
រាជធានីភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌចាប់ខ្លួនមនុស្ស៣នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធអំពើឆបោក ក្រោមរូបភាពបន្លំជាភ្នាក់ងារធនាគារអេស៊ីលីដា ដើម្បីលួចយកលុយក្នុងគណនីពលរដ្ឋ...។

យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦នេះ បញ្ជាក់ថា ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងជំនាញបានប្រតិបត្តិការស្រាវជ្រាវ និងឈានដល់កំណត់បានមុខសញ្ញាមនុស្ស៣នាក់ រួមមាន៖ទី១៖ ឈ្មោះ សៀម ដាណែត, ទី២៖ ឈ្មោះ ខុន ប្រុសពេជ្រ, និងទី៣៖ ឈ្មោះ សាត វណ្ណី។ យ៉ាងណា តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ ពួកគេបានឱ្យដឹងថា ដំបូងឡើយ ជនសង្ស័យឈ្មោះ សែម ដាណែត បានរាវលេខបញ្ចូលទៅក្នុង APP ធនាគារអេស៊ីលីដា ក្រោយពីដឹងថា លេខទូរសព្ទប្រើប្រាស់គណនី អេស៊ីលីដា ក៏បានទូរសព្ទទៅជនរងគ្រោះ ដោយអះអាងថា ខ្លួនជាភ្នាក់ងារធនាគារអេស៊ីលីដា ហើយត្រូវធ្វើបច្ចុប្បន្នភាពគណនី។

បន្ទាប់ពីជនរងគ្រោះមានការជឿជាក់ ហើយជនសង្ស័យបានបញ្ចូលលេខជនរងគ្រោះម្ដងទៀត ទៅក្នុង APP ដើម្បីឱ្យក្រុមហ៊ុនទូរសព្ទ ផ្ញើលេខសម្ងាត់៦ខ្ទង់ (សារសម្ងាត់ OTP) ហើយយកលេខ៦ខ្ទង់បញ្ចូលទៅក្នុង APP គណនីរបស់ជនរងគ្រោះ។ ដើម្បីដកប្រាក់ពីគណនីបាន ជនសង្ស័យបានប្រើល្បិចថា អ្នកដែលប្រើប្រាស់សេវាអេស៊ីលីដា និងមានបន្ថែមទឹកប្រាក់លើកទឹកចិត្ត ហើយបង្គាប់ឱ្យជនរងគ្រោះ យកលេខសម្ងាត់៦ខ្ទង់ ទៅគុណនឹង៦ ចែកនឹង១០០ឃើញលទ្ធផលប៉ុន្មានឱ្យផ្ញើទៅពួកគេ។ ជនសង្ស័យ បានយកទៅចែកនឹង៦វិញ និងឃើញលេខសម្ងាត់របស់ជនរងគ្រោះ ហើយបានចូលទៅគ្រប់គ្រងគណនីតែម្ដង។

គូសបញ្ជាក់ផងដែរថា ក្រុមជនសង្ស័យទាំងនេះ គឺជាមុខសញ្ញាចាស់ដែលធ្លាប់ធ្វើសកម្មភាពបោកប្រាស់ជនរងគ្រោះជាច្រើននាក់ សរុបជាទឹកប្រាក់ខ្ទង់ម៉ឺនដុល្លារ។ ពួកគេតែងជួលបន្ទប់ខុនដូរស្នាក់នៅ ដើម្បីធ្វើសកម្មភាព ព្រោះមានសភាពស្ងប់ស្ងាត់ គ្មានសំឡេងរំខាន ប្រៀបដូចស្ថានភាពនៅក្នុងធនាគារ ដើម្បីឱ្យជនរងគ្រោះមានភាពជឿជាក់។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕




