
អាស៊ាន៖ តំបន់អាស៊ីអាគ្នេយ៍ ឬអាស៊ាន ជាពិសេសបណ្ដាប្រទេសនៅតំបន់ដីគោក កំពុងជួបបាតុភូតរលកកម្ដៅក្ដៅហែងដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ខណៈរលកកម្តៅក្នុងប្រទេសថៃហក់ឡើងដល់កម្រិតអាសន្ន៤៩អង្សាសេឯណោះ។

មិនមែនគ្រាន់តែជាការកើនកម្ដៅតាមធម្មតានោះទេ ប៉ុន្តែវាគឺជាការហក់ឡើងនៃសីតុណ្ហភាពកម្តៅខ្លាំង សូម្បីតែអ្នកជំនាញក៏មិនដែលស្មានដល់។ កម្តៅនៅក្នុងប្រទេសថៃ បានហក់ឡើងដល់៤៩អង្សាសេ ដែលជាតួលេខដ៏គួរឱ្យគ្រោះថ្នាក់ និងជាកំណត់ត្រាខ្ពស់បំផុតថ្មីសម្រាប់តំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ បណ្ដាប្រទេសផ្សេងទៀតដូចជា៖ កម្ពុជា មីយ៉ាន់ម៉ា ឡាវ និងវៀតណាម សុទ្ធតែបានកត់ត្រាសីតុណ្ហភាព ដែលហក់ឡើងដល់៤២អង្សាសេនៅតាមបណ្ដាខេត្ត និងក្រុង។

ហានិភ័យសុខភាពកាន់តែប្រឈមនឹងហានិភ័យខ្ពស់ ព្រោះរលកកម្តៅខ្លាំងបែបនេះអាចបណ្ដាលឱ្យដាច់សរសៃឈាមខួរក្បាល និងប៉ះពាល់សរីរាង្គខាងក្នុង ប្រសិនបើមិនមានការបញ្ចុះកម្ដៅទាន់ពេល។ ការបាត់បង់ញើសច្រើនហួសប្រមាណនឹងនាំឱ្យរាងកាយចុះខ្សោយ ល្ហិតល្ហៃ និងអាចបណ្ដាលឱ្យងងឹតមុខដួលសន្លប់ថែមទៀតផង។ ក្រុមងាយរងគ្រោះ ដូចជា មនុស្សចាស់ កុមារតូចៗ និងអ្នកដែលធ្វើការងារនៅទីវាល កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បំផុត។ ដូច្នេះ សូមកុំរង់ចាំដល់ស្រេកទឹក ទើបញ៉ាំ គឺត្រូវញ៉ាំទឹកឱ្យបានច្រើន និងទៀងទាត់ ហើយជៀសវាងទទួលទានភេសជ្ជៈដែលមានជាតិផ្អែមខ្លាំង ឬជាតិអាល់កុល។ ជ្រើសរើសសម្លៀកបំពាក់ពណ៌ស្រាលៗ សាច់ក្រណាត់ស្ដើង និងប្រើប្រាស់មួក ឬឆត្រនៅពេលចេញក្រៅ៕





