មេដឹកនាំអ៊ីរ៉ង់ថ្មី បន្តលាក់ខ្លួនព្យាបាលរបួសផ្ទៃមុខ និងជើង ក្រោយរងគ្រាប់មីស៊ីលអាម៉េរិក
N
Nary Vann
15 ម៉ោងមុន

មជ្ឈិមបូព៌ា៖ ប្រភពជិតស្និទ្ធនឹងរង្វង់អំណាចកណ្តាលនៃរដ្ឋធានីតេហេរ៉ង់ បានបង្ហើបប្រាប់ភ្នាក់ងារសារព័ត៌មានរ៉យទ័រថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក មុចតាបា ខាមេណី (Mojtaba Khamenei) វ័យ៥៦ឆ្នាំ នៅតែបន្តសម្រាកព្យាបាលរបួសធ្ងន់ធ្ងរត្រង់ផ្ទៃមុខ និងជើង បន្ទាប់ពីរងការវាយប្រហារតាមអាកាសដែលបានសម្លាប់ឪពុកលោក កាលពីដើមសង្រ្គាម...។

លោក មុចតាបា ខាមេណី
លោក មុចតាបា ខាមេណី

របាយការណ៍នេះបានទម្លាយថា ផ្ទៃមុខរបស់លោកត្រូវបានខូចទ្រង់ទ្រាយ ហើយលោកអាចនឹងត្រូវបាត់បង់ជើងម្ខាង ឬទាំងសងខាង ក្នុងព្រឹត្តិការណ៍ទម្លាក់គ្រាប់បែកលើភូមិគ្រឹះមេដឹកនាំកំពូល កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ។ ទោះបីជាមានរបួសរាងកាយធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ប៉ុន្តែប្រភពបានអះអាងថា ស្មារតីរបស់លោកនៅតែរឹងមាំ និងមុតស្រួចដដែល ដោយលោកបានចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗតាមប្រព័ន្ធអនឡាញ ដើម្បីសម្រេចចិត្តលើបញ្ហាយុទ្ធសាស្ត្រធំៗ រួមទាំងការបញ្ជាសង្គ្រាម និងការចរចាសន្តិភាពជាមួយវ៉ាស៊ីនតោន នៅរដ្ឋធានីអ៊ីស្លាម៉ាបាដ។ រហូតមកដល់ពេលនេះ ទីតាំងស្នាក់នៅ និងស្ថានភាពពិតប្រាកដរបស់លោក នៅតែជាអាថ៌កម្បាំងសម្រាប់សាធារណជន ដោយគ្មានរូបភាព វីដេអូ ឬសំឡេងណាមួយត្រូវបានបញ្ចេញឡើយ ចាប់តាំងពីលោកត្រូវបានតែងតាំងជាអ្នកបន្តវេនពីឪពុក កាលពីថ្ងៃទី៨ ខែមីនា ដែលធ្វើឱ្យពលរដ្ឋអ៊ីរ៉ង់មានការសង្ស័យយ៉ាងខ្លាំង និងនាំគ្នាឆ្ងល់ថា «តើលោក មុចតាបា នៅឯណា?»

ខាងអ្នកវិភាគយល់ថា ទោះបីជាលោកអាចបន្តអំណាចពីគ្រួសារក៏ដោយ ប៉ុន្តែស្ថានភាពរបួស និងការដែលមិនទាន់មានបទពិសោធ អាចនឹងធ្វើឱ្យលោកពិបាកនឹងក្ដោបក្ដាប់អំណាចឱ្យណែនក្នុងដៃដូចកាលជំនាន់ឪពុករបស់លោកខ្លាំងណាស់។ ចំណែកឯក្រុមអ្នកគាំទ្ររដ្ឋាភិបាលវិញ បានលើកឡើងថា ការដែលលោកមិនទាន់បង្ហាញខ្លួន គឺជាយុទ្ធសាស្ត្រការពារសុវត្ថិភាពពីការតាមសម្លាប់របស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលតែប៉ុណ្ណោះ ហើយគេរំពឹងថា លោកអាចនឹងបង្ហាញមុខក្នុងរយៈពេល១ ឬ២ខែទៀត នៅពេលដែលរបួសបានធូរស្រាល និងសន្តិសុខមានសុវត្ថិភាពជាងនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត