
ក្រុងសៀមរាប៖ កម្ពុជាបាននិងកំពុងខិតខំធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ជំរុញឱ្យចរន្តភ្ញៀវទេសចរក្នុងរដូវកាលបៃតងឱ្យកាន់តែមានភាពប្រសើរឡើង ខណៈការរីកចម្រើននៃវិស័យទេសចរណ៍ជាមូលដ្ឋានគ្រឹះដ៏សំខាន់ នៃការរួមចំណែកក្នុងការជំរុញម៉ាក្រូសេដ្ឋកិច្ចរបស់ខ្លួន…។

នេះជាការបញ្ជាក់របស់លោក ហួត ហាត់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងព្រឹត្តិការណ៍សម្ដែងសិល្បៈអន្តរជាតិសៀមរាប-អង្គរ នៅសួនក្បែរព្រះរាជដំណាក់ក្រុងសៀមរាប កាលពីយប់ថ្ងៃទី១៥មីនា ឆ្នាំ២០២៥។ លោកគូសបញ្ជាក់យ៉ាងដូច្នេះថា៖«ក្រសួងទេសចរណ៍ កំពុងខិតខំធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ដើម្បីបំពេញបន្ថែមចរន្តភ្ញៀវទេសចរនារដូវកាលបៃតង (Green Season) តាមរយៈការទាក់ទាញទីផ្សារទេសចរណ៍មូស្លីម ពីបណ្តាប្រទេសអារ៉ាប់ និងមជ្ឈិមបូព៌ា រួមជាមួយការទាក់ទាញជើងហោះហើរត្រង់ពីបណ្តាប្រទេសដៃគូសំខាន់ៗផ្សេងទៀត»។ ការរីកចម្រើននៃវិស័យទេសចរណ៍ជាបន្តបន្ទាប់ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលបានរួមចំណែកក្នុងការជំរុញម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ រួមមាន៖ វិស័យឯកជនផងឱ្យកាន់តែរស់រវើកតាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ជាប្រភពបង្កើតការងារ ចំណូល និងចលករជំរុញសកម្មភាពសេដ្ឋកិច្ចសម្រេចបានកំណើនជាបន្តបន្ទាប់។

យ៉ាងណា លោករដ្ឋមន្ត្រីរំពឹងថា ព្រឹតិ្តការណ៍សម្ដែងសិល្បៈអន្តរជាតិសៀមរាប-អង្គរ នឹងអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ អរិយធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបទៅកាន់ប្រជាជនកម្ពុជា និងប្រជាជននៅទូទាំងពិភពលោក ហើយនឹងមានការចូលរួមផ្សព្វផ្សាយកាន់តែខ្លាំងក្លាពីគ្រប់ភាគីពាក់ព័ន្ធអំពីអត្តសញ្ញាណ សិល្បៈ វប្បធម៌កម្ពុជា ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ដែលនឹងក្លាយជាចលករដ៏សំខាន់ ក្នុងការជំរុញណើនទេសចរមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត ពិសេសគោលដៅបេតិកភណ្ឌពិភពលោកសៀមរាប-អង្គរ។ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា រដ្ឋបាលខេត្តបានលើកទិសដៅជំរុញ និងលើកទឹកចិត្តដល់ការវិនិយោគ បង្កើតផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗផ្សារភ្ជាប់ជាមួយសក្តានុពលវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ ដោយរៀបចំប្រតិទិនកម្មវិធីព្រឹត្តិការណ៍នានា ស្របតាមផែនការយុទ្ធសាស្ត្រទេសចរណ៍ ២០២២-២០៣៥ របស់រាជរដ្ឋាភិបាល។

លោកអរគុណប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានគិតគូរជាយុទ្ធសាស្រ្ដសម្រាប់វិស័យទេសចរណ៍កម្ពុជា ក៏ដូចជាខេត្តសៀមរាប តាមរយៈការដាក់ចេញនូវយុទ្ធនាការ «ទស្សនាខេត្តសៀមរាបឆ្នាំ២០២៤» នាពេលកន្លងមក ហើយបាននាំយកនូវកម្មវិធី និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិជាច្រើនមកកាន់ខេត្តសៀមរាប៕



