
ហាណូយ៖ ខ្សែច្រវាក់ផ្គត់ផ្គង់ប្រេងឥន្ធនៈសកលដែលកំពុងរអាក់រអួលខ្លាំង ដោយសារភ្លើងជម្លោះនៅមជ្ឈិមបូព៌ា កំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់វិស័យអាកាសចរណ៍ក្នុងតំបន់អាស៊ាន ជាពិសេសប្រទេសវៀតណាម និងមីយ៉ាន់ម៉ា ដែលបង្ខំចិត្តកាត់បន្ថយជើងហោះហើរក្នុងស្រុកស្ទើរតែទាំងស្រុង។

អាជ្ញាធរអាកាសចរណ៍វៀតណាមបានប្រកាសនៅថ្ងៃទី២៤ ខែមីនាថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines នឹងផ្អាកជើងហោះហើរក្នុងស្រុកចំនួន ២៣ជើងក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃទី១ ខែមេសាតទៅ។ មូលហេតុចម្បងគឺតម្លៃប្រេងយន្តហោះ ហក់ឡើងខ្ពស់ខ្លាំង ខណៈការផ្គត់ផ្គង់មានកម្រិត។ ដើម្បីដោះស្រាយបញ្ហានេះ វៀតណាមបានស្នើសុំជំនួយប្រេងពីប្រទេសកាតា កូវ៉ែត អាល់ហ្សេរី និងជប៉ុន ព្រមទាំងទើបចុះហត្ថលេខាលើកិច្ចព្រមព្រៀងផលិតប្រេងជាមួយរុស្ស៊ីផងដែរ។

យ៉ាងណា ស្ថានភាពនៅមីយ៉ាន់ម៉ាហាក់មានភាពធ្ងន់ធ្ងរជាង ដោយក្រុមហ៊ុនអាកាសចរណ៍ជាតិ MNA បានបញ្ឈប់ការលក់សំបុត្រសម្រាប់ជើងហោះហើរក្នុងស្រុកស្ទើរតែទាំងអស់តាំងពីថ្ងៃទី២០ ខែមីនា។ ដើម្បីសន្សំសំចៃប្រេង ក្រុមហ៊ុនអាកាសចរណ៍នានាក៏បានដាក់កំហិតយ៉ាងតឹងរ៉ឹងលើទម្ងន់វ៉ាលិស ដោយអនុញ្ញាតឱ្យផ្ទុកអីវ៉ាន់ត្រឹមតែ១០គីឡូក្រាមប៉ុណ្ណោះសម្រាប់នុស្សម្នាក់ ហើយសូម្បីតែសមាជិក VIP ក៏ត្រូវបានដកហូតសិទ្ធិទទួលបានទម្ងន់បន្ថែមឥតគិតថ្លៃដែរ ដើម្បីធ្វើឱ្យយន្តហោះស្រាល និងចំណាយប្រេងតិច។ ទោះបីជាជើងហោះហើរក្នុងស្រុកត្រូវបានកាត់បន្ថយ ប៉ុន្តែជើងហោះហើរអន្តរជាតិសំខាន់ៗទៅកាន់បាងកក និងសិង្ហបុរី នៅតែបន្តដដែល។

គួរបញ្ជាក់ថា វិបត្តិនេះមិនត្រឹមតែប៉ះពាល់ដល់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ សូម្បីតែក្រុមហ៊ុនធំៗដូចជា United Airlines របស់អាម៉េរិក ក៏បានចាប់ផ្ដើមកាត់បន្ថយសមត្ថភាពហោះហើររបស់ខ្លួនដែរ ខណៈសង្គ្រាមនៅតំបន់ឈូងសមុទ្ទនៅតែបន្តអូសបន្លាយ ដែលធ្វើឱ្យតម្លៃថាមពលពិភពលោកស្ថិតក្នុងសភាពមិនប្រាកដប្រជា៕




