ចាប់បញ្ជូនបុរសម្នាក់ទៅតុលាការ ក្រោយបន្លំជា​ប៉ូលិសផ្កាយ២ឆបោកលុយពលរដ្ឋ
ហាក់ អ៊ីឌី
16 ម៉ោងមុន

រាជធានីភ្នំពេញ៖ បុរសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឆបោកប្រាក់ជនរងគ្រោះ ក្រោមរូបភាពរត់ការចូលក្របខណ្ឌមន្ត្រីនគរបាលជាតិ។ នេះបើតាមការឱ្យដឹងពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦...។

យោងតាមរបាយការណ៍បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញផ្នែកឌីជីថល បានបើកការអង្កេតស្រាវជ្រាវ បង្រ្កាបករណីក្លែងបន្លំជាមន្រ្តីនគរបាលជាតិ មានឋានន្តរស័ក្តិផ្កាយ២ (ឧត្តមសេនីយ៍ទោ) ជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្វើសកម្មភាពឆបោកប្រាក់ជនរងគ្រោះ ក្រោមរូបភាពរត់ការចូលក្របខណ្ឌមន្ត្រីនគរបាលជាតិ ព្រមទាំងធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សាន់ វិចិត្រ ផងដែរ។ យ៉ាងណា តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចរកឃើញថា ជនសង្ស័យរូបនេះ ធ្វើការភូតកុហកជនរងគ្រោះឱ្យជឿថា ខ្លួនជាសមត្ថកិច្ចលើការងារបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និងឈានទៅដល់ការរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ ដល់ជនរងគ្រោះថែមទៀតផង។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់។ ជាមួយគ្នា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមជូនដំណឹងដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារការចាញ់បោកជនសង្ស័យខាងលើ សូមទៅដាក់បណ្ដឹងទាមទារសំណងទឹកប្រាក់ដែលបានបាត់បង់ពីជនស្ស័យនេះ នៅសាលាដំបូងរាជធានីភ្នំពេញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត