
មជ្ឈិមបូព៌ា៖ បទឈប់បាញ់រយៈពេល២សប្តាហ៍ដ៏ផុយស្រួយរវាងសហរដ្ឋអាម៉េរិក-អ៊ីរ៉ង់ បានបង្ហាញពីភាពតានតឹងថែមមួយកម្រិតទៀត មុនពេលភាគីទាំង២ ត្រូវចូលតុចាប់ដៃចរចានៅប្រទេសប៉ាគីស្ថាន ខណៈរដ្ឋធានីវ៉ាស៊ីនតោនបានចោទប្រកាន់រដ្ឋធានីតេហេរ៉ង់ថា រំលោភលើការសន្យាទាក់ទងនឹងច្រកសមុទ្ទហ័រមូស្ស ហើយអ៊ីស្រាអែលនៅតែបន្តវាយប្រហារយ៉ាងសន្ធាប់លើលីបង់ ជាអ្វីដែលអ៊ីរ៉ង់អះអាងថា ជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ដូចគ្នា...។

អ៊ីរ៉ង់មិនទាន់បង្ហាញសញ្ញាថា នឹងលើកលែងការបិទខ្ទប់ច្រកសមុទ្ទហ័រមូស្សនោះទេ ខណៈការបិទខ្ទប់នេះបន្តការរំខានយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានដល់ការផ្គត់ផ្គង់ថាមពលសកល។ រដ្ឋធានីតេហេរ៉ង់លើកឡើងថា ការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលលើលីបង់ គឺជាចំណុចរាំងស្ទះដល់ការបើកច្រកសមុទ្ទដ៏តូចចង្អៀតនេះ។ មែនទែនទៅ អ៊ីរ៉ង់ និងប៉ាគីស្ថាន អះអាងថា លីបង់គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់នេះ ហើយរដ្ឋធានីតេហេរ៉ង់ថែមទាំងបានបញ្ជាក់បន្ថែមទៀតថា លីបង់ និងសម្ព័ន្ធមិត្តផ្សេងទៀតរបស់អ៊ីរ៉ង់ មិនអាចបំបែកចេញពីបទឈប់បាញ់ណាមួយបានឡើយ ប៉ុន្តែអ៊ីស្រាអែលបានបោះសម្តីយ៉ាងឡូយថា វាមិនពាក់ព័ន្ធគ្នាឡើយ។

លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social ទាំងក្ដៅស្លឹកត្រចៀកថា៖«អ៊ីរ៉ង់កំពុងធ្វើការងារយ៉ាងអន់បំផុត អ្នកខ្លះអាចនិយាយថា ជាទង្វើគ្មានសច្ចធម៌ ក្នុងការបើកឱ្យមានរំហូរប្រេងឆ្លងកាត់ច្រកសមុទ្ទ។ អ្វីដែលកំពុងកើតឡើងនេះ វាមិនមែនជាកិច្ចព្រមព្រៀងដែលយើងបានព្រមព្រៀងគ្នាឡើយ!»។ ក្នុងន័យនេះ លោក ត្រាំ ចង់បញ្ជាក់ថា អ៊ីរ៉ង់ក្បត់សន្យាលើការបើកផ្លូវសមុទ្ទឱ្យមានការដឹកជញ្ជូនប្រេងឡើងវិញ ជាក់ស្តែង នាវាដឹកប្រេងចេញចូលបានតិចតួចបំផុត មិនដល់១០ភាគរយផង ដែលលោកមិនអាចទទួលយកបាន។ ក្នុងន័យជាភាសាការទូត លោកចង់រិះគន់ថា អ៊ីរ៉ង់កំពុងលេងល្បិច ឬមិនមានភាពស្មោះត្រង់ក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពថាមពលពិភពលោក។ នេះគឺជាការព្រមានដ៏មុតស្រួចរបស់ ត្រាំ មុនពេលចូលរចរចានៅប៉ាគីស្ថាន៕




