
រាជធានីភ្នំពេញ៖ លោក សុង ហៃលាំង (Song Hailiang) ប្រធានក្រុមហ៊ុន China Communication Construction Company (CCCC) បានបង្ហាញនៅចំពោះមុខមេដឹកនាំកម្ពុជា អំពីបំណងចង់ដាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យថាមពលស្អាត កែច្នៃសំណល់ជាថាមពលអគ្គិសនី និងវិស័យមួយចំនួនផ្សេងទៀត។

លោក សុង ហៃលាំង បានចូលជួបពិភាក្សាការងារជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១០មេសា ឆ្នាំ២០២៦។ ប្រធានក្រុមហ៊ុនចិនដ៏ធំមួយនេះ បានជម្រាបជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ទាំងក្នុងប្រទេសកម្ពុជា និងលើសកលលោក។ លោកបញ្ជាក់ថា ក្រុមហ៊ុនប្ដេជ្ញាចិត្តយ៉ាងមុតមាំនឹងបន្តអនុវត្តគម្រោងនានានៅកម្ពុជាឱ្យសម្រេចបានជោគជ័យតាមផែនការដែលបានគ្រោងទុក ដោយធានាបានគុណភាព ជាមួយការទទួលខុសត្រូវចំពោះបរិស្ថាន និងសង្គម។ ទន្ទឹមនឹងការប្តេជ្ញាចិត្ត ប្រធានក្រុមហ៊ុនចិនរូបនេះ អះអាងថា ក្រុមហ៊ុនរបស់លោក មានបំណងស្វែងរកឱកាសវិនិយោគលើវិស័យថ្មីៗមួយចំនួនបន្ថែមទៀត រួមមាន ថាមពលស្អាត, ការគ្រប់គ្រង និងកែច្នៃសំណល់ជាថាមពលអគ្គិសនី, ការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកស្អាត និងការកសាងប្រព័ន្ធអេកូស៊ីឌីជីថល (Digital Ecosystem) ជាដើម។

សម្តេចនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ សម្ដេចធិបតី បញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជា«ឆ្អឹងខ្នង»នៃកំណើនសេដ្ឋកិច្ចជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជាផ្ដល់អាទិភាពខ្ពស់។ ទន្ទឹមនឹងនេះ សម្ដេច បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកកាលានុវត្តភាពក្នុងការពង្រីកការវិនិយោគថ្មីៗលើវិស័យនានានៅកម្ពុជា។ សម្ដេចថែមទាំងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តយកចិត្តទុកដាក់អនុវត្តគម្រោងដែលកំពុងមាន ឱ្យសម្រេចបានតាមផែនការគ្រោងទុក ដើម្បីរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

គួរជម្រាបថា ក្រុមហ៊ុន China Communication Construction Company គឺជាក្រុមហ៊ុនខ្នាតយក្សរបស់ប្រទេសចិន ក្នុងវិស័យវិស្វកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ ក្រុមហ៊ុននេះ មានឯកទេសខ្ពស់លើការសិក្សាប្លង់រចនា និងការសាងសង់ រួមមាន ផ្លូវថ្នល់ ស្ពាន កំពង់ផែទឹកជ្រៅ និងផ្លូវរថភ្លើងល្បឿនលឿន៕



