ត្រាំ ប្រកាសក្ដែងៗ៖ អាម៉េរិកឈ្នះអ៊ីរ៉ង់បាត់ទៅហើយ ទោះចរចាមិនត្រូវគ្នាក៏មិនខ្វល់
N
Nary Vann
13 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកមិនសូវខ្វល់ខ្វាយពីលទ្ធផលនៃការចរចាសន្តិភាពជាមួយអ៊ីរ៉ង់នៅប្រទេសប៉ាគីស្ថាននោះទេ ដោយលោកអះអាងយ៉ាងជឿជាក់ថា សហរដ្ឋអាម៉េរិកបានឈ្នះសង្រ្គាមនេះរួចជាស្រេចទៅហើយ...។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

លោក ត្រាំ ថ្លែងយ៉ាងដូច្នេះថា៖«ទោះបីជាយើងសម្រេចបានកិច្ចព្រមព្រៀង ឬមិនបាន វាមិនខុសគ្នាទេសម្រាប់ខ្ញុំ! មូលហេតុគឺដោយសារយើងបានឈ្នះរួចទៅហើយ។ យើងកំពុងស្ថិតក្នុងកិច្ចចរចាយ៉ាងស៊ីជម្រៅជាមួយអ៊ីរ៉ង់ ប៉ុន្តែយើងនឹងឈ្នះទោះក្នុងស្ថានភាពណាក៏ដោយ ព្រោះយើងបានកម្ទេចអ៊ីរ៉ង់ឱ្យចុះខ្សោយផ្នែកយោធារួចទៅហើយ»។ ការលើកឡើងរបស់ ត្រាំ កើតឡើងចំពេលដែលកិច្ចចរចាកម្រិតខ្ពស់រវាងសហរដ្ឋអាម៉េរិក-អ៊ីរ៉ង់ នៅរដ្ឋធានីអ៊ីស្លាម៉ាបាដ បានឈានចូលដល់ថ្ងៃទីពីរ។ ក្នុងជំនួបដ៏កម្រនេះ អនុប្រធានាធិបតី លោក ជេឌី វ៉ាន់ (JD Vance) បានក្លាយជាមន្ត្រីជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាម៉េរិក ដែលបានជួបចរចាដោយផ្ទាល់ជាមួយមន្ត្រីអ៊ីរ៉ង់ ចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៧៩។ ទោះបីជាអ្នកសម្របសម្រួលប៉ាគីស្ថានយល់ថា បរិយាកាសនៃការចរចាមានភាពវិជ្ជមានក៏ដោយ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានចោទប្រកាន់ថា សហរដ្ឋអាម៉េរិកកំពុងដាក់លក្ខខណ្ឌហួសហេតុ ជាពិសេស ពាក់ព័ន្ធនឹងសន្តិសុខនៅច្រកសមុទ្ទហ័រមូស្ស។

ភាពតានតឹងកើនឡើងទ្វេដង នៅពេលដែលលោក ត្រាំ អះអាងថា សហរដ្ឋអាម៉េរិកបានបញ្ជូននាវាបោសសម្អាតមីនទៅកាន់ច្រកសមុទ្ទហ័រមូស្ស ដើម្បីបើកផ្លូវនាវាចរណ៍ឡើងវិញ បើទោះបីជាសហរដ្ឋអាម៉េរិកមិនសូវប្រើប្រាស់ច្រកនេះក៏ដោយ ព្រោះមានប្រទេសជាច្រើនទៀតដែលទន់ជ្រាយ ឬមានភាពកម្សោយ មិនហ៊ានចេញមុខដោះស្រាយ។ លោកក៏បានឆ្លៀតឱកាសរិះគន់សម្ព័ន្ធមិត្តណាតូសាជាថ្មីដែរថា ជាក្រុមដែលអន់ និងមិនបានជួយអ្វីដល់សហរដ្ឋអាម៉េរិកទាល់តែសោះ ក្នុងអំឡុងពេលសង្រ្គាម។ ភ្លាមៗ..ខាងយោធាអ៊ីរ៉ង់បានចេញមុខបដិសេធ និងព្រមានថា នឹងចាត់វិធានការយ៉ាងចាស់ដៃបំផុត ប្រសិនបើមាននាវាចម្បាំងសហរដ្ឋអាម៉េរិកណាមួយ ហ៊ានចូលមកក្នុងច្រកសមុទ្ទយុទ្ធសាស្ត្រមួយនេះ។

អ៊ីរ៉ង់បានបង្ហាញភាពម៉ឺងម៉ាត់ក្នុងកិច្ចចរចា ដោយបញ្ជូនគណៈប្រតិភូជាន់ខ្ពស់រហូតដល់៧០រូប ប៉ុន្តែលក្ខខណ្ឌសំខាន់ៗដូចជា ការដោះលែងទ្រព្យសម្បត្តិដែលត្រូវបានបង្កក និងការបញ្ឈប់សង្រ្គាមរបស់អ៊ីស្រាអែលនៅលីបង់ នៅតែជាចំណុចទាល់ច្រក ដ្បិតលោក ជេឌី វ៉ាន់ បានបញ្ជាក់ច្បាស់ថា បញ្ហាលីបង់មិនមែនជាប្រធានបទសម្រាប់យកមកជជែកនៅលើតុចរចានៅប៉ាគីស្ថានឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត