
រាជធានីភ្នំពេញ៖ ស្ថិតលើទឹកដីកម្ពុជា កំពូលតារាសម្ដែងហូលីវូដ លោកស្រី អេនជេលីណា ជូលី (Angelina Jolie) បានជួបពិភាក្សាជាមួយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពាក់ព័ន្ធនឹងលើការពង្រឹងកិច្ចសហការក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍ ការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅកម្ពុជា...។

ក្នុងជំនួបនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ លោក ហួត ហាក់ និងលោកស្រីអេនជេលីណា ជូលី បានផ្លាស់ប្ដូរយោបល់អំពីការលើកកម្ពស់កិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ តាមរយៈសកម្មភាពនានាដូចជា ការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា សកម្មភាពការងារគាំទ្រសហគមន៍ សកម្មភាពគាំទ្រវិស័យវប្បធម៌ សិល្បៈ និងសង្គម ក៏ដូចការងារអភិរក្សធនធានធម្មជាតិ។ «ព្រោះមានក្ដីស្រឡាញ់ ដ៏ជ្រាលជ្រៅចំពោះប្រទេសកម្ពុជា និងប្រជាជនកម្ពុជា លោកស្រី អេនជេលីណា ជូលី ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោកម្នាក់ៗជាផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់» នេះជាទឹកចិត្តរបស់កំពូលតារាលំដាប់ពិភពលោករូបនេះ ដែលបង្ហាញក្នុងជំនួបជាមួយលោក ហួត ហាក់ ហើយត្រូវបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍។

គួរជ្រាបថា ពេលមកដល់កម្ពុជា លោកស្រី អេនជេលីណា ជូលី បានទៅធ្វើទស្សនកិច្ចនៅវិទ្យាល័យសំឡូត ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កាលថ្ងៃទី១មេសា ឆ្នាំ២០២៦ ក្នុងគោលបំណងស្វែងយល់ពីការសិក្សារបស់សិស្ស។ ទន្ទឹមគ្នា នៅថ្ងៃទី២មេសា លោកស្រី បន្តចុះពិនិត្យអគារមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ស្ថិតនៅក្រុងបាត់ដំបង។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតាមការអញ្ជើញរបស់តំណាងសមាគមហ្វាពន្លឺសិល្បៈ ដើម្បីស្នើឱ្យលោកស្រីជួយជួសជុលកែលម្អោងភាពយន្តចំណាស់ ដ៏ល្បីល្បាញនៅក្រុងបាត់ដំបង ដែលបន្សល់មកពីទសវត្សឆ្នាំ៦០៕







