
អត្ថបទដោយ៖ អាន ប៊ុនរ័ត្ននៈ+ហៀប ស៊ីថេត
«ឥណ្ឌូចិន» ជាពាក្យពួកអឺរ៉ុបកំណត់ចំណាំលើតំបន់មួយ សំដៅលើប្រទេសចំនួន៣ មានដូចជា (កម្ពុជា-ឡាវ-វៀតណាម) ដែលចាប់ផ្តើមប្រើនៅដើមសតវត្សទី១៩។ ក្រោយមកពាក្យ «ឥណ្ឌូចិន» នេះ បានប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៨៨៧ បន្ទាប់ពីបារាំងចូលគ្រប់គ្រង ហើយបានក្លាយជាសម្ព័ន្ធភាពត្រីកោណមួយ មានប្រវត្តិស្មុគស្មាញដូចសំបុកពីងពាង ដែលបានចាក់ឫសយ៉ាងជ្រៅនៅអាស៊ីអាគ្នេយ៍ដីគោកភាគខាងកើត...។

ឥទ្ធិពលនៃអំណាចឥណ្ឌូចិន ដែលជាសម្ព័ន្ធត្រីភាគីក្រោមការគ្រប់គ្រងរបស់បារាំង គឺមិនអាចហែកចេញពីគ្នាបានឡើយ នាសម័យនោះ ប៉ុន្តែវាត្រូវបានបាត់ឈ្មោះទៅវិញ ក្រោយបារាំងប្រគល់ឯករាជ្យភាពជូនម្ចាស់ប្រទេសដើម គ្រប់គ្រងដោយខ្លួនឯង ដែលពេលនោះហើយពាក្យ «ឥណ្ឌូចិន» ត្រូវរសាត់ឆ្ងាយពីសោតាមនុស្សគ្រប់គ្នាម្ដងបន្តិចៗរហូតដល់សព្វថ្ងៃ។ ផ្ទុយមកវិញ មេដឹកនាំកម្ពុជាដែលជាអតីតនាយករដ្ឋមន្ត្រីកាន់អំណាចយូរជាងគេក្នុងប្រវត្តិសាស្ត្រ សម្តេចតេជោ ហ៊ុន សែន មានគំនិតផ្តួចផ្តើមបង្កើតឱ្យកិច្ចសហប្រតិបត្តិការរួមគ្នាមួយ មានឈ្មោះថា (តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម) ឬ (CLV-DTA) ឬឈ្មោះពេញជាភាសាអង់គ្លេសថា (Cambodia-Laos-Vietnam Development Triangle Area) កាលពីឆ្នាំ១៩៩៩ នៅក្នុងកិច្ចប្រជុំកំពូលក្រៅផ្លូវការលើកដំបូងនៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ និងក្រោយមកបានសម្រេចជាផ្លូវការនៅឆ្នាំ២០០៤ បន្ទាប់ពីកិច្ចប្រជុំកំពូលទី៣ នៅទីក្រុងសៀមរាប ប្រទេសកម្ពុជា និងរដ្ឋធានីវៀងចន្ទន៍ ដែលដើរតួនាទីជំនួសពាក្យ «ឥណ្ឌូចិន»។

កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ឬ(CLV-DTA)នេះ គឺជាការរួមបញ្ចូលគ្នានៃប្រទេសទាំងបី ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការផ្សេងទៀត នៅតំបន់ព្រំដែន ដោយក្នុងនោះភាគីកម្ពុជា មានខេត្តចំនួន៤នៅភាគឦសាន្តជាប់ជាមួយបណ្តាខេត្តរបស់ប្រទេសឡាវដែលមាន៤ដែរ និងភាគីវៀតណាមមានខេត្ត៥ បូកបញ្ចូលគ្នាទាំងអស់មានខេត្តសរុប១៣។ គោលបំណងនៃការបង្កើតឱ្យមានតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម នេះឡើង ក៏ព្រោះតែមេដឹកនាំនៃប្រទេសទាំងបី ចង់ជំរុញឱ្យផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ក្លាយជាខ្លាកំណាចសេដ្ឋកិច្ចមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែល (CLV-DTA) នឹងដើរតួនាទីជំនួស «ឥណ្ឌូចិន» ជុំវិញការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នេះបានមរណភាពទៅវិញ ក្រោយរស់បាន២៥ឆ្នាំ (១៩៩៩–២០២៤) បន្ទាប់ពីប្រទេសកម្ពុជា ប្រកាសដកខ្លួនចេញពីគម្រោងនេះជាផ្លូវការ នៅខែកញ្ញា ឆ្នាំ២០២៤។

យើងងាកមកបរិយាយអំពីប្រទេសថៃវិញ បន្ទាប់ពីបង្កសង្គ្រាមឈ្លានពានលើប្រទេសកម្ពុជា និងមើលឃើញមេដឹកនាំប្រទេសទាំងបី ឧស្សាហ៍ជួបប្រជុំគ្នាញឹកញាប់ ព្រះមហាក្សត្រ និងមេដឹកនាំថៃ ហាក់ដូចជាភ័យខ្លួន ដោយបានធ្វើដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់ប្រទេសឡាវ បន្ទាប់ពីខកខានអស់រយៈពេលជាង៣ទសវត្សរ៍។ តើថៃភ័យខ្លាចប្រទេសទាំងបីរួមដៃគ្នាចងសម្ព័ន្ធភាពឡើងវិញ ដែលនឹងបង្កការលំបាកដល់ទង្វើឈ្លានពានរបស់ខ្លួនឬ ទើបស្លន់ស្លោចុះទៅស៊ើបសភាពការណ៍មុន? ជាការពិតណាស់ ប្រសិនបើប្រទេសទាំងបីចងសម្ព័ន្ធភាពជាមួយគ្នា ថៃពិបាកនឹងឈ្លានពានប្រទេសណាមួយក្នុងចំណោមប្រទេសទាំងបីនេះណាស់ ព្រោះថា បើថៃហ៊ានវាទីឈ្លានពាន មិនថា ឡាវ ឬកម្ពុជា ទេ ច្បាស់ណាស់ថា វៀតណាមដែលជាប្រទេសបងធំសព្វាវុធមួយនៅក្នុងតំបន់ នឹងមិនឈរឱបដៃមើលសម្ព័ន្ធមិត្តខ្លួន ត្រូវគេឈ្លានពាននោះឡើយ ដូច្នេះ ការណ៍ដែលថៃចូលទៅយកចិត្តឡាវ ទាំងដែលខ្លួនធ្លាប់មើលងាយមើលថោកពីមុន វាមិនមែនជារឿងសាមញ្ញ ឬគ្រាន់តែជាដំណើរទស្សនកិច្ចធម្មតាៗឡើយ។

តើអាចទេ..! ស្តេចថៃយាងទៅឡាវ ជាផែនការសម្ងាត់ដើម្បីឈ្លានពានកម្ពុជាបន្ត និងកម្ទេចកំពែងឥណ្ឌូចិន..? សំណួរនេះ SBM News មិនហ៊ានអះអាងថា អាចនោះទេ! ប៉ុន្តែក៏មិនហ៊ានបដិសេធដែរ ព្រោះថា មុនពេលយោធាថៃបើកប្រតិបត្តិការឈ្លានពានវាទីនិយមទ្រង់ទ្រាយធំមកលើដែនអធិបតេយ្យកម្ពុជា ស្តេចថៃអង្គនេះ ក៏បានយាងទៅប្រទេសចិនជាមុនដែរ ដោយយើងមិនដឹងថា តើព្រះចៅរាមាទី១០របស់ថៃ មានបន្ទូលអ្វីខ្លះប្រាប់មេដឹកនាំចិន ឬក៏មានការស្នើមិនឱ្យលូកដៃចូលជួយកម្ពុជា..? រឿងសំខាន់មួយទៀត គឺថា ស្តេចថៃ អាចនឹងភ័យខ្លាចខ្លាឥណ្ឌូចិនភ្ញាក់ពីដំណេក។ ដូចបានជម្រាបខាងលើរួចមកហើយថា កម្ពុជា-ឡាវ-វៀតណាម បាននិងកំពុងចាប់ផ្តើមពង្រឹងខែលការពារជាតិ និងសេដ្ឋកិច្ចរបស់ខ្លួន បន្ទាប់ពីថៃធ្វើសង្គ្រាមឈ្លានពានដ៏សាហាវព្រៃផ្សៃមកលើរដ្ឋកម្សត់កម្ពុជា ដោយឥតកោតក្រែងច្បាប់អន្តរជាតិ។ មិនត្រឹមតែជាអ្នកផ្តើមជម្លោះព្រំដែនមុនទេ ថៃថែមទាំងទាញទ្វាររបងព្រំដែនបិទជាឯកតោភាគី ដោយចង់ផ្តាច់ដង្ហើមសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែការធ្វើបែបនេះ មិនខុសពីយកដៃខ្ទប់ច្រមុះខ្លួនឯងនោះឡើយ ដ្បិតថា ចំណាត់ការណ៍របស់ថៃ មិនត្រឹមតែធ្វើឱ្យប្រជាជនកម្ពុជាពហិការឈប់ប្រើផលិតផលថៃទេ ថែមទាំងធ្វើឱ្យប្រជាជនកម្ពុជា មានស្មារតីជាតិនិយមឡើងវិញផងដែរ។

ហេតុអ្វីសម្ព័ន្ធ CLV នៅតែជាឆ្អឹងទទឹង-ករបស់រាជធានីបាងកក..? ជាឆ្អឹងទទឹង-ក ក៏ព្រោះតែ សម្ព័ន្ធត្រីភាគីនេះ អាចបង្កើតបណ្តាញពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងវិនិយោគថ្មីៗរួមគ្នា ស្របពេលនាគរាជចិន កំពុងបញ្ជ្រាបឥទ្ធិពលខ្លួនលើដែនដីឥណ្ឌូចិន ដោយយកកម្ពុជា-ឡាវ ជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុត និងកំពុងផ្តល់ជំនួយពង្រឹងវិស័យយោធា ហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់ និងផ្លូវសូត្រ។ ការណ៍នេះ ធ្វើឱ្យថៃភ័យព្រួយពីការបាត់បង់ការវិនិយោគលើប្រទេសរបស់ខ្លួន ខណៈដែលសេដ្ឋកិច្ចកំពុងដាំក្បាលចុះយ៉ាងគំហុគ។ ម្យ៉ាងវិញទៀត តំណែងបងធំសេដ្ឋកិច្ចទី២នៅអាស៊ាន ក៏អាចនឹងរបូតធ្លាក់ទៅក្នុងដៃវៀតណាមវិញដែរ ប្រសិនបើក្បាលម៉ាស៊ីនដឹកនាំរដ្ឋ បន្តអាកប្បកិរិយាគឃ្លើន អួតអាង និងចិញ្ចឹមចិត្តឈ្លានពានប្រទេសជាប់របង ធ្វើឱ្យទ្វារព្រំដែនមិនអាចរបើក និងដឹកទំនិញឆ្លងកាត់បានដូចពេលមុន។ ដូច្នេះ ការចូលទៅលួងលោមឡាវ គឺជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរ ពោលគឺព្រួញទីមួយ បាញ់បេះដូងមេដឹកនាំឡាវផ្សា ភ្ជាប់ទំនាក់ទំនងជាបងប្អូនឡើងវិញ និងព្រួញទីពីរ បាញ់បំបែកសម្ព័ន្ធភាព CLV មិនឱ្យតភ្ជាប់គ្នាជាថ្មី ដែលចំណេញទាំងផ្នែកស្តារសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។

ទាំងនេះ សបញ្ជាក់ឱ្យឃើញថា មេដឹកនាំថៃ បានដឹងខ្លួនច្បាស់រួចទៅហើយ នៅពេលដែលខ្លាឥណ្ឌូចិន (កម្ពុជា ឡាវ និងវៀតណាម) ភ្ញាក់ពីដំណេក ហើយរួមដៃគ្នាជាធ្លុងមួយ នោះរបបដឹកនាំរាជធានីបាងកក នឹងចុះឱនភាពជាក់ជាមិនខាន ទើបបានជាស្តេចរាមាទី១០ បន្ទន់ឥរិយាបទ ដឹកនាំមន្ត្រីរាជការចុះទៅទប់ស្កាត់មុន ដើម្បីកុំសម្ព័ន្ធភាព CLV នេះ កើតឡើងជាថ្មីម្ដងទៀត ដែលអាចនឹងបង្កការរាំងស្ទះដល់ផែនការឈ្លានពានរបស់ខ្លួនមកលើកម្ពុជា នាពេលអនាគត៕



