ទោះអ៊ីរ៉ង់ព្រម ឬមិនព្រម ត្រាំ ប្តេជ្ញាបើកច្រកសមុទ្ទហ័រមូស្សឱ្យខាងតែបាន
ហៀប ស៊ីថេត
15 ម៉ោងមុន

​រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ប្តេជ្ញាថានឹងធ្វើឱ្យច្រកសមុទ្ទហ័រមូស្សបើកដំណើរការឡើងវិញ ទោះបីជាមាន ឬមិនមានកិច្ចសហប្រតិបត្តិការពីអ៊ីរ៉ង់ក៏ដោយ ហើយអាទិភាពចម្បងរបស់លោកនៅក្នុងកិច្ចចរចាសន្តិភាព គឺការធានាឱ្យបានថា រដ្ឋធានីតេហេរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែឡើយ។

លោក ត្រាំ បានចាត់តាំងអនុប្រធានាធិបតី លោក ជេឌី វ៉ាន់ (JD Vance) ឱ្យទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បីជួបជាមួយមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ក្នុងគោលបំណងឈានទៅរកកិច្ចព្រមព្រៀងសន្តិភាព បន្ទាប់ពីមានបទឈប់បាញ់រយៈពេល២សប្តាហ៍ ដែលត្រូវបានព្រមព្រៀងគ្នាកាលពីថ្មីៗនេះ។ «យើងនឹងបើកតំបន់ឈូងសមុទ្ទឡើងវិញ ទោះបីជាមាន ឬមិនមានពួកគេក៏ដោយ។ ខ្ញុំគិតថា វានឹងប្រព្រឹត្តទៅយ៉ាងឆាប់រហ័ស ហើយប្រសិនបើវាមិនអ៊ីចឹងទេ យើងនឹងមានលទ្ធភាពបញ្ចប់វាដោយខ្លួនឯង។ យើងនឹងបើកច្រកនោះឱ្យបានឆាប់ៗនេះ»។ នេះជាសម្តីដ៏មុតស្រួចរបស់លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាន។

សូមជម្រាបថា ការបើកច្រកសមុទ្ទឡើងវិញ នឹងក្លាយជាប្រធានបទដ៏សំខាន់នៅក្នុងកិច្ចចរចាសន្តិភាពនៅរដ្ឋធានីអ៊ិស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។ យ៉ាងណា នៅពេលត្រូវបានសួរថា តើកិច្ចព្រមព្រៀងដ៏ល្អមួយមានលក្ខណៈបែបណា...? លោក ត្រាំ បានឆ្លើយតបថា៖«...គឺអ៊ីរ៉ង់គ្មានអាវុធនុយក្លេអ៊ែ។ ចំណុចនេះ គឺ៩៩ភាគរយនៃកិច្ចព្រមព្រៀងហើយ»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត