អស់ពីធ្វើស៊ីវេណេហ្ស៊ុយអេឡា គំរាមវាយយកកូឡុំប៊ី និងចង់ក្តោបក្តាប់ហ្គ្រីនឡែន ពេលនេះ ដូណាល់ ត្រាំ គំរាមច្របាច់-កនីហ្សេរីយ៉ាបន្ថែមទៀត
ហៀប ស៊ីថេត
09 មករា 2026 03:46 AM

វ៉ាស៊ីនតោន៖ ក្រោយ ត្រាំ ចូលកាន់តំណែងលើកទីពីរនេះ ស្ថានការណ៍ពិភពលោកបានក្រឡាប់ចក្រ ព្រោះតែបងធំទី១កំពុងដើរលើគន្លងចក្រពត្តិនិយម និងកំពុងច្បាមយកប្រទេសសម្បូរទៅដោយកំណប់ធម្មជាតិមកគ្រប់គ្រង ត្រួតត្រា ជារដ្ឋចំណុះ។ បើកទំព័រឆ្នាំ២០២៦ ភ្លាម ត្រាំ បានវាយត្រួតត្រា បែបអាណានិគមសម័យទំនើបលើវេណេហ្ស៊ុយអេឡា និងប្រកាសវាយប្រហារកូឡុំប៊ីទៀត បើហ៊ានគឃ្លើន ខណៈហ្គ្រោអង់ឡង់ ឬហ្គ្រីនឡែន ក៏ស្ថិតក្នុងបញ្ជីរខ្មៅនៃផែនការត្រួតត្រារបស់សេតវិមានឥន្ទ្រីចំពុះដែកផងដែរ...។

មហិច្ឆតាចក្រពត្តិនិយមរបស់អាម៉េរិកមិនទាន់ចប់ឡើយ! មិនទាន់ចប់ក៏នៅត្រង់ថា លោក ដូណាល់ ត្រាំ បានគំរាមជាថ្មី លើការវាយប្រហារប្រទេសនីហ្សេរីយ៉ាបន្ថែមទៀត ប្រសិនបើគ្រិស្តបរិស័ទ ត្រូវបានសម្លាប់ក្នុងប្រទេសអាហ្រ្វិកមួយនេះ ធ្វើឱ្យនីហ្សេរីយ៉ាភ័យឡើងញ័រមាត់ប្រកែកថា មិនបានបញ្ជាឱ្យមានការធ្វើបែបនោះឡើយ។ នៅក្នុងបទអត្ថាធិប្បាយរបស់ ត្រាំ ជាមួយកាសែត New York Times ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី៨ ខែមករា មេដឹកនាំគិតប្រយោជន៍អាម៉េរិកជាធំនេះ បានអះអាងថា នីហ្សេរីយ៉ាអាចនឹងក្លាយជាចំណីរបស់ស្តេចឥន្ទ្រី ប្រសិនបើបណ្តោយឱ្យក្រុមគ្រីស្តបរិស័ទរងនូវការសម្លាប់បន្តទៀត។ កន្លងមក យោធាអាម៉េរិកបានអះអាងវាយប្រហារប្រឆាំងនឹងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនិយមនៅភាគពាយព្យនៃប្រទេស តាមសំណើរបស់រដ្ឋាភិបាលនីហ្សេរីយ៉ា។ ជាក់ស្តែង នីហ្សេរីយ៉ា បានបញ្ជាក់នៅពេលនោះថា ការវាយប្រហារ គឺជាប្រតិបត្តិការរួមគ្នា សំដៅលើក្រុមភេរវករ ហើយមិនមានអ្វីពាក់ព័ន្ធជាមួយសាសនាជាក់លាក់ណាមួយឡើយ។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

យ៉ាងណា លោក ត្រាំ បោះសម្ដី​ថា​៖«​ខ្ញុំ​ចង់វាយប្រហារតែមួយ​ដងប៉ុណ្ណោះ..ប៉ុន្តែ​ប្រសិន​បើ​ពួកគេ​បន្ត​សម្លាប់​គ្រិស្ត​សាសនិក វា​នឹងរងការវាយប្រហារជាច្រើន​ដង»។ ជាមួយគ្នានេះ លោក ត្រាំ ក៏បានផ្ញើសារបន្ថែមផងដែរថា៖«ខ្ញុំគិតថា..!ប្រជាជនម៉ូស្លីម ក៏ត្រូវបានសម្លាប់ផងដែរ នៅក្នុងប្រទេសនីហ្សេរីយ៉ា។ ហើយភាគច្រើន គឺជាគ្រិស្តបរិស័ទ!»។ គេនៅចាំបានថា កាលពីចុងខែតុលា ត្រាំ បានព្រមានជាលើកដំបូង ថា គ្រិស្តសាសនិកប្រឈមមុខនឹងការគំរាមកំហែងដែលមានស្រាប់ នៅក្នុងប្រទេសនីហ្សេរីយ៉ា ហើយបានគំរាមធ្វើអន្តរាគមន៍ផ្នែកយោធានៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ ជុំវិញអ្វីដែលលោកអះអាងថា ជាការបរាជ័យរបស់ខ្លួនក្នុងការបញ្ឈប់អំពើហិង្សាដែលផ្តោតលើសហគមន៍គ្រិស្តបរិស័ទ។ គួរជម្រាបថា ប្រជាជននីហ្សេរីយ៉ាជាង ២៣០លាននាក់ ត្រូវបានខណ្ឌចែកទីតាំងគ្នារស់នៅ ដោយគ្រិស្តបរិស័ទនៅតំបន់ភាគខាងត្បូង និងមូស្លីមនៅតំបន់ភាគខាងជើង។

មានសំណួរជាច្រើនចោទសួរថា តើនីហ្សេរីយ៉ា អាចមានជោគវាសនាដូចវេណេហ្ស៊ុអេឡាដែរឬទេ..? ព្រោះថា វេណេហ្ស៊ុយអេឡាបានក្លាយជាចំណីរបស់ស្តេចឥន្ទ្រីអាម៉េរិករួចទៅហើយ តាមរយៈការវាយប្រហារដ៏សាហាវព្រឺព្រួចលើរដ្ឋធានីការ៉ាកាស បន្ទាប់ពីយោធាអាម៉េរិក ចាប់មេបា គម្រាមកូនៗនៅក្នុងសំបុក ហើយត្រួតត្រាប្រទេសនេះ ក្រសោបយកធនធានរ៉ែប្រេងខ្មៅដែលមានតម្លៃបំផុតរបស់ពិភពលោក ធ្វើឱ្យវេណេហ្ស៊ុយអេឡាធ្លាក់ចូលទៅក្នុងកណ្តាប់ដៃបងធំពិភពលោកមួយនេះទាំងដេកឈឺចិត្តឆ្អិតទ្រូង។ ក្រៅពីវេណេហ្ស៊ុយអេឡា អាម៉េរិកក៏នៅព្រមានកម្ទេចប្រទេសកូឡុំប៊ីផងដែរ ក្រោមលេសនាំគ្រឿងញៀនចូលទឹកដីអាម៉េរិក។ យ៉ាងណា ក្រោយមានការសម្របសម្រួលពីមេដឹកនាំកូឡុំប៊ី ពេលនេះ ត្រាំ បានកោះហៅ លោក ហ្គូស្តាវ៉ូ ផេត្រូ (Gustavo Petro) ទៅទទួលប៊ឺហ្គើរនៅសេតវិមាន ដើម្បីផ្តល់សក្ខីកម្មផ្ទាល់មាត់ជាមួយខ្លួន។

បន្ទាប់ពីចោទមេដឹកនាំកូឡុំប៊ី ថា ជាឈ្មួញជួញដូរគ្រឿងញៀនដ៏ធំនាំចូលទៅកាន់ទឹកដីសហរដ្ឋអាម៉េរិក ហើយគំរាមប្រតិបត្តិការសឹកលើប្រទេសនេះ គេអាចមើលឃើញយុទ្ធសាស្ត្រ ត្រាំ ដែលបានដាក់ចេញលើប្រទេសណាមួយដែលខ្លួនចង់វាយប្រហារ គឺប្រើការទូតបើកផ្លូវ ហើយការចរចាមិនត្រូវ យុទ្ធសាស្ត្រយោធា​ជាអ្នកចេញមុខប្រតិបត្តិការភ្លាមៗតេម្តង។ ជាក់ស្តែង ប្រទេសវេណេហ្ស៊ុយអេឡា គឺជាទឡ្ហីករណ៍ដ៏ប្រត្យក្សមួយ។ មិនខុសគ្នាដែរទេ ការចង់ក្តោបក្តាប់យក កោះហ្គ្រីនឡែន ឬហ្គ្រោអង់ឡង់ ពីដៃប្រទេសដាណឺម៉ាក ក៏ស្តេចឥន្ទ្រីអាម៉េរិកប្រើយុទ្ធសាស្ត្របោះសម្តីគំរាមជាមុន ហើយអាចនឹងប្រើកម្លាំងយោធាជាក្រោយ ព្រោះស្តេចឥន្ទ្រីចំពុះដែកដែលជាបងធំពិភពលោកមួយនេះ តែងតែចិញ្ចឹមចិត្តលេបត្របាក់ដែនកោះសម្បូរទៅដោយធនធានរ៉ែធម្មជាតិដ៏មានតម្លៃមហាសាលមួយនេះ ដើម្បីចម្អែតក្រពះរបស់ខ្លួន។ 

មែនទែនទៅ អាម៉េរិកមិនដែលបោះបង់កម្លាំងយោធាចង់ដណ្តើមកាន់កាប់ដែនកោះទឹកកកមួយនេះនោះទេ ប៉ុន្តែដោយសារពិភពលោករិះគន់ខ្លាំងពេក ទើបសហរដ្ឋអាម៉េរិកបន្ទន់ឥរិយាបថ ដោយរដ្ឋបាល ត្រាំ ងាកមកប្រើលុយទិញយកវិញម្ដង។ តើអាចទៅរួចដែរទេ ដែលអាម៉េរិកចាយលុយចន្លោះពី១ម៉ឺនដុល្លារ ទៅ១០ម៉ឺនដុល្លារ ដើម្បីទិញទឹកចិត្តប្រជាជនរស់នៅលើកោះហ្គ្រីនឡែន? នេះបើយោងតាមប្រភព២ ដែលបានទម្លាយចេញ។ ទោះជាយ៉ាងណាក៏ដោយ យើងរង់ចាំមើលថា បើអាម៉េរិកប្រើយុទ្ធសាស្ត្រត្រជាក់មិនជោគជ័យ តើអាម៉េរិកមានផែនការយ៉ាងណាទៀត ដើម្បីយកកោះទឹកកកមួយនេះពីដៃដាណឺម៉ាក មកគ្រប់គ្រង ឬមួយក៏ប្រើកម្លាំងយោធាដណ្តើមយកដូច វេណេហ្ស៊ុយអេឡា..? សូមបញ្ជាក់ថា ក្រោយធ្វើស៊ីវេណេហ្ស៊ុយអេឡាបានសម្រេចដោយមិនចំណាយជីវិតយោធាសូម្បីម្នាក់ ត្រាំ ក៏ចង់ឆាបយកកោះហ្គ្រីនឡែន ឱ្យបានឆាប់តាមដែលអាចធ្វើបានផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត