
ក្រុងព្រះសីហនុ៖ ភ្ញៀវទេសចរចម្រុះជាតិសាសន៍ បន្តទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅរាល់ពេលចូលដល់ទឹកដីកម្ពុជា ជាក់ស្តែង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ កម្ពុជាប្រកាសស្វាគមន៍នាវាទេសចរណ៍ មួយគ្រឿងឈ្មោះ VIKING VENUS ដែលបានចូលសំចតនៅខេត្តព្រះសីហនុ...។

នាវាទេសចរណ៍នេះ មានបណ្តោយជាង២២៨ម៉ែត្រ ទទឹងជាង២៨ម៉ែត្រ និងជម្រៅទឹកជាង៦ម៉ែត្រ សញ្ជាតិ NORWAY បានចូលដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណងទស្សនាប្រទេសកម្ពុជារយៈពេល២ថ្ងៃ។ នាវាទេសចរណ៍មួយនេះ មាននាវិកចំនួន៤៧០នាក់ មាន៤២សញ្ជាតិ រួមដំណើរដោយភ្ញៀវទេសចរ ៨៦១នាក់ ភាគច្រើនមានសហរដ្ឋអាម៉េរិក។គួរកត់សម្គាត់ថា គ្រប់ការអញ្ជើញមកដល់កម្ពុជា តាមនាវារបស់ភ្ញៀវទេសចរសុទ្ធតែទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីមន្រ្តីពាក់ព័ន្ធនៅខេត្តព្រះសីហនុ ខណៈការការពារសន្តិសុខ សណ្ដាប់ធ្នាប់សម្រាប់ភ្ញៀវទេសចរ ត្រូវបានចាត់ទុកជារឿងសំខាន់។

ការចូលចតនៃនាវាទេសចរណ៍ខ្នាតធំជាបន្តបន្ទាប់ ជាការបង្ហាញទៅកាន់ពិភពលោកថា កម្ពុជា..គឺជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងភាពទាក់ទាញបំផុត។ ជាក់ស្តែង ត្រឹមរយៈពេលជិត២ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាបានស្វាគមន៍នាវាទេសចរណ៍ខ្នាតយក្សចំនួន៨គ្រឿង ដឹកភ្ញៀវមកកម្សាន្តជាង១ម៉ឺននាក់៕










