លោក ស៊ី បើកទ្វារទទួលមេដឹកនាំបក្សប្រឆាំងតៃវ៉ាន់ ហើយបង្ហាញការតាំងចិត្តឥតកែប្រែថា ជោគវាសនាតៃវ៉ាន់ ត្រូវសម្រេចដោយជនជាតិចិន
N
Nary Vann
12 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ ក្នុងជំនួបដ៏មានសារសំខាន់នៅវិមានប្រជាជន (Great Hall of the People) នាថ្ងៃទី១០ ខែមេសានេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានទទួលស្វាគមន៍លោកស្រី ចឹង លីវុន (Cheng Li-wun) ប្រធានគណបក្សគួមីនតាំង ជាបក្សប្រឆាំងធំបំផុតរបស់តៃវ៉ាន់ ក្នុងដំណើរទស្សនកិច្ចនៅចិន ដែលលោកស្រីហៅថាជាបេសកកម្មសន្តិភាព ដើម្បីកាត់បន្ថយភាពតានតឹងរវាងភាគីទាំងពីរ។

លោកស្រី Cheng Li-wun និងលោក ស៊ី ជីនពីង 
លោកស្រី Cheng Li-wun និងលោក ស៊ី ជីនពីង 

ក្នុងជំនួបនោះ លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់ថា បងប្អូនជនរួមជាតិនៅសងខាងច្រកសមុទ្រតៃវ៉ាន់ គឺជាជនជាតិចិនតែមួយ និងជាគ្រួសារតែមួយ ដែលប្រាថ្នាចង់បានសន្តិភាព និងការអភិវឌ្ឍរួមគ្នា។ លោក ស៊ី ជីនពីង បានថ្លែងថា ក្នុងពិភពលោកដែលកំពុងខ្វះសន្តិភាពដូចសព្វថ្ងៃ សន្តិភាពគឺជាវត្ថុដ៏មានតម្លៃបំផុត ហើយជោគវាសនានៃទំនាក់ទំនងឆ្លងច្រកសមុទ្រ ត្រូវតែស្ថិតនៅក្នុងដៃរបស់ប្រជាជនចិនដោយខ្លួនឯង។ លោកបានបញ្ជាក់ថា ប្រទេសចិនត្រៀមខ្លួនជាស្រេចក្នុងការបង្កើនការផ្លាស់ប្ដូរ និងកិច្ចសន្ទនាជាមួយគណបក្សនយោបាយនានា រួមទាំងបក្សគួមីនតាំងផងដែរ ក្រោមមូលដ្ឋាននយោបាយរួមមួយ គឺការប្រឆាំងនឹងឯករាជ្យភាពរបស់តៃវ៉ាន់ ដើម្បីធានាឱ្យបាននូវស្ថិរភាព និងអនាគតដ៏ភ្លឺស្វាងសម្រាប់ជំនាន់ក្រោយ។

ដំណើរទស្សនកិច្ចរបស់លោកស្រី ចឹង លីវុន កើតឡើងចំពេលរដ្ឋធានីប៉េកាំងបានបង្កើនសម្ពាធយោធាយ៉ាងខ្លាំងលើកោះតៃវ៉ាន់ ខណៈរដ្ឋាភិបាលចិននៅតែបន្តបដិសេធមិនចរចាជាមួយប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ជីងតេ (Lai Ching-te) ដោយចោទប្រកាន់ថា លោកជាបុគ្គលផ្តាច់ខ្លួន។ ស្របពេលជាមួយគ្នានេះ រដ្ឋបាលរបស់លោក ឡៃ បានអំពាវនាវឱ្យលោកស្រី ចឹង ប្រាប់ទៅរដ្ឋធានីប៉េកាំងឱ្យបញ្ឈប់ការគំរាមកំហែងយោធា និងគួរតែងាកមកចរចាជាមួយរដ្ឋាភិបាលដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនៅតៃប៉ិវិញ ទើបជាការប្រសើរ៕

  លោក ឡៃ ជីងតេ
  លោក ឡៃ ជីងតេ
ទីក្រុងនៃកោះតៃវ៉ាន់
ទីក្រុងនៃកោះតៃវ៉ាន់
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត