
មជ្ឈិមបូព៌ា៖ ផ្កាយរណបរុស្ស៊ីបានស្ទង់មតិរូបភាពយ៉ាងលម្អិតរាប់សិបដង លើមូលដ្ឋានយោធា និងទីតាំងសំខាន់ៗពាសពេញមជ្ឈិមបូព៌ា ដើម្បីជួយអ៊ីរ៉ង់វាយប្រហារកងកម្លាំងសហរដ្ឋអាម៉េរិក និងគោលដៅសំខាន់ផ្សេងៗទៀត។ នេះបើយោងតាមការវាយតម្លៃស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែន ដែលចុះផ្សាយដោយកាសែតរ៉យទ័រនាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។

របាយការណ៍បានបញ្ជាក់ថា ក្រុមហេគ័រ[Hacker]របស់រុស្ស៊ី និងអ៊ីរ៉ង់ កំពុងសហការគ្នាក្នុងវិស័យបច្ចេកវិទ្យា។ នេះគឺជារបាយការណ៍លម្អិតបំផុតមិនធ្លាប់មាន អំពីរបៀបដែលរុស្ស៊ីបានផ្តល់ការគាំទ្រសម្ងាត់ដល់អ៊ីរ៉ង់ ចាប់តាំងពីអ៊ីស្រាអែល និងសហរដ្ឋអាម៉េរិក ចាប់ផ្តើមការវាយលុកកម្ទេចរបបតេហេរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ការវាយតម្លៃដែលមិនបានបញ្ជាក់កាលបរិច្ឆេទ បានបង្ហាញថា ផ្កាយរណបរុស្ស៊ីបានធ្វើការស្ទង់មតិយ៉ាងហោចណាស់២៤ដង លើតំបន់ក្នុងប្រទេសចំនួន១១ នៅមជ្ឈិមបូព៌ា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមីនា ដោយគ្របដណ្ដប់លើគោលដៅចំនួន៤៦ រួមមាន៖ មូលដ្ឋានយោធាអាម៉េរិក និងសម្ព័ន្ធមិត្ត ព្រមទាំងទីតាំងនានារួមមានអាកាសយានដ្ឋាន និងស្ថានីយប្រេង។

របាយការណ៍ដដែល បញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីការស្ទង់មតិ មូលដ្ឋានយោធា និងទីបញ្ជាការដ្ឋាននានា ត្រូវបានកំណត់គោលដៅដោយមីស៊ីលបាលីស្ទីក និងដ្រូនរបស់អ៊ីរ៉ង់ ដែលនេះគឺជាសក្ខីកម្មដ៏ច្បាស់លាស់មួយបង្ហាញថា រុស្ស៊ីកំពុងប្រើប្រព័ន្ធស៊ើបការណ៍សម្ងាត់របស់ពួកគេ ដោយបានបង្ហាញពីសកម្មភាពផ្កាយរណបរុស្ស៊ីខ្លាំងក្លានៅក្នុងតំបន់ ហើយរូបភាពទាំងនោះត្រូវបានចែករំលែកទៅឱ្យអ៊ីរ៉ង់។ ការស្ទង់មតិចំនួន៩ បានគ្របដណ្ដប់លើផ្នែកខ្លះនៃប្រទេសអារ៉ាប៊ីសាអូឌីត រួមទាំង៥ដងលើទីក្រុងយោធាឃីងខាលីត (King Khalid) ក្បែរតំបន់ហាហ្វារអាល់បាទីន (Hafar Al-Batin) ដែលមើលទៅហាក់ដូចជាកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកទីតាំងនៃប្រព័ន្ធការពារដែនអាកាស THAAD ផលិតដោយសហរដ្ឋអាម៉េរិក។ តំបន់ក្នុងប្រទេសតួកគី ហ្ស៊កដានី គុយវ៉ែត និងអារ៉ាប់រួម ក៏ស្ថិតនៅក្រោមការឃ្លាំមើលពីផ្កាយរណបរុស្ស៊ីចំនួន២ដងផងដែរ ខណៈទីតាំងក្នុងប្រទេសអ៊ីស្រាអែល កាតា អ៊ីរ៉ាក់ បារ៉ែន និងមូលដ្ឋានគាំទ្រកងទ័ពជើងទឹកឌីអេហ្គោហ្គាសៀ (Diego Garcia) ត្រូវបានធ្វើឡើងម្ដង។

របាយការណ៍អ៊ុយក្រែន បានបញ្ចេញខ្លឹមសារច្បាស់ៗថា ការផ្លាស់ប្ដូររូបភាពផ្កាយរណបកំពុងត្រូវបានរៀបចំឡើងតាមរយៈបណ្តាញទំនាក់ទំនងអចិន្ត្រៃយ៍ ដែលប្រើប្រាស់ដោយរុស្ស៊ី-អ៊ីរ៉ង់ ហើយត្រូវបានសម្របសម្រួលដោយចារកម្មយោធារុស្ស៊ីឈរជើងនៅរដ្ឋធានីតេហេរ៉ង់។ ប្រភពសន្តិសុខក្នុងតំបន់ បានបញ្ជាក់ពីហេតុការណ៍ជាក់លាក់មួយ លម្អិតនៅក្នុងការវាយតម្លៃរបស់អ៊ុយក្រែនថា ផ្កាយរណបរុស្ស៊ីបានថតរូបភាពមូលដ្ឋានទ័ពអាកាស Prince Sultan ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ប៉ុន្មានថ្ងៃមុនពេលអ៊ីរ៉ង់វាយប្រហារទីតាំងនេះ នៅថ្ងៃទី២៧ ខែមីនា ដោយបានបាញ់ចំយន្តហោះចារកម្មដ៏ទំនើបរបស់សហរដ្ឋអាម៉េរិក ដែលមានរហ័ស្សនាមថា «ភ្នែកទិព្វលើមេឃ» Boeing E-3 Sentry AWACS។ ការវាយតម្លៃបន្ថែមថា ផ្កាយរណបរុស្ស៊ី កំពុងស្ទង់មតិយ៉ាងសកម្មលើច្រកសមុទ្ទហ័រមូស្ស ជាផ្លូវទឹកដ៏សំខាន់សម្រាប់រំហូរប្រេង និងឧស្ម័នធម្មជាតិរាវចំនួន២០ភាគរយនៃពិភពលោក ខណៈទីនោះត្រូវបានអ៊ីរ៉ង់បិទខ្ទប់ចំពោះនាវាទាំងអស់ លើកលែងនាវាមិនមែនជាសត្រូវតែប៉ុណ្ណោះ៕




