
ខេត្តរតនគិរី៖ បុរសបីនាក់ដែលកាប់ដើមសំរ៉ងខ្ចីរំលំ ដើម្បីប្រមូលផ្លែដោយខុសច្បាប់ ក្នុងសហគមន៍តំបន់ការពារធម្មជាតិអូរទុង នៃឧទ្យានជាតិវីរជ័យ ស្ថិតនៅចំណុចអូរចាណោះផាច ភូមិត្រាក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ត្រូវបានមន្រ្តីជំនាញបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។ នេះបើតាមការឱ្យដឹងពីមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទី១១មេសាម្សិលមិញ...។

មន្រ្តីបរិស្ថាន គូសបញ្ជាក់ថា កាលពីថ្ងៃទី១០មេសា មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តរតនគិរី សហការជាមួយគណ:កម្មការសហគមន៍តំបន់ការពារធម្មជាតិអូរទុង និងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកវើនសៃ ធ្វើការចុះល្បាត ទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមមាន៖ ឈ្មោះ ឆេវ បូ ឈ្មោះ ចាន់ គីឡា និងឈ្មោះ ពៅ ពិសី។ ចំពោះវត្ថុតាងដកហូតបាន មានដូចជា៖ ផ្លែសំរ៉ងខ្ចី ចំនួន៣ការ៉ុងស្មើនឹង៨០គីឡូក្រាម និងម៉ូតូ២គ្រឿង។ មន្រ្តីបរិស្ថានបន្ថែមថា យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ តាមមាត្រា៨៥០ ក្នុងចំណុច «គ» ការកាប់ ផ្តួល រំលំ គ្រៀវ ចងរិត បំពុល ធ្វើឱ្យរបួស ធ្វើឱ្យខូចខាត គាស់រម្លើង រុករាន ឬបំផ្លាញព្រៃឈើ និងរុក្ខជាតិព្រៃស្ថិតក្នុងចំណាត់ថ្នាក់ទី៥ និងទី៦ នៃចំណាត់ថ្នាក់ប្រភេទរុក្ខជាតិ ព្រៃ ដោយគ្មានការអនុញ្ញាត។

ក្នុងនោះ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០០លានរៀល ទៅ៥០០លានរៀល។ ចំណែក មាត្រា៨៥១ ក្នុងចំណុច «ខ» ចំពោះជនណា កាប់ ផ្តួល រំលំ គ្រៀវ ចងរិត បំពុល ធ្វើឱ្យរបួស ធ្វើឱ្យខូចខាត គាស់រម្លើង រុករាន ឬបំផ្លាញព្រៃឈើ និងរុក្ខជាតិព្រៃ ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី២ ដល់ទី៤ នៃចំណាត់ថ្នាក់ប្រភេទរុក្ខជាតិព្រៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ៕



