ខ្មាន់កាំ.ភ្លើ.ងនៅនីហ្សេរីយ៉ា ចេញមកពីព្រៃបា.ញ់រះសម្លា.ប់អ្នកភូមិ៣០នាក់ និងចាប់យកកុមារជាច្រើន
N
Nary Vann
05 មករា 2026 09:00 AM

អំពើហិង្សាប្រដាប់អាវុធដ៏សាហាវឃោរឃៅ បានផ្ទុះឡើងជាថ្មីម្ដងទៀតនៅប្រទេសនីហ្សេរីយ៉ា ដោយពួកខ្មាន់កាំភ្លើងមួយក្រុមធំ បានបើកការវាយប្រហារទៅលើភូមិ កាស៊ូវ៉ាន ដាជី (Kasuwan-Daji) ក្នុងតំបន់រដ្ឋបាល បរហ្គូ (Borgu) បណ្ដាលឱ្យអ្នកភូមិយ៉ាងហោចណាស់៣០នាក់បាត់បង់ជីវិត ខណៈមនុស្សជាច្រើននាក់ទៀត ដែលភាគច្រើនជាក្មេងៗ ត្រូវបានចាប់យកទៅ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។ 

សេចក្តីថ្លែងការណ៍របស់ប៉ូលិស បានឱ្យដឹងថា ក្រៅពីការបាញ់រះមិនរើសមុខទៅលើអ្នកភូមិ ក្រុមខ្មាន់កាំភ្លើង ក៏បានដុតបំផ្លាញផ្សារ និងផ្ទះសម្បែងជាច្រើនខ្នងផងដែរ។ យ៉ាងណា ចំនួនអ្នកស្លាប់ពិតប្រាកដត្រូវបានគេជឿថា អាចច្រើនជាង៣០នាក់។ អ្នកភូមិខ្លះបានអះអាងថា មនុស្សរហូតដល់៣៧នាក់បានស្លាប់ ខណៈបព្វជិតនាម ស្ទេហ្វិន កាប៊ីរ៉ាត (Stephen Kabirat) អ្នកនាំពាក្យព្រះវិហារកាតូលិកប្រចាំតំបន់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ចំនួនអ្នកស្លាប់មានលើសពី៤០នាក់ ហើយអ្នកដែលត្រូវបានចាប់ជម្រិត ឬចាប់យកទៅ ភាគច្រើនគឺជាកុមារ។ អ្វីដែលគួរឱ្យខ្លោចផ្សាដែរនោះ គឺ អ្នករស់រានមានជីវិតនៅតែមានភាពភ័យខ្លាចខ្លាំង និងមិនហ៊ានត្រឡប់ទៅប្រមូលសាកសពដែលនៅរាយប៉ាយក្នុងភូមិនោះទេ ដោយសារមិនទាន់ឃើញមានវត្តមានកងកម្លាំងសន្តិសុខមកដល់កន្លែងកើតហេតុនៅឡើយ បើទោះបីជាការវាយប្រហារបានអូសបន្លាយពេលរហូតដល់៣ម៉ោងក៏ដោយ។

យោងតាមការស៊ើបអង្កេតបឋម ក្រុមខ្មាន់កាំភ្លើងទាំងនោះបានធ្វើដំណើរចេញពីតំបន់ព្រៃឈើនៃឧទ្យានជាតិ (National Park Forest) ដែលជាកន្លែងលាក់ខ្លួនរបស់ក្រុមអ្នកលេងដែលមានអាវុធ។ ការវាយប្រហារនេះបានកើតឡើងនៅក្បែរសហគមន៍ ផាភិរី (Papiri) ដែលជាកន្លែងធ្លាប់មានសិស្សសាលា និងគ្រូបង្រៀនជាង៣០០នាក់ ត្រូវបានចាប់ជម្រិតកាលពីខែវិច្ឆិកា ឆ្នាំ២០២៥។ នេះឆ្លុះបញ្ចាំងពីវិបត្តិសន្តិសុខដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសនីហ្សេរីយ៉ាដែលមានប្រជាជនច្រើនជាងគេនៅអាហ្វ្រិក ជាពិសេសនៅតាមតំបន់ដាច់ស្រយាលដែលកងកម្លាំងរដ្ឋាភិបាលមានកម្រិត និងពិបាកក្នុងការគ្រប់គ្រង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត