
រដ្ឋធានីអ៊ិស្លាម៉ាបាដ៖ ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះកិច្ចចរចាសន្តិភាពកម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៧៩ រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ដែលប្រព្រឹត្តទៅនៅរដ្ឋធានីអ៊ិស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦។ ទោះបីជាមានបទឈប់បាញ់រយៈពេល២សប្តាហ៍ ដែលប្រកាសដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដោយ ក៏ដំណើរការចរចានេះហាក់ស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ។

ភាគីអ៊ីរ៉ង់ ដឹកនាំដោយប្រធានសភា លោក ម៉ូហាម៉ាត់ បាកឺ កាលីបាហ្វ (Mohammad Baqer Qalibaf) និងរដ្ឋមន្ត្រីការបរទេស លោក អាបាស អារ៉ាក់ឈី (Abbas Araqchi) រួមជាមួយសមាជិកប្រតិភូដល់ទៅប្រមាណ៧០នាក់ឯណោះទៀត។ ចំណែកភាគីអាម៉េរិក ដឹកនាំដោយអនុប្រធានាធិបតី លោក ជេឌី វ៉ាន់ (JD Vance) រួមទាំងលោក ចារេដ ឃូស្នឺ (Jared Kushner) និងលោក ស្ទីវ វីតខូហ្វ (Steve Witkoff)។ ប៉ាគីស្ថានត្រូវបានដាក់ក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់ ដោយមានកងទ័ព និងកងកម្លាំងរាប់ពាន់នាក់ ដើម្បីធានាសុវត្ថិភាពដល់ជំនួបជាប្រវត្តិសាស្ត្រមួយនេះ។

ទោះបីជាភាគីទាំង២ចូលតុចរចា ប៉ុន្តែហាក់មានគម្លាតគ្នាឆ្ងាយខ្លាំង ព្រោះតំណាងអ៊ីរ៉ង់បានបញ្ជាក់ថា ការចរចាមិនអាចចាប់ផ្តើមបានឡើយ លុះត្រាតែអាម៉េរិកឈប់បង្កកទ្រព្យសម្បត្តិដែលជាប់ទណ្ឌកម្ម និងដាក់បញ្ចូលបទឈប់បាញ់នៅលីបង់ទៅក្នុងកិច្ចព្រមព្រៀង។ ជាមួយគ្នានេះ សេតវិមានហាក់បង្ហាញក្ដីសង្ឃឹមតិចតួចចំពោះលទ្ធផលនៃកិច្ចចរចា ជាពិសេសលើការបើកច្រកសមុទ្ទហ័រមូស្សឡើងវិញ។ លោក ជេឌី វ៉ាន់ បានព្រមានថា អាម៉េរិកនឹងមិនអត់ឱនឡើយ ប្រសិនបើអ៊ីរ៉ង់ព្យាយាមលេងល្បិច ក្នុងពេលចរចា៕




