
នីហ្សេរីយ៉ា៖ មនុស្សយ៉ាងតិច២០០នាក់ ត្រូវសង្ស័យថា បានបាត់បង់ជីវិត បន្ទាប់ពីយន្តហោះចម្បាំងរបស់កងទ័ពអាកាសនីហ្សេរីយ៉ា បើកការវាយប្រហារតាមអាកាសចំផ្សារមួយកន្លែង ខណៈកំពុងដេញតាមបង្ក្រាបក្រុមសកម្មប្រយុទ្ធអ៊ិស្លាមនៅភាគឦសាននៃប្រទេស។

យោងតាមការបញ្ជាក់ពីសមាជិកក្រុមប្រឹក្សាមូលដ្ឋាន និងអ្នកភូមិដែលនៅរស់រានមានជីវិត បានឱ្យដឹងថា គ្រាប់បែកបានធ្លាក់ចំកណ្ដាលផ្សារក្នុងរដ្ឋ Borno ជាកន្លែងសម្បូរទៅដោយអ្នកដើរទិញអីវ៉ាន់ និងអាជីវករមកពីតំបន់ជុំវិញ រួមទាំងមកពីរដ្ឋ Yobe ដែលនៅជាប់គ្នានោះផងដែរ។ កងទ័ពអាកាសនីហ្សេរីយ៉ា បានចេញសេចក្តីថ្លែងការណ៍ទទួលស្គាល់ថា ពិតជាមានរបាយការណ៍អំពីគ្រោះថ្នាក់ដល់ជនស៊ីវិលមែន ហើយបច្ចុប្បន្ន បានបញ្ជូនក្រុមស៊ើបអង្កេតគ្រោះថ្នាក់ជនស៊ីវិល (Civilian Harm Accident and Investigation Cell) ឱ្យចុះទៅកាន់ទីតាំងកើតហេតុជាបន្ទាន់ ដើម្បីស្វែងរកការពិត។ ទន្ទឹមនោះ កងទ័ពអាកាសបានអះអាងថា ខ្លួនបានកម្ទេចក្រុមភេរវករ Boko Haram យ៉ាងច្រើននៅក្នុងតំបន់នោះ ប៉ុន្តែមិនបានបញ្ជាក់ពីការបាត់បង់ជីវិតរបស់ជនស៊ីវិលឡើយ។

ឧត្តមសេនីយ៍ត្រី ដាហ៊ីរូ អាប់ឌុលសាឡាម (Dahiru Abdulsalam) ទីប្រឹក្សាយោធានៃរដ្ឋាភិបាលរដ្ឋ Yobe បានបញ្ជាក់ថា ប្រជាជនមកពីតំបន់ Geidam ដែលបានទៅទិញអីវ៉ាន់នៅផ្សារ Jilli ពិតជាបានរងគ្រោះថ្នាក់ដោយសារការវាយប្រហារតាមអាកាសនេះមែន។ សោកនាដកម្មនេះ បានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋក្នុងស្រុក ខណៈកងទ័ពនីហ្សេរីយ៉ាតែងតែរងការរិះគន់ ចំពោះការវាយប្រហារខុសគោលដៅ បណ្ដាលឱ្យជនស៊ីវិលស្លូតត្រង់ស្លាប់ជាបន្តបន្ទាប់ក្នុងយុទ្ធនាការបង្ក្រាបក្រុមឧទ្ទាម៕



