
រដ្ឋធានីវ៉ាស៊ីនតោន៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា កងទ័ព នាវាចម្បាំង យន្តហោះចម្បាំង រួមទាំងគ្រាប់រំសេវ និងអាវុធយុទ្ធភណ្ឌដ៏សន្ធឹកសន្ធាប់ នឹងបន្តស្ថិតនៅជុំវិញប្រទេសអ៊ីរ៉ង់ដដែល រហូតទាល់តែរដ្ឋធានីតេហេរ៉ង់អនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពឱ្យបានពេញលេញ...។

តាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គម Truth Social លោក ត្រាំ បានផ្ញើសារព្រមានយ៉ាងកាចសាហាវជាថ្មីម្ដងទៀត ថា ប្រសិនបើអ៊ីរ៉ង់ហ៊ានក្បត់ពាក្យសន្យាតែបន្តិច នោះលោកនឹងបញ្ជាឱ្យបើកការវាយប្រហារដ៏ធំបំផុតដែលពិភពលោកមិនធ្លាប់បានឃើញពីមុនមក។ លោកបញ្ជាក់ថា ការបាញ់បោះនឹងចាប់ផ្ដើមវិញក្នុងទ្រង់ទ្រាយធំជាងមុន និងខ្លាំងជាងមុន ដើម្បីកម្ទេចសត្រូវដែលកំពុងចុះខ្សោយស្រាប់ឱ្យរលាយបាត់រូបតែម្ដង។

ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងបទឈប់បាញ់នេះ កំពុងប្រឈមនឹងភាពរង្គោះរង្គើ បន្ទាប់ពីភាគីទាំងពីរមានការបកស្រាយខុសគ្នាស្រឡះ លើចំណុចស្នូលនៃកម្មវិធីនុយក្លេអ៊ែរ ដោយ លោក ត្រាំ អះអាងថា អ៊ីរ៉ង់បានយល់ព្រមបញ្ឈប់ការចម្រាញ់អ៊ុយរ៉ាញ៉ូម ខណៈប្រធានសភាអ៊ីរ៉ង់ លោក ម៉ូហាមេដ ហ្កាលីបាហ្វ (Mohammed Qalibaf) បានបដិសេធ និងអះអាងថា ពួកគេនៅតែមានសិទ្ធិចម្រាញ់អ៊ុយរ៉ាញ៉ូមបន្តទៀតក្រោមលក្ខខណ្ឌឈប់បាញ់។ ស្របពេលជាមួយគ្នានេះ អ៊ីរ៉ង់បានប្រកាសថា វាមិនសមហេតុផលឡើយ ក្នុងការបន្តចរចាសន្តិភាពជាមួយសហរដ្ឋអាម៉េរិក បន្ទាប់ពីសម្ព័ន្ធមិត្តអ៊ីស្រាអែល បើកការវាយប្រហារយ៉ាងសាហាវលើលីបង់ ដែលបានសម្លាប់មនុស្សរាប់រយនាក់។

មតិភាគច្រើនមើលឃើញថា ការដែលលោក ត្រាំ សម្រេចចិត្តរក្សាកម្លាំងយោធាពេញ ជុំវិញអ៊ីរ៉ង់ គឺជាយុទ្ធសាស្ត្រភ្ជង់កាំភ្លើងចរចា ដើម្បីបង្ខំឱ្យអ៊ីរ៉ង់គោរពតាមលក្ខខណ្ឌសហរដ្ឋអាម៉េរិកទាំងស្រុង ជាពិសេស គឺការធានាឱ្យបាននូវការបើកច្រកសមុទ្ទហ័រមូស្សជាអចិន្ត្រៃយ៍។ ប៉ុន្តែជាមួយនឹងការខ្វែងគំនិតគ្នាលើកម្មវិធីនុយក្លេអ៊ែរ និងភ្លើងសង្គ្រាមដែលកំពុងឆាបឆេះនៅលីបង់ ពិភពលោកកំពុងបារម្ភថា បទឈប់បាញ់ដែលទើបសម្រេចបាននេះ អាចនឹងរលាយរលត់ទៅវិញ ហើយជំនួសមកវិញនូវការផ្ទុះអាវុធទ្រង់ទ្រាយធំ ដូចអ្វីដែលលោក ត្រាំ បានព្រមានពីការបាញ់បោះ នឹងចាប់ផ្ដើមវិញកាន់តែខ្លាំងក្លា៕


