ចូលឆ្នាំខ្មែរ៖ អាជ្ញាធរខេត្តកំពង់ធំ អំពាវនាវពលរដ្ឋចូលរួមវេចអន្សម យកទៅជូនវីរកងទ័ពជួរមុខ
S
Sreyleak Yith
11 ម៉ោងមុន

ក្រុងស្ទឹងសែន៖ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំធ្វើពិធីវេចអន្សមសាមគ្គី ​សម្រាប់ជូនដល់កងកម្លាំង ដែលកំពុងឈរជើងនៅជួរមុខ ដើម្បីការពារទឹកដី។ ជាមួយគ្នា អាជ្ញាធរអំពាវនាវសាធារណជនចូលរួម ជួយវេចអន្សមឱ្យបានច្រើន…។

អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំ លោក ម៉ាក់ ប៊ុនហុង នៅថ្ងៃទី១០មេសា ប្រាប់ SBM News តាមទូរសព្ទថា ពិធីវេចអន្សមសាមគ្គីធ្វើតែមួយថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី១១មេសា ​​ ដោយក្នុងនោះ មាននំអន្សមជ្រូក នំអន្សមចេក និងមានវេចនំខ្មែរផ្សេងៗទៀត។ អ្នកនាំពាក្យបញ្ជាក់បន្ថែមថា ក្រៅពីនំខ្មែរទាំងនេះ ក៏មានសម្ភារផ្សេងៗទៀតសម្រាប់ជូនដល់វីរកងទ័ពដែរ។ សូមជម្រាបថា កម្មវិធីវេចនំខ្មែរនេះ ចាប់ផ្តើមពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១១ ខែមេសា នៅសាលប្រជុំ A នៃសាលាខេត្តកំពង់ធំ។

  អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំ  លោក ម៉ាក់ ប៊ុនហុង
  អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំ  លោក ម៉ាក់ ប៊ុនហុង

សូមជម្រាបផងដែរថា ការរៀបចំឱ្យមានពិធីវេចនំអន្សមសាមគ្គីនេះឡើង គឺដើម្បីជាការតបស្នងសងគុណដល់វីរកងទ័ព ដែលបាននិងកំពុងឈរជើងនៅសមរភូមិមុខ ការពារទឹកដី ខណ្ឌសីមា មិនឱ្យចោរខ្មាំងសៀមចូលឈ្លានពានដែនអធិបតេយ្យកម្ពុជាបាននោះឡើយ។ ទឹកចិត្តដ៏មហិមារបស់បងៗ ពូៗ អ៊ំៗ ដែលជាវីរកងទ័ពដ៏អង់អាចក្លាហាននេះហើយ ដែលតម្រូវឱ្យយើងនៅសមរភូមិក្រោយ ត្រូវតែគាំទ្រឱ្យពេញទំហឹងនូវស្មារតីស្នេហាជាតិ សាមគ្គីភាព និងការផ្គត់ផ្គង់ស្បៀងអាហារជូនដល់ពួកគាត់ក្នុងឱកាសសង្គ្រាន្តឆ្លងឆ្នាំថ្មី នាពេលខាងមុខឆាប់ៗនេះ។ នេះជាស្មារតីគំរូមួយដែលបង្ហាញថា សមរភូមិក្រោយមិនដែលបំភ្លេចសុខទុក្ខវីរជននៅសមរភូមិមុខឡើយ និងសង្ឃឹមថា មូលដ្ឋានខេត្តផ្សេងៗទៀត អាចនឹងយកគំរូល្អរបស់រដ្ឋបាលខេត្តកំពង់ធំ ទៅអនុវត្តនៅមូលដ្ឋានរបស់ខ្លួនផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត