បាញ់រយៈពេល៤៥ថ្ងៃនឹងកើតឡើងទេ ព្រោះថា វាអាចកើតឡើងបានប្រសិនបើអ៊ីរ៉ង់យល់ព្រមបើកច្រកសមុទ្ទហ័រមូស្ស តាមសម្តីរបស់ ត្រាំ។ ប៉ុន្តែវានឹងបរាជ័យ ប្រសិនបើភាគីទាំង២ [អាម៉េរិក-អ៊ីរ៉ង់] មិនព្រមចុះចាញ់គ្នា។ ទោះជាយ៉៉ាងនេះក្ដី អ៊ីរ៉ង់ទំនងជាមិនយល់ព្រមតាមលក្ខខណ្ឌអាម៉េរិកស្រួលៗទេ ព្រោះប្រសិនបើរដ្ឋធានីតេហេរ៉ង់យល់ព្រម វានឹងបង្ហាញពីភាពទន់ខ្សោយ និងការបាត់បង់អធិបតេយ្យភាពជាតិអ៊ីរ៉ង់ទាំងមូល។ ដូច្នេះដើម្បីគប្បីចំពោះមេដឹកនាំកំពូលៗដែលបានពលី ពួកគេអាចនឹងជ្រើសរើសការបន្តប្រឈមមុខដាក់គ្នាវិញ។ តើឥទ្ធិពលរបស់អ្នកសម្របសម្រួលរបស់បណ្តាប្រទេសក្នុងតំបន់ អាចធ្វើឱ្យមេដឹកនាំអាម៉េរិក និងអ៊ីរ៉ង់ ទន់ចិត្ត ទម្លាក់អាវុធចរចាគ្នាបានដែរឬទេ?..

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត