បទឈ.ប់.បា.ញ់នៅមជ្ឈិមបូព៌ា ជាអន្ទាក់មរណៈរៀបចំដោយចៅហ្វាយសេតវិមាន ឬយ៉ាងណា?
ហៀប ស៊ីថេត
13 ម៉ោងមុន

បទយ​កការណ៍៖ ពពករសាត់បាំងបិទព្រះសុរិយា ផ្ទៃមេឃក៏ប្រែជាស្រទំមួយរំពេច ប៉ុន្តែបរិយាកាសនៅទូទាំងតំបន់មជ្ឈិមបូព៌ា បែរជាបន្តក្ដៅស្អុះស្អាប់ហួសនឹងបរិយាយនៅក្នុងតំបន់វាលខ្សាច់ដែលជោគជាំដោយទឹកលោហិត។ សំឡេងគ្រហឹមនៃយន្តហោះចម្បាំង និងសម្រែកមីស៊ីលដែលធ្លាប់តែស្រែកស្ទើររហែកអាកាសា បានប្រែទៅជាស្ងប់ស្ងាត់ ចំណែកច្រកសមុទ្ទហ័រមូស្សដែលធ្លាប់តែមានរលកធំៗ បោកបក់គ្រាំៗ ក៏ប្រែទៅជាស្ងប់ឈឹងគួរឱ្យខ្លាច ស្នូរនៃសំឡេងគ្រាប់កាំភ្លើងនៅតែបន្តលាន់ឡើងទ្រហឹងដូចលាចផ្ទុះ ហាក់ដូចជាតូរ្យតន្ត្រីមរណៈ ដែលកំពុងដេញតាមចង្វាក់ភ្លេងមច្ចុរាជតាក់តែងឡើងដោយមហាអំណាចអាម៉េរិក។ តើបទឈប់បាញ់មួយដង្ហើមចង្រិតរវាងអាម៉េរិក-អ៊ីរ៉ង់ ជាពន្លឺសន្តិភាពពិតប្រាកដ ឬគ្រាន់តែជាល្បែងអុកយុទ្ធសាស្ត្រដ៏គ្រោះថ្នាក់របស់ចៅហ្វាយសេតវិមាន ដូណាល់ ត្រាំ ទេ...?

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

នៅពីក្រោមកម្រាលព្រំពណ៌ក្រហមដ៏ទាក់ទាញនៃកិច្ចចរចាបទឈប់បាញ់ មានអ្នកវិភាគភូមិសាស្ត្រនយោបាយអន្តរជាតិមួយចំនួន មើលឃើញពីល្បែងនយោបាយថ្មីមួយដែលគេឱ្យឈ្មោះថា«បទឈប់បាញ់ផ្លេកបន្ទោរ»។ ផ្លេកបន្ទោរ ក៏ព្រោះតែវាជានយោបាយថ្ពិនភ្នែកមួយ ដែលចៅហ្វាយសេតវិមានដើរតួជាអ្នកគាំទ្រសន្តិភាព និងការបន្ធូរបន្ថយរលកកម្តៅយោធា ប៉ុន្តែធាតុពិតជាក់ស្តែង វាបានផ្ទុយគ្នាស្រឡះ នោះក៏ព្រោះតែយុទ្ធសាស្ត្រទ្វេមុខរបស់លោក ដូណាល់ ត្រាំ កំពុងសម្ដែងជាតួរឯកចិត្តល្អក្នុងការផ្សះផ្សាស្តារបញ្ហាសង្គ្រាមជាមួយអ៊ីរ៉ង់ ដើម្បីសម្រាលសម្ពាធពីសហគមន៍អន្តរជាតិ និងថ្ពិនភ្នែកសាធារណៈមតិ ប៉ុន្តែមុខម្ខាងទៀតកំពុងសម្លឹង និងបើកដៃឱ្យសម្ព័ន្ធមិត្តដែកថែបអ៊ីស្រាអែល បន្តប្រតិបត្តិការយោធាដោយសេរីលើប្រទេសលីបង់ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រដ្ឋធានីតេហេរ៉ង់ ទន្ទឹមនឹងរដ្ឋធានីហ្ស៊េរុយសាឡិម ប្រកាសពីការត្រៀមកម្ទេចអ៊ីរ៉ង់គ្រប់វិនាទីផងដែរ។

បែបនេះហើយ ទើបបទឈប់បាញ់រយៈពេល២សប្តាហ៍ ត្រូវបានគេមើលឃើញថា អាចជាអន្ទាក់នយោបាយដ៏គ្រោះថ្នាក់បំផុតមួយសម្រាប់អ៊ីរ៉ង់ និងសម្ព័ន្ធមិត្ត ក្រោមការគូសវាសពីចៅហ្វាយសេតវិមាន។ ដ្បិតសហរដ្ឋអាម៉េរិក សុខចិត្តដកអាវុធចេញពីដៃ ប៉ុន្តែអនុញ្ញាតឱ្យម្រាមដៃសម្ព័ន្ធមិត្តអ៊ីស្រាអែល ដាក់ចូលប្រអប់រន្ធកៃកាំភ្លើងបន្តបាញ់ប្រហារគ្មានត្រាប្រណី។ បទឈប់បាញ់ មិនស្មើភាពគ្នានេះ កំពុងធ្វើឱ្យអ៊ីរ៉ងភ្ញាក់ខ្លួន និងស្ថិតក្នុងស្ថានភាព«ចុះទឹកជួបក្រពើ ឡើងលើជួបខ្លា» ដែលកំពុងតាមប្រមាញ់ចំណី។ ផ្ទៃទឹកនៅចន្លោះប្រទេសអូម៉ង់ និងអ៊ីរ៉ង់ កំពុងឈានទៅរកភាពល្អក់កករដល់បាតសាជាថ្មី ព្រោះពេលនេះ មិនមែនមានតែសហរដ្ឋអាម៉េរិកទេ ដែលបញ្ជូនយោធាទៅធ្វើជាភ្នែកច្រមុះនៅច្រកសមុទ្ទនេះ ប៉ុន្តែបារាំងដែលជាមហាអំណាចនៅតំបន់អឺរ៉ុប ក៏បានប្រកាសពីផែនការនាំសម្ព័ន្ធមិត្តប្រមាណ១៥ប្រទេសបន្ថែមទៀតឆ្ពោះសំដៅទៅកាន់ច្រកសមុទ្ទហមូស្ស ដែលជាសរសៃឈាមបេះដូងនៃចរន្តសេដ្ឋកិច្ចពិភពលោក ប្រជែងជាមួយសហរដ្ឋអាម៉េរិកផងដែរ។

ច្រកសមុទ្ទដ៏តូចចង្អៀត ប៉ុន្តែប្រមូលផ្តុំដោយកម្លាំងយោធាមកពីគ្រប់តំបន់ទាមតារចង់គ្រប់គ្រង តើជោកវាសនាច្រកសមុទ្ទហ័រមូស្សនឹងទៅជាយ៉ាងណា? ថ្វីដ្បិតច្រកសមុទ្ទហ័រមូស្សជាបំពង់ខ្យល់អ៊ុកស៊ីសែន២០ភាគរយនៃតម្រូវការឥន្ធនៈសកល ប៉ុន្តែសកម្មភាពប្រជែងរបស់ប្រទេសមហាអំណាចចង់ដណ្តើមយកមកគ្រប់គ្រងបែបនេះ អាចនឹងធ្វើឱ្យបញ្ហាដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកសមុទ្ទមួយនេះ កាន់តែពិបាក ហើយវាក៏នឹងក្លាយជាគ្រប់អុកភូមិសាស្ត្រនយោបាយថ្មី ដែលសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប ប្រជែងគ្នាត្រួតត្រា។ បើដូច្នេះមែន តើអ៊ីរ៉ង់អាចក្តោបក្តាប់វាបានដូចពេលមុនទៀតឬយ៉ាងណា? ហើយថាតើឱបាយកលមួយនេះ អ៊ីរ៉ង់បានត្រៀមខ្លួនទប់ទល់កម្រិតណា? ការបង្ហាញវត្តមានកងទ័ពជើងទឹកអឺរ៉ុបនៅច្រកសមុទ្ទហ័រមូស្ស មិនមែនជារឿងចៃដន្យទេ! មិនចៃដន្យ ក៏ព្រោះតែប្លុកនេះកំពុងមានភាពរកាំរកូសខ្លាំងជាមួយចៅហ្វាយសេតវិមាន ដូច្នេះ ផែនការការបញ្ជូនទ័ពទៅច្រកសមុទ្ទហ័រមូស្ស អាចជាយុទ្ធសាស្ត្រ «អកពួនចាប់ត្រី» របស់អឺរ៉ុបផងក៏ថាបាន ដើម្បីបង្កើតឥទ្ធិពលខ្លួននៅមជ្ឈិមបូព៌ា ដោយមិនចាំបាច់ដើរតាមស្រមោលសហរដ្ឋអាម៉េរិក។  

រូបភាពវិភាគដោយ៖ អេអាយ
រូបភាពវិភាគដោយ៖ អេអាយ

សំណួរជាច្រើនកំពុងត្រូវបានជជីកសួរថា តើផែនការនេះ គឺជាការប្រកួតប្រជែងឥទ្ធិពលពិតប្រាកដរវាងមហាអំណាចសហរដ្ឋអាម៉េរិក ជាមួយសហភាពអឺរ៉ុប ឬយ៉ាងណា..? ឬគ្រាន់តែជាល្បែងសៀករហ័សកម្មថ្ពិនភ្នែកកម្រិតខ្ពស់ ដើម្បីបោកបញ្ឆោតមេដឹកនាំអ៊ីរ៉ង់ឱ្យធ្លាក់ក្នុងអន្ទាក់មរណៈ ដែលលោក ដូណាល់ ត្រាំ រៀបចំទុក...? អ្នកវិភាគភូមិសាស្ត្រនយោបាយអន្តរជាតិមួយចំនួន បង្ហាញតម្រុយថា ការឈានជើងចូលជាន់ទឹកដីអ៊ីរ៉ង់ពីសំណាក់សហភាពអឺរ៉ុប ហាក់ដូចជាកំពុងផ្តល់ខ្យល់ដង្ហើមក្លែងក្លាយដល់ពិភពលោក ព្រោះវាអាចជាល្បែងចិត្តសាស្ត្រនយោបាយដែលធ្វើឱ្យអ៊ីរ៉ង់ មានអារម្មណ៍កក់ក្ដៅ ដោយយល់ថា សហភាពអឺរ៉ុប ដែលព្យាយាមរារាំងប្រឆាំងសហរដ្ឋអាម៉េរិកក្នុងសង្គ្រាមប្រឆាំងខ្លួននោះ ជាមិត្តអាចឱ្យអ៊ីរ៉ង់ពឹងពាក់ស្នាក់អាស្រ័យ នាពេលអនាគត។ នេះជាការគិតផ្ទុយស្រឡះទាំងស្រុង សហរដ្ឋអាម៉េរិក-អ៊ីស្រាអែល អាចនឹងដើរតួជាអ្នកគាបសង្កត់អ៊ីរ៉ង់ពីខាងក្រៅ ចំណែកសហភាពអឺរ៉ុប អាចដើរតួជាអ្នកចូលទៅគ្រប់គ្រងពីខាងក្នុងក៏ថាបាន ព្រោះសម្ព័ន្ធមិត្តទាំងពីនេះស្ថិតក្នុងអង្គការណាតូដូចគ្នា។

ដ្បិតថា ភាពខ្វែងគំនិតគ្នារវាងរដ្ឋធានីប៉ារីស និងវ៉ាស៊ីនតោន ជុំវិញសង្គ្រាមនៅមជ្ឈិមបូព៌ាកើតមានឡើងក៏ពិតមែន ប៉ុន្តែចំណុចគួរឱ្យសង្ស័យក៏មានច្រើនដែរ សម្រាប់សម្ព័ន្ធមិត្តមហាអំណាចយោធាទាំងពីរ​។ ពួកគេមានការប្រកួតប្រជែងឥទ្ធិពលគ្នា ប៉ុន្តែក្នុងក្របខណ្ឌសន្តិសុខសកល និងសេដ្ឋកិច្ច ការដែលសហភាពអឺរ៉ុបចង់បង្ហាញវត្តមានផ្ទាល់នៅច្រកសមុទ្ទហ័រមូស្ស គឺកំពុងធ្វើឱ្យអ៊ីរ៉ង់ពិបាកបែងចែក និងកំណត់គោលដៅសត្រូវពិត ឬក្លែងក្លាយ។ ចុះបើរឿងពិតនៅពីក្រោយ សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ព្រួតដៃគ្នាគៀបអ៊ីរ៉ង់ដូចទឹកអំពៅវិញ តើមេដឹកអ៊ីរ៉ង់អាចរក្សាអំណាចស្តេចត្រាញ់គ្រប់គ្រងដង្ហើមចេញចូលនៃច្រកសមុទ្ទហ័រមូស្សបានទៀតដែរឬទេ..? ជាការពិត ប្រកែកមិនបាន ប្រសិនបើសហភាពអឺរ៉ុប-សហរដ្ឋអាម៉េរិក រៀបចំផែនការនេះប្រាកដមែន ច្បាស់ណាស់ថា ច្រកសមុទ្ទហ័រមូស្សនឹងលែងជាចំណាប់ខ្មាំង ដែលរដ្ឋធានីតេហេរ៉ង់អាចចាប់យកធ្វើជាចំណាប់ខ្មាំង ឬយកជាអាវុធយុទ្ធសាស្ត្រ ដើម្បីប្រើជាឈ្នាន់គំរាមបិទផ្លូវប្រេងពិភពលោកនេះទៀតហើយ។

សរុបមក រដ្ឋធានីតេហេរ៉ង់នឹងត្រូវបាត់បង់សិទ្ធិសម្រេចលើផ្លូវទឹកយុទ្ធសាស្ត្រ ដែលនៅកៀកមាត់ច្រកទ្វារផ្ទះរបស់ខ្លួននោះទៀតហើយ ឯសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល ក៏លែងបារម្ភខ្លាំងលើការគំរាមហែកបទឈប់បាញ់ចោលដែរ សម្ព័ន្ធមិត្តទាំងពីរ អាចនឹងបើកប្រតិបត្តិការវាយប្រហារអ៊ីរ៉ង់កាន់តែខ្លាំង ឬអាចនិយាយមួយបែបទៀតថា អ៊ីរ៉ង់អាចនឹងក្លាយជាវេណាហ្ស៊ុយអេឡាទី២មិនខាន។ ដង្ហើមប្រេង និងសេដ្ឋកិច្ចពិភពលោកអាចលែងមានការគំរាមកំហែងទៀតហើយ។ ដូច្នេះ កិច្ចព្រមព្រៀងបទឈប់បាញ់ និងវត្តមានយោធាអន្តរជាតិនៅច្រកសមុទ្ទហ័រមូស្ស មិនមែនជាសញ្ញានៃសន្តិភាពនោះទេ ប៉ុន្តែវាជាការរៀបចំសមរភូមិបែបថ្មី ដែលមានភាពស្ងប់ស្ងាត់ ប៉ុន្តែវាអាចរំលាយឥទ្ធិពលអ៊ីរ៉ង់ឱ្យអស់ពីតំបន់មជ្ឈិមបូព៌ា។ ជាទឡ្ហីករណ៍ បទឈប់បាញ់នៅមជ្ឈិមបូព៌ា គឺគ្រាន់តែជាអន្ទាក់មរណៈ ដែលរៀបចំឡើងយ៉ាងល្អិតល្អន់របស់ចៅហ្វាយសេតវិមាន ដូណាល់ ត្រាំ តែប៉ុណ្ណោះ៕

រូបភាពវិភាគដោយ៖ អេអាយ
រូបភាពវិភាគដោយ៖ អេអាយ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត