
រាជធានីតូក្យូ៖ ក្រសួងការពារជាតិជប៉ុន បានប្រកាសផែនការមហិច្ឆតាថ្មីមួយពីការបង្កើនចំនួនស្ត្រីក្នុងជួរកងទ័ពស្វ័យការពារឱ្យដល់១៣ភាគរយ នៅត្រឹមខែមីនា ឆ្នាំ២០៣៦ ជាការកើនឡើងពីចំនួនបច្ចុប្បន្នដែលមានត្រឹមតែ៩ភាគរយប៉ុណ្ណោះ...។

យុទ្ធនាការកេណ្ឌទ័ពស្ត្រីនេះ ធ្វើឡើងក្នុងគោលបំណងដោះស្រាយវិបត្តិខ្វះខាតកម្លាំងយោធាធ្ងន់ធ្ងរ ខណៈយុវជនជប៉ុនហាក់មិនសូវមានចំណាប់អារម្មណ៍ក្នុងការចូលបម្រើកងទ័ព ដោយសារបញ្ហាប្រាក់បៀវត្សរ៍ទាប និងលក្ខខណ្ឌការងារដ៏តឹងតែង។ ដើម្បីសម្រេចបាននូវគោលដៅនេះ ក្រសួងការពារជាតិ បានសន្យានឹងកែលម្អបរិយាកាសការងារ និងបរិក្ខារប្រើប្រាស់សម្រាប់ស្ត្រីនៅតាមបន្ទាយទ័ព និងនៅលើនាវាចម្បាំង រួមមានការសាងសង់បន្ទប់ទឹក និងកន្លែងស្នាក់នៅដាច់ដោយឡែកឱ្យបានសមរម្យ។ វិធានការនេះ ក៏ជាការឆ្លើយតបទៅនឹងរឿងអាស្រូវបៀតបៀនផ្លូវភេទដ៏ល្បីល្បាញកាលពីពេលថ្មីៗ ដែលបង្កឡើងដោយអតីតទាហានម្នាក់ឈ្មោះ រីណា ហ្គូណូយ Rina Gonoi ដែលបានប្រើប្រាស់បណ្ដាញសង្គម YouTube ទាមទារយុត្តិធម៌រហូតឈានដល់ការសម្របសម្រួលជាមួយរដ្ឋាភិបាលក្នុងឆ្នាំនេះ។ ការកែលម្អនេះ ត្រូវបានរំពឹងថា នឹងជួយផ្ដល់តុល្យភាពរវាងជីវិតការងារ និងជីវិតឯកជនសម្រាប់ទាហានស្ត្រី កាន់តែប្រសើរឡើង។

បច្ចុប្បន្ន កងទ័ពស្វ័យការពារជប៉ុនកំពុងប្រឈមមុខនឹងបញ្ហាខ្វះបុគ្គលិករហូតដល់១០ភាគរយនៃចំនួនសរុប២៥ម៉ឺននាក់ ដែលបណ្ដាលមកពីអត្រាកំណើតទាប ការថយចុះនៃចំនួនប្រជាជន និងទីផ្សារការងារ ដែលមានការប្រកួតប្រជែងខ្ពស់។ ស្របពេលជប៉ុនកំពុងបង្កើនកញ្ចប់ថវិកាការពារជាតិ ដើម្បីទប់ទល់នឹងមហិច្ឆតាទឹកដីរបស់ចិននៅក្នុងតំបន់ វត្តមានស្ត្រីកាន់តែច្រើនក្នុងជួរយោធា នឹងជួយនាំមកនូវទស្សនៈចម្រុះ និងបង្កើនប្រសិទ្ធភាពក្នុងបេសកកម្មជួយសង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជាកិច្ចការងារសង្គមផ្សេងៗ។ បើប្រៀបធៀបទៅនឹងសម្ព័ន្ធមិត្តណាតូ ដែលមានទាហានស្ត្រីជាមធ្យម១២ភាគរយ និងសហរដ្ឋអាម៉េរិកមានរហូតដល់១៨ភាគរយ ជប៉ុននៅតែត្រូវការកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យការពារជាតិដែលធ្លាប់តែគ្របដណ្ដប់ដោយបុរស៕





