កម្ពុជា និងសិង្ហបុរី ចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការស្តីពីសន្តិសុខស្បៀង
អុន សម្ផស្ស
10 ម៉ោងមុន

រាជធានីភ្នំពេញ៖ កម្ពុជា និងសិង្ហបុរី នៅព្រឹកថ្ងៃសុក្រទី១០ ខែមេសា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ស្តីពីសន្តិសុខស្បៀង ដែលជាជំហានដ៏សំខាន់មួយទៀត ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរ...។

កិច្ចសហប្រតិបត្តិការស្តីពីសន្តិសុខស្បៀងនេះ ត្រូវបានចុះហត្ថលេខាដោយ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក ហ្ក្រេក ហ្វូ Grace Fu រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងចីរភាព និងជារដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងពាណិជ្ជកម្ម នៃសាធារណរដ្ឋសិង្ហបុរី។ ក្រសួងពាណិជ្ជកម្ម ចាត់ទុកអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះថា បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការធានាស្ថិរភាព តម្លាភាព និងប្រសិទ្ធភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ស្បៀង ដែលនឹងបើកផ្លូវឱ្យការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារសិង្ហបុរីមានការកើនឡើង។ 

ព្រមជាមួយគ្នា កិច្ចសហប្រតិបត្តិការនេះ ថែមទាំងចូលរួមគាំទ្រយុទ្ធសាស្ត្ររក្សាស្ថិរភាពប្រភពស្បៀងអាហាររបស់សិង្ហបុរី ក៏ដូចជាការបង្កើតឱកាសនៃការចាប់យកទីផ្សារថ្មី ប្រកបដោយចីរភាពសម្រាប់វិស័យកសិកម្មកម្ពុជា។ មួយវិញទៀត ក៏បង្ហាញពីតួនាទីដ៏សំខាន់របស់កម្ពុជា ក្នុងនាមជាប្រទេសនាំចេញអង្ករប្រកបដោយសក្តានុពល តាមរយៈសមត្ថភាពដ៏រឹងមាំក្នុងការផលិត ការប្រកួតប្រជែង និងផ្គត់ផ្គង់ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេស ការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងការធានាសន្តិសុខស្បៀងក្នុងតំបន់ និងសកល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត