ស្ត្រីទី១នៃកម្ពុជា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ចែកអំណោយជូនអ្នកធាក់ស៊ីក្លូនៃសមាគមមូលនិធិត្រីចក្រយានកម្ពុជា

រាជធានីភ្នំពេញ៖ ស្ត្រីទី១នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃអាទិត្យទី១២ ខែមេសា ឆ្នាំ២០២៦ នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់សមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជា ក្នុងកម្មវិធីសប្បុរសធម៌ សមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីអបអរសាទរពិធីសង្ក្រាន្តឆ្នាំថ្មី ដែលនឹងខិតជិតចូលមកដល់ឆាប់ៗខាងមុខនេះ...។

លោកជំទាវបណ្ឌិត បានសរសេរសារថ្លែងនៅលើគណនីហ្វេសប៊ុកផ្លូវការថា៖«ថ្ងៃនេះ នាងខ្ញុំមានអារម្មណ៍រំភើបរីករាយក្រៃលែង ព្រោះបានជួប សាកសួរសុខទុក្ខ និងចែកអំណោយដោយផ្ទាល់ជូនលោកតា លោកអ៊ំ លោកពូ ដែលជាសមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជា ក្នុងកម្មវិធីសប្បុរសធម៌របស់សមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីចែករំលែកក្ដីស្រឡាញ់ ក៏ដូចជាចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦»

គួរជម្រាបជូនផងដែរថា ដូចរៀងរាល់ឆ្នាំដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់សមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជា ដោយមានការរៀបចំពីសំណាក់ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិត្រីចក្រយានយន្តកម្ពុជា (មូលនិធិស៊ីក្លូ)៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត