កម្ពុជា-វៀតណាម ពិភាក្សាគ្នាជាថ្មីលើការពន្លឿនការបោះបង្គោលព្រំដែន ដើម្បីរក្សាសន្តិភាពប្រទេសទាំងពីរ
L
Linda Sorn
10 ម៉ោងមុន

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រិទ្ធសភា និងលោក ត្រាន់ កឹមទូ (Tran Cam Tu) សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការ គណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម បានបង្ហាញការពិភាក្សាគ្នាជាថ្មី ក្នុងការដោះស្រាយការងារមួយចំនួន ដែលនៅសេសសល់ ជាពិសេស លើបញ្ហាការបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ ដែលនៅសេសសល់ ឱ្យកាន់តែឆាប់រហ័ស ដើម្បីរក្សាឱ្យបាននូវសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន និងលោក ត្រាន់ កឹមទូ (Tran Cam Tu)   
សម្តេចតេជោ ហ៊ុន សែន និងលោក ត្រាន់ កឹមទូ (Tran Cam Tu)   

លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានឱ្យដឹងថា ការលើកឡើងរបស់ភាគីទាំងពីរ ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១០មេសា ឆ្នាំ២០២៦។ ក្នុងជំនួប លោក ត្រាន់ កឹមទូ បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម នៅគ្រប់វិស័យ ជាពិសេស វិស័យការពារជាតិ និងកិច្ចការនៅតាមព្រំដែន ដែលបណ្ដាខេត្តជាប់ព្រំដែនប្រទេសទាំងពីរ បានសហការគ្នាយ៉ាងល្អនៅក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន និងការពង្រឹងសន្តិសុខនៅតាមព្រំដែន ធ្វើឱ្យព្រំដែនមានសន្តិភាព និងមានការអភិវឌ្ឍ។ លោក ក៏បានរំលេចអំពីការសាមគ្គីគ្នា ជាពិសេសការសហការគ្នាក្នុងការការពារ កុំឱ្យមានកម្លាំងអមិត្តណាមួយ យកទឹកដីនៃប្រទេសទាំងសងខាង ប្រឆាំងនឹងប្រទេសម្ខាងទៀត ដែលភាគីទាំងពីរបានសហការគ្នាយ៉ាងល្អនៅក្នុងកិច្ចការងារមួយនេះ។

សម្ដេចតេជោ ហ៊ុន សែន បានឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់លោក ត្រាន់ កឹមទូ ជាពិសេស នៅត្រង់ចំណុចកិច្ចសហការគ្នានៅតាមព្រំដែន ដែលសម្ដេចបានជំរុញបន្ថែមទៀតឱ្យបណ្ដាអាជ្ញាធរនៅតាមព្រំដែនរវាងប្រទេសទាំងពីរ ធានាឱ្យបាននូវព្រំដែនមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ ជាមួយគ្នានោះ សម្ដេចតេជោ ក៏បានលើកឡើង ទាក់ទងទៅនឹងការពន្លឿនការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរឱ្យបានចប់ជាស្ថាពរ ដែលភាគីទាំងពីរត្រូវបង្កើនកិច្ចសហការនៅក្នុងការធ្វើកិច្ចការងារដ៏មានសារសំខាន់នៅតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ ដែលបានឯកភាពគ្នានោះ។

លោក ត្រាន់ កឹមទូ បានឯកភាពចំពោះការលើកឡើងរបស់សម្ដេចតេជោ ទាក់ទងនឹងការជំរុញ និងការពន្លឿនការបោះបង្គោលតាមព្រំដែនរវាងកម្ពុជា និងវៀតណាម ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះជាចំណុចសំខាន់ក្នុងការពង្រឹងនូវសន្តិភាព ស្ថិរភាពតាមព្រំដែនរវាងប្រទេសទាំងពីរ ស្របទៅនឹងគោលដៅប្រទេសទាំងពីរ ដែលមានមិត្តភាពជាប្រពៃណីយូរអង្វែងជាមួយគ្នា។ គួរជម្រាបថា កម្ពុជាមានព្រំដែនប្រវែង១​២៧០គីឡូម៉ែត្រ ជាមួយប្រទេសវៀតណាម ត្រូវការបោះបង្គោលព្រំដែន សរុបចំនួន៣១៤ទីតាំង​។ ប្រទេសទាំងពីរ បានធ្វើការយ៉ាងសកម្មលើការបោះបង្គោលព្រំដែនរួមគ្នា តាំងពីឆ្នាំ២០០៦មក។ ទោះយ៉ាងណា មកទល់នឹងពេលបច្ចុប្បន្ន ការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរទើបសម្រេចបាន៨៤ភាគរយ ខណៈនៅសល់ប្រមាណ១៦ភាគរយទៀត ទើបបញ្ចប់ជាស្ថាពរ៕

បង្គោល​កំណត់​ខណ្ឌសីមា​ព្រំដែន រវាង​ប្រទេស​កម្ពុជា និង​វៀតណាម លេខ២៤៦ ដែល​គណៈកម្មការ​ព្រំដែន​ចម្រុះ (JBC) បោះ​នៅ​មាត់ច្រាំង​ទន្លេ​ក្នុង​ខេត្ត​កណ្ដាល
បង្គោល​កំណត់​ខណ្ឌសីមា​ព្រំដែន រវាង​ប្រទេស​កម្ពុជា និង​វៀតណាម លេខ២៤៦ ដែល​គណៈកម្មការ​ព្រំដែន​ចម្រុះ (JBC) បោះ​នៅ​មាត់ច្រាំង​ទន្លេ​ក្នុង​ខេត្ត​កណ្ដាល
កម្ពុជា-វៀតណាម បោះបង្គោលព្រំដែននៅខេត្តមណ្ឌលគិរីនៅឆ្នាំ២០១៨
កម្ពុជា-វៀតណាម បោះបង្គោលព្រំដែននៅខេត្តមណ្ឌលគិរីនៅឆ្នាំ២០១៨
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត