
រដ្ឋធានីអាប៊ូចា៖ ប្រធានាធិបតីនីហ្សេរីយ៉ា លោក បូឡា អាមេដ ទីនូប៊ូ បានប្រកាសដាក់ពង្រាយកងវរសេនាតូចចំនួន១កងទៅកាន់រដ្ឋក្វារ៉ា (Kwara) ភាគខាងលិចប្រទេស ក្រោយក្រុមខ្មាន់កាំភ្លើងបានសម្រុកចូលភូមិវ៉ូរ៉ូ (Woro) បាញ់សម្លាប់មនុស្សយ៉ាងតិច១៧០នាក់ និង២១នាក់ផ្សេងទៀត ត្រូវបានសម្លាប់ក្នុងក្រុងកាត់ស៊ីណា (Katsina) ភាគខាងជើង ដោយបានដើរបាញ់សម្លាប់ពីផ្ទះមួយទៅផ្ទះមួយទៀត...។

តាមរយៈសេចក្តីថ្លែងការណ៍នៅលើបណ្ដាញសង្គម លោកប្រធានាធិបតី ទីនូប៊ូ បានថ្កោលទោសការវាយប្រហារនេះថា «ជាទង្វើកំសាក និងព្រៃផ្សៃ» និងបានបញ្ជាឱ្យបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំមួយដែលមានឈ្មោះថា «Operation Savannah Shield» ដើម្បីកម្ចាត់ក្រុមភេរវករ និងការពារសហគមន៍ដែលទន់ខ្សោយ។ លោកបានបញ្ជាក់ថា មូលហេតុដែលក្រុមខ្មាន់កាំភ្លើងផ្ដោតគោលដៅលើអ្នកភូមិទាំងនេះ គឺដោយសារតែពួកគេ បានបដិសេធមិនព្រមចុះចូលជាមួយក្រុមជ្រុលនិយម ដែលតែងតែព្យាយាមបង្ខំឱ្យពលរដ្ឋបោះបង់រដ្ឋាភិបាលនីហ្សេរីយ៉ា។

ទោះបីជាមិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋ និងរដ្ឋាភិបាល បានដាក់ការសង្ស័យយ៉ាងខ្លាំងលើក្រុមភេរវករ បូកូ ហារ៉ាម (Boko Haram)។ អ្នកភូមិបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ថា ខ្មាន់កាំភ្លើង គឺជាក្រុមសាសនាជ្រុលនិយមដែលធ្លាប់មកផ្សព្វផ្សាយមនោគមវិជ្ជាហិង្សាក្នុងភូមិជាយូរមកហើយ។ យោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន Al Jazeera បានឱ្យដឹងថា ការសម្លាប់រង្គាលបែបនេះ តែងតែកើតឡើងរាល់ពេលដែលមានការកើនឡើងនៃសកម្មភាពយោធាប្រឆាំងនឹងក្រុមប្រដាប់អាវុធទាំងនោះ។

បច្ចុប្បន្ន កងកម្លាំងប៉ូលិស និងយោធា ត្រូវបានចល័តទៅកាន់តំបន់កើតហេតុ ដើម្បីបើកប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះជនរងគ្រោះដែលរងរបួស ក៏ដូចជាតាមប្រមាញ់ក្រុមខ្មាន់កាំភ្លើងដែលបានចាប់ខ្លួនអ្នកភូមិមួយចំនួនយកទៅជាមួយផងដែរ។ សោកនាដកម្មនេះ បានកើតឡើងចំពេលដែលនីហ្សេរីយ៉ាកំពុងប្រឈមនឹងវិបត្តិសន្តិសុខដ៏ស្មុគស្មាញ រួមមាន៖ សកម្មភាពរបស់ក្រុម ISIS ក៏ដូចជាការកើនឡើងនៃអំពើចាប់ជំរិតទារប្រាក់យ៉ាងធ្ងន់ធ្ងរនៅទូទាំងប្រទេស៕



