
រាជធានីភ្នំពេញ៖ កម្ពុជាកំពុងនាំចូលប្រេងឥន្ធនៈបន្ថែមពីអ្នកផ្គត់ផ្គង់ក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដើម្បីបំពេញកង្វះខាតនៃការផ្គត់ផ្គង់ពីប្រទេសវៀតណាម និងចិន នេះបើតាមរដ្ឋមន្ត្រីក្រសួងថាមពល លោក កែវ រតនៈ ប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃពុធថ្ងៃទី១៨មីនា ខណៈភ្លើងសង្រ្គាមរួមគ្នារវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់ កំពុងធ្វើឱ្យលទ្ធភាពទទួលបានប្រេងឥន្ធនៈនៅទូទាំងពិភពលោក កាន់តែរួមតូច...។

ប្រហែលមួយភាគបីនៃស្ថានីយប្រេងឥន្ធនៈចំនួន៦៣០០កន្លែង នៅក្នុងប្រទេសដែលមានប្រជាជនជិត១៨លាននាក់ បានបិទទ្វារកាលពីសប្តាហ៍មុន ព្រោះភាពមិនច្បាស់លាស់នៃផលប៉ះពាល់ពីជម្លោះនៅមជ្ឈិមបូព៌ាលើតម្លៃប្រេង។ យ៉ាងណា ក្រោយមក ស្ថានីយជាច្រើនបានបើកដំណើរការឡើងវិញ ជាបន្តបន្ទាប់ ហើយបច្ចុប្បន្នមានត្រឹមតែ ៥,៧៧ភាគរយប៉ុណ្ណោះ ដែលនៅបិទទ្វារ។ នេះបើតាមសម្តីលោករដ្ឋមន្ត្រី កែវ រតនៈ ប្រាប់រ៉យទ័រ។ ប្រទេសវៀតណាម និងចិន បានរឹតបន្តឹងការនាំចេញប្រេងឥន្ធនៈរហូតដល់យ៉ាងហោចណាស់ដំណាច់ខែមីនា ដើម្បីទប់ស្កាត់ការខ្វះខាតក្នុងស្រុក ដែលអាចកើតមាន។

ចំណែកប្រទេសជិតខាងថៃ មិនមានការផ្គត់ផ្គង់ឡើងវិញនៅឡើយ បន្ទាប់ពីប្រជាជនកម្ពុជា ពហិការមិនទិញគ្រប់ទំនិញទាំងអស់របស់ប្រទេសថៃ ចាប់តាំងពីយោធាថៃបើកការឈ្លានពានមកលើកម្ពុជា យ៉ាងសាហាវយង់ឃ្នង។ សូមជម្រាបថា ប្រទេសថៃ និងវៀតណាម រួមគ្នា មានចំណែកលើសពី៦០ភាគរយនៃការនាំចូលផលិតផលប្រេងប្រចាំឆ្នាំរបស់កម្ពុជា នាឆ្នាំ២០២៤ ខណៈសិង្ហបុរី និងម៉ាឡេស៊ី មានចំណែកជិតមួយភាគបី ហើយចិនមានចំណែកប្រហែល៧ភាគរយ។ នេះបើយោងតាមទិន្នន័យពីមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។ ដោយសារជួបបញ្ហាប្រេង លោក កែវ រតនៈ លើកឡើងថា កម្ពុជាកំពុងបង្កើនការនាំចូលប្រេងពីសិង្ហបុរី និងម៉ាឡេស៊ី ដោយសារតែការរឹតបន្តឹងការនាំចេញនៅកន្លែងផ្សេងទៀត។

ក្នុងបទសម្ភាសជាមួយរ៉យទ័រ លោកបានសង្កត់ធ្ងន់ថា៖«យើងនៅតែអាចនាំចូលបានបន្តិចបន្តួចពីប្រទេសចិន។ ប៉ុន្តែដោយសារយើងមានភាពជាដៃគូដ៏រឹងមាំជាមួយអ្នកផ្គត់ផ្គង់សកល គឺក្រុមហ៊ុន Total និងChevron ពួកគេអាចជួយសម្រាលហានិភ័យមួយចំនួនបាន»។ យ៉ាងណា លោក រតនៈ មិនបានផ្តល់ព័ត៌មានលម្អិតជាក់លាក់អំពីពេលវេលាដែលការផ្គត់ផ្គង់ពីសិង្ហបុរី និងម៉ាឡេស៊ី នឹងមកដល់នោះទេ។ ទិន្នន័យពី Kpler ដែលជាក្រុមហ៊ុនផ្ដល់ទិន្នន័យ និងវិភាគឈានមុខគេមួយលើពិភពលោក បានបង្ហាញថា ការនាំចេញប្រេងសាំង និងម៉ាស៊ូត ពីប្រទេសទាំង២ (សិង្ហបុរី-ម៉ាឡេស៊ី) មកកាន់កម្ពុជាក្នុងរយៈពេល១៨ថ្ងៃដំបូងនៃខែនេះ គឺខ្ពស់ជាង២៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែទាបជាង៤០ភាគរយបើធៀបនឹងរយៈពេល ១៨ថ្ងៃចុងក្រោយនៃខែកុម្ភៈ។

ចុងក្រោយ លោក កែវ រតនៈ បញ្ជាក់ថា កម្ពុជាមិនមានរោងចក្រចម្រាញ់ប្រេងទេ ហើយមានការផ្គត់ផ្គង់ប្រេងម៉ាស៊ូត ប្រេងយន្តហោះ ឧស្ម័នធម្មជាតិរាវ (LPG) និងសាំង សម្រាប់ប្រើប្រាស់បានតិចជាងមួយខែប៉ុណ្ណោះ ក្នុងលក្ខខណ្ឌធម្មតា។ «យើងមិនទាន់មានសុវត្ថិភាព១០០ភាគរយនៅឡើយទេ នៅដំណាក់កាលនេះ ប៉ុន្តែការហូរចូលនៃប្រេង ហាក់ដូចជាមិនអីទេសម្រាប់ពេលបច្ចុប្បន្ន» នេះជាសម្តីរបស់រដ្ឋមន្រ្តីក្រសួងថាមពល។ គួរបញ្ជាក់ថា សង្រ្គាមរវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់ បានធ្វើឱ្យរាំងស្ទះដល់ការដឹកជញ្ជូនប្រេងមកកាន់អាស៊ីទាំងមូល៕




