
រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសបិទផ្លូវចំនួន៦ខ្សែជាបណ្តោះអាសន្ន រយៈពេល៦ថ្ងៃ ដើម្បីរៀបចំព្រឹត្តិការណ៍នគរសង្រ្កាន្ត។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយកាលពីថ្ងៃទី១០មេសា ឆ្នាំ២០២៦។

សេចក្តីជូនដំណឹង បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ចំនួន ៦ទីតាំង រួមមាន នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ, សួនវឌ្ឍនៈ, ផ្លូវថ្មើរជើងចតុមុខ (Walk Street), ផ្សារទួលទំពូង, បាសាក់លែន និងសួនច្បារមុខវត្តបុទុមវតី ក្នុងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩មេសា ឆ្នាំ២០២៦។ ដើម្បីឱ្យព្រឹត្តិការណ៍ខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ អាជ្ញាធរមានសមត្ថកិច្ច នឹងបញ្ចៀសការធ្វើចរាចរណ៍នៅទីតាំងចំនួន៦។

១- ទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ នឹងបញ្ចៀសចរាចរណ៍ជុំវិញរង្វង់មូលរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។
២- ទីតាំងសួនវឌ្ឍនៈ នឹងបញ្ចៀសចរាចរណ៍កំណាត់រុក្ខវិថីព្រះមហាក្សត្រីយានី កុសុមៈ (ផ្លូវលេខ១០៦) និងរុក្ខវិថីឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ (ផ្លូវលេខ១០៨) ចាប់ពីមហាវិថីព្រះមុនីវង្ស រហូតដល់តីរវិថី ព្រះស៊ីសុវត្ថិ។
៣- ទីតាំងផ្លូវថ្មើរជើងចតុមុខ (Walk Street) នឹងបញ្ចៀសចរាចរណ៍កំណាត់តីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់រង្វង់មូលសម្តេចព្រះសង្ឃរាជ ជួន ណាត។
៤- ទីតាំងផ្សារទួលទំពូង នឹងបញ្ចៀសចរាចរណ៍ជុំវិញបរិវេណផ្សារទួលទំពូង និងផ្លូវលេខ១៥៥ ផ្លូវលេខ៤៥០ និងផ្លូវលេខ១៦៣។
៥- ទីតាំងបាសាក់លែន នឹងបញ្ចៀសចរាចរណ៍ជុំវិញបរិវេណទីតាំងបាសាក់លែន។
៦- ទីតាំងសួនច្បារមុខវត្តបុទុមវតី នឹងបញ្ចៀសចរាចរណ៍វិថីឧកញ៉ា ស៊ួ ស៊្រុន និងកំណាត់មហាវិថី សម្តេច សុធារស ចាប់ពីស្តុបនាគបាញ់ទឹក រហូតដល់វិថីឧកញ៉ា ឈុន (ផ្លូវលេខ២៤០)។

រដ្ឋបាលរាជធានី ស្នើឱ្យពលរដ្ឋទាំងអស់ បញ្ចៀសការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើ តាមកាលបរិច្ឆេទ ព្រោះអាចមានចរាចរណ៍មមាញឹកខ្លាំងដោយសារមធ្យោបាយបាយធ្វើដំណើររបស់អ្នកមកចូលរួមកម្មវិធី។ ដោយឡែក ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរណ៍ជាធម្មតាវិញ។

គួរជម្រាបថា ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នឹងមានរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើន ដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្ដែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើម ស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌៕



