ជនជាតិចិន៤នាក់ត្រូវចាប់ខ្លួន ក្រោយដឹកជញ្ជូនថ្នាំញៀនតាមនាវា ចូលមកខេត្តព្រះសីហនុ
ហាក់ អ៊ីឌី
11 ម៉ោងមុន

ខេត្តព្រះសីហនុ៖ អាជ្ញាធរកម្ពុជា រឹបអូសគ្រឿងញៀនមួយចំនួន ពីក្រុមឧក្រិដ្ឋជនចិន៤នាក់ បន្ទាប់ពីពួកគេបានព្យាយាមដឹកជញ្ជូនតាមនាវា​មួយគ្រឿង ចូលមកកាន់ភូមិសាស្ត្រឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ អាជ្ញាធរ ពុំទាន់បញ្ជាក់នោះទេថា គ្រឿងញៀនទាំងនោះ ទម្ងន់ប៉ុន្មានគីឡូក្រាម។

ក្រោមកិច្ចសម្របសម្រួលរបស់ស្ថាប័ន​អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការនគរបាលខេត្ត បានចាត់កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ បើកការអង្កេតស្រាវជ្រាវករណីសង្ស័យដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ រហូតឈានដល់ស្ទាក់ចាប់នាវាមួយគ្រឿង ព្រមទាំងជនសង្ស័យចំនួន៤នាក់ (ក្នុងនោះជនជាតិចិន២នាក់ និង២ទៀតជនជាតិចិនតៃវ៉ាន់) ។

ក្នុងប្រតិបត្តិការនេះ អាជ្ញាធរបានដកហូតម្សៅគ្រឿងញៀន២កញ្ចប់, ដុំក្រាមពណ៌ស ចំនួន១០កញ្ចប់, សារធាតុរាវ៤ដប រួមទាំងសម្ភារៈមួយចំនួនទៀតផងដែរ។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច កំពុងកសាងសំណុំរឿងនេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕   

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត