
សុខភាព៖ ជំងឺថប់បារម្ភ គឺជាការព្រួយបារម្ភហួសហេតុ និងមិនសមហេតុផលអំពីបញ្ហាប្រចាំថ្ងៃ អ្នកជំងឺតែងតែពិបាកក្នុងការគ្រប់គ្រងអារម្មណ៍ ឬមានការលំបាកក្នុងការស្ងប់ស្ងាត់ ដែលមានរយៈពេលលើសពី៦ខែ។ នេះបើតាមការឱ្យដឹងពីគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត…។

រោគសញ្ញាដែលអាចសម្គាល់ថា មានជំងឺថប់បារម្ភ មានដូចជា៖ ប៉ះពាល់ដល់ការគេង ឆាប់ភ័យ ឆាប់ខឹងមួរម៉ៅ ចុករោយពេញខ្លួន ល្ហិតល្ហៃ អស់កម្លាំង និងពិបាកផ្តោតអារម្មណ៍ធ្វើអ្វីមួយ ឬឆាប់ភ្លេច។ ប្រសិនបើមិនបានទទួលការព្យាបាលត្រឹមត្រូវ នោះវិវត្តន៍ទៅជាកាន់តែរ៉ាំរ៉ៃ ដែលបង្កឱ្យមិនអាចបញ្ចេញនូវសក្តានុពលពេញលេញ រួមមាន៖ ការសិក្សាថយចុះ ធ្វើការងារ ឬប្រកបរបរ។ បើនិយាយពីមូលហេតុ គឺមិនមានមូលហេតុច្បាស់លាស់ទេតែអាចមកពី បញ្ហាគ្រួសារ ការងារ ហិរញ្ញវត្ថុ ការសិក្សា និងបញ្ហាទំនាក់ទំនងផ្ទាល់ខ្លួន។

មួយវិញទៀត អាចមកពីការប្រើប្រាស់សារធាតុញៀន ឬគ្រឿងស្រវឹង បម្រែបម្រួលសារធាតុគីមីក្នុងខួរក្បាល ធ្លាប់ទទួលរងការប៉ះទង្គិចផ្លូវចិត្ត ជំងឺផ្លូវកាយមួយចំនួន និងតំណពូជ។ បើមានអាការដូចបានរៀបរាប់ខាងលើ គួរតែឆាប់រួសរាន់ស្វែងរកការប្រឹក្សា និងការព្យាបាលពីវេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវចិត្ត ដើម្បីទទួលបានការព្យាបាលកាន់តែឆាប់ និងបង្កើនឱកាសជាសះស្បើយកាន់តែលឿន៕



