
រដ្ឋធានីអ៊ីស្លាម៉ាបាដ៖ ការចរចាកម្រិតខ្ពស់ជាប្រវត្តិសាស្ត្ររវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមរយៈពេល៦សប្តាហ៍ បានឈានដល់ការបញ្ចប់កិច្ចពិភាក្សាវគ្គដំបូងហើយ នៅព្រឹកថ្ងៃទី១២ ខែមេសានេះ បន្ទាប់ពីការជជែកដ៏តានតឹងអស់រយៈពេល១៤ម៉ោងរួចមកនោះ...។

នេះគឺជាជំនួបផ្ទាល់លើកដំបូងបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍ និងជាកិច្ចសន្ទនាកម្រិតខ្ពស់ ចាប់តាំងពីបដិវត្តន៍អ៊ិស្លាមឆ្នាំ១៩៧៩មក ខណៈលទ្ធផលនៃជំនួបនេះ នឹងកំណត់ជោគវាសនានៃបទឈប់បាញ់ដ៏ផុយស្រួយ និងការបើកច្រកសមុទ្ទហ័រមូស្សឡើងវិញ។ រដ្ឋាភិបាលអ៊ីរ៉ង់ បានបង្ហោះសារលើបណ្ដាញសង្គម X ថា ការចរចាបានបញ្ចប់ ហើយអ្នកជំនាញបច្ចេកទេសនៃភាគីទាំងពីរ កំពុងដោះដូរឯកសារគ្នា ប៉ុន្តែបានទទួលស្គាល់ថា ការខ្វែងគំនិតគ្នាមួយចំនួននៅតែបន្តមាន ទោះបីជាកិច្ចចរចានឹងត្រូវបន្តទៅមុខទៀតក៏ដោយ។

គណៈប្រតិភូសហរដ្ឋអាម៉េរិកដឹកនាំដោយអនុប្រធានាធិបតី លោក ជេឌី វ៉ាន់ (JD Vance) រួមទាំងលោក ចារេដ ឃូស្នឺ (Jared Kushner) និងលោក ស្ទីវ វីតខូហ្វ (Steve Witkoff) បានជួបពិភាក្សាជាមួយប្រធានសភាអ៊ីរ៉ង់ លោក ម៉ូហាម៉ាត់ បាកឺ កាលីបាហ្វ (Mohammad Baqer Qalibaf) និងរដ្ឋមន្ត្រីការបរទេស លោក អាបាស អារ៉ាក់ឈី (Abbas Araqchi) ក្នុងបរិយាកាសដែលប្រភពពីអ្នកសម្របសម្រួលប៉ាគីស្ថានបានពណ៌នាថា មានការប្រែប្រួលអារម្មណ៍ឡើងចុះ និងមានភាពក្ដៅគគុកយ៉ាងខ្លាំង។

ទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍ក្នុងជំនួបនេះ គឺគណៈប្រតិភូអ៊ីរ៉ង់បានស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅកាន់ទុក្ខចំពោះមេដឹកនាំកំពូល អាលី ខាមេណី (Ali Khamenei) និងបាននាំយកមកជាមួយនូវកាបូប និងស្បែកជើងរបស់សិស្សសាលា ដែលបានស្លាប់ក្នុងការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាម៉េរិក-អ៊ីស្រាអែល ដើម្បីដាក់សម្ពាធផ្លូវចិត្តលើភាគីវ៉ាស៊ីនតោន។ សហរដ្ឋអាម៉េរិក នៅមិនទាន់ចេញសេចក្ដីថ្លែងការណ៍ផ្លូវការណាមួយជុំវិញលទ្ធផល ឬចំណុចខ្វែងគំនិតដែលនៅសេសសល់នោះទេ ធ្វើឱ្យពិភពលោកបន្តតាមដានដោយក្ដីបារម្ភចំពោះស្ថិរភាពថាមពល និងសន្តិសុខសកល៕



