
រដ្ឋធានីមូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានប្រកាសដាក់ចេញនូវបទឈប់បាញ់ជាមួយប្រទេសអ៊ុយក្រែនរយៈពេលខ្លីជាបណ្ដោះអាសន្ន ក្នុងអំឡុងពិធីបុណ្យអ៊ីស្ទើ (Easter) នៃសាសនាព្រះយេស៊ូគ្រិស្ត។ យោងតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង កាលពីថ្ងៃទី៩ ខែមេសា បទឈប់បាញ់នេះ នឹងចាប់ផ្ដើមអនុវត្តពីម៉ោង៤រសៀល ថ្ងៃទី១១ ខែមេសា រហូតដល់ដាច់ថ្ងៃទី១២ ខែមេសា (បើគិតទៅ មានរយៈពេល៣២ម៉ោង)។

ការសម្រេចចិត្តរបស់លោក ពូទីន កើតឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) បានស្នើឡើងនូវបទឈប់បាញ់នេះតាមរយៈសហរដ្ឋអាម៉េរិក កាលពីដើមសប្តាហ៍។ វិមានក្រឹមឡាំងបានបញ្ជាក់ថា អគ្គសេនាធិការកងទ័ពត្រូវបានណែនាំឱ្យផ្អាករាល់ប្រតិបត្តិការយោធានៅគ្រប់ទិសទីទាំងអស់ ប៉ុន្តែលោកក៏បានសង្កត់ធ្ងន់ថា កងទ័ពរុស្ស៊ីនៅតែត្រៀមខ្លួនជានិច្ចដើម្បីវាយបកវិញរាល់ការញុះញង់ណាមួយពីសំណាក់សត្រូវ។

សង្គ្រាមនៅអ៊ុយក្រែនដែលបានអូសបន្លាយអស់រយៈពេល៤ឆ្នាំមកនេះ បានឆក់យកជីវិតមនុស្សរាប់សែននាក់ និងធ្វើឱ្យមនុស្សរាប់លាននាក់បាត់បង់ទីជម្រក ហើយគេមើលឃើញថា សង្គ្រាមនេះ បានក្លាយជាជម្លោះដ៏សាហាវបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២។ កិច្ចចរចាសន្តិភាពកន្លងមកដែលដឹកនាំដោយសហរដ្ឋអាម៉េរិក មិនបានសម្រេចលទ្ធផលជាដុំកំភួនឡើយ ជាពិសេសនៅពេលដែលការចាប់អារម្មណ៍របស់រដ្ឋធានីវ៉ាស៊ីនតោន បានងាកចេញពីអ៊ុយក្រែន ទៅចាប់ដៃជាមួយអ៊ីស្រាអែល ធ្វើសង្គ្រាមរួមគ្នាទៅលើអ៊ីរ៉ង់។

ទោះបីជាមានបទឈប់បាញ់រយៈពេលខ្លីក៏ដោយ ប៉ុន្តែកិច្ចចរចាដើម្បីបញ្ចប់សង្គ្រាមទាំងស្រុងនៅតែស្ថិតក្នុងភាពជាប់គាំងដដែល ដោយសាររដ្ឋធានីមូស្គូ នៅតែទាមទារការកាត់ទឹកដី និងសម្បទាននយោបាយពីទីរដ្ឋធានីគីវ ខណៈលោក ហ្សេឡេនស្គី បានច្រានចោលយ៉ាងដាច់អហង្ការដោយចាត់ទុកថា ជាការបង្ខំឱ្យចុះចាញ់។ បទឈប់បាញ់ក្នុងឱកាសបុណ្យអ៊ីស្ទើរនេះ ត្រូវបានគេមើលឃើញថា គ្រាន់តែជាការផ្ដល់ដង្ហើមបណ្ដោះអាសន្នសម្រាប់មនុស្សធម៌ ក្នុងកណ្ដាលភ្នក់ភ្លើងសង្គ្រាមដែលមិនទាន់មានពន្លឺសន្តិភាពពិតប្រាកដនៅឡើយ៕




