អាម៉េរិកបញ្ជូនកងទ័ពចុះជួយនីហ្សេរីយ៉ា ក្រោយរលកនៃការស.ម្លា.ប់រង្គាលផ្ទុះឡើង
N
Nary Vann
20 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក បានសម្រេចបញ្ជូនកងទ័ពជំនាញចំនួន១០០នាក់ ទៅកាន់ភាគខាងជើងនៃប្រទេសនីហ្សេរីយ៉ា ដើម្បីចូលរួមក្នុងបេសកកម្មបង្ហាត់បង្រៀន និងផ្ដល់ប្រឹក្សាដល់កងកម្លាំងក្នុងស្រុក ខណៈការគំរាមកំហែងពីក្រុមប្រដាប់អាវុធជ្រុលនិយមដូចជាបូកូ ហារាម (Boko Haram) និងក្រុមពាក់ព័ន្ធជាមួយ ISIL (ISIS) កំពុងកើនឡើងគួរឱ្យព្រួយបារម្ភ...។

លោក សាំមៃឡា អ៊ូបា (Samaila Uba) អ្នកនាំពាក្យទីបញ្ជាការការពារជាតិនីហ្សេរីយ៉ា បានបញ្ជាក់ពីការមកដល់នៃកងទ័ពអាម៉េរិក កាលពីថ្ងៃទី១៦ ខែកុម្ភៈ នៅតំបន់បាអ៊ូឈី (Bauchi) ភាគឦសានប្រទេស។ អ្នកនាំពាក្យរូបនេះសង្កត់ធ្ងន់ថា កងទ័ពអាម៉េរិក នឹងផ្ដោតសំខាន់លើការផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស និងការចែករំលែកព័ត៌មានសម្ងាត់ ដើម្បីជួយដល់ការកំណត់គោលដៅ និងវាយកម្ចាត់អង្គការភេរវកម្មនានា។ ទោះជាយ៉ាងណាក៏ដោយ លោកបានបញ្ជាក់យ៉ាងច្បាស់ថា កងទ័ពអាម៉េរិក នឹងមិនចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធដោយផ្ទាល់នៅលើសមរភូមិឡើយ ប៉ុន្តែនឹងធ្វើការក្រោមការបញ្ជារបស់កងទ័ពនីហ្សេរីយ៉ា ដើម្បីចែករំលែកបទពិសោធបច្ចេកទេស និងប្រើប្រាស់បរិក្ខារយោធាទំនើបៗ ដែលអាម៉េរិកបានផ្ដល់ជូន។

ការបញ្ជូនកងទ័ពនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីមានហេតុការណ៍សម្លាប់រង្គាលដ៏រន្ធត់មួយកាលពីចុងសប្តាហ៍មុន ដោយក្រុមខ្មាន់កាំភ្លើងបានឆ្មក់វាយប្រហារភូមិចំនួន៣ នៅភាគខាងជើងនីហ្សេរីយ៉ា បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់៤៦នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតត្រូវបានចាប់ពង្រត់។ ក្នុងនោះ ភូមិកុនកូសូ (Konkoso) ក្នុងរដ្ឋនីហ្គ័រ (Niger) ជាកន្លែងដែលរងគ្រោះធ្ងន់ធ្ងរបំផុត ដោយមនុស្ស៣៨នាក់ត្រូវបានបាញ់សម្លាប់ និងខ្លះទៀតត្រូវបានអារកយ៉ាងសាហាវឃោរឃៅ។ វត្តមានរបស់កងទ័ពអាម៉េរិក ត្រូវបានគេរំពឹងថា នឹងជួយពង្រឹងសមត្ថភាពកងទ័ពនីហ្សេរីយ៉ា ក្នុងការទប់ស្កាត់អំពើហិង្សា និងការពារអធិបតេយ្យភាពជាតិ ក៏ដូចជាសុវត្ថិភាពរបស់ប្រជាពលរដ្ឋពីក្រុមភេរវករដែលកំពុងយាយី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត