កម្ពុជា-បារាំង ប្តេជ្ញាពង្រីកកិច្ចសហការលើវិស័យពាណិជ្ជកម្ម និងការពារជាតិជាមួយគ្នាឱ្យកាន់តែខ្លាំងក្លាថែមទៀត
L
Linda Sorn
9 ម៉ោងមុន

ទីក្រុងលីយ៉ុង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានបង្ហាញពីការប្តេជ្ញាចិត្តនៅចំពោះមុខគ្នា ក្នុងការពង្រីក និងពង្រឹង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យពាណិជ្ជកម្ម ការពារជាតិ និងមួយចំនួនទៀត ឱ្យកាន់តែខ្លាំងក្លាថែមទៀត។

ការប្តេជ្ញារបស់ថ្នាក់នាំប្រទេសទាំងពីរ ធ្វើឡើងក្នុងជំនួបទ្វេភាគី កាលពីថ្ងៃទី៨មេសា ឆ្នាំ២០២៦ ក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពី «សុខភាពតែមួយ» នៅទីក្រុងលីយ៉ុង និងបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។ ក្នុងជំនួប ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានពិភាក្សាប្រកបដោយលទ្ធផលវិជ្ជមាន ដើម្បីពង្រឹងចំណងមិត្តភាពទ្វេភាគីកម្ពុជា-បារាំង ជាពិសេស ការរៀបចំដំឡើងកម្រិតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រ» (Strategic Partnership) នៅពេលឆាប់ៗខាងមុខ។ លើសពីនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានផ្លាស់ប្ដូរយោបល់លើគំនិតផ្តួចផ្តើមមួយចំនួន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង លើវិស័យសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្ម, សេដ្ឋកិច្ច, ថាមពល, ការពារជាតិ និងសន្តិសុខ, វប្បធម៌ និងបេតិកភណ្ឌ, សុខាភិបាល អប់រំ និងទេសចរណ៍។

លោកប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron)   
លោកប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron)   

ថ្លែងក្នុងជំនួបនោះដែរ លោកប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង បានសម្ដែងក្ដីសោមនស្សរីករាយ ដែលបានជួបសម្តេចធិបតី និងគណៈប្រតិភូជាថ្មីម្ដងទៀត ព្រមទាំងបានថ្លែងអំណរគុណសម្ដេចធិបតី ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល(One Health Summit) នៅទីក្រុងលីយ៉ុង និងបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីប៉ារីស នាពេលនេះ។ លោក បានគូសបញ្ជាក់ជាថ្មីនូវមិត្តភាពជាមួយប្រទេស និងប្រជាជនកម្ពុជា ព្រមទាំងកោតសរសើរការដឹកនាំរបស់សម្តេចធិបតី។ ទន្ទឹមនឹងនេះ លោកក៏បានបង្ហាញសេចក្ដីរីករាយក្នុងការបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) លើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំនៅរាជធានីភ្នំពេញ នាចុងឆ្នាំ២០២៦ ខាងមុខ។

 សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត 
 សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត 

ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ពីទំនាក់ទំនងជាយូរលង់រវាងប្រទេសកម្ពុជា និងបារាំង និងថ្លែងអំណរគុណបារាំង ដែលបានរួមចំណែកក្នុងដំណើរការសន្តិភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា។ សម្តេចធិបតីក៏បានសម្ដែងសេចក្ដីរីករាយចំពោះទស្សនកិច្ចផ្លូវរដ្ឋ និងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ របស់ឯកឧត្តមប្រធានាធិបតី នៅកម្ពុជា នាចុងឆ្នាំ២០២៦ផងដែរ។ ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ សម្តេចបានជម្រាបជូន លោកប្រធានាធិបតី ម៉ាក្រុង អំពីបច្ចុប្បន្នភាពនៃស្ថានការណ៍ព្រំដែន ព្រមទាំងបានគូសបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់រវាងប្រទេសទាំងពីរ។

គួរជម្រាបថា ក្រៅពីជួបទ្វេភាគីជាមួយលោកប្រធានាធិបតីបារាំង ក្នុងអំឡុងពេលអញ្ជើញធ្វើទស្សនកិច្ចការងារនៅប្រទេសបារាំងរយៈពេល៤ថ្ងៃ នេះ សម្តេចនាយករដ្ឋមន្ត្រី ថែមទាំងអញ្ជើញជួបទ្វេភាគីជាមួយឥស្សរជនជាន់ខ្ពស់បារាំង ព្រមទាំងថ្នាក់ដឹកនាំប្រទេសផ្សេងៗមួយចំនួនទៀត ដើម្បីផ្លាស់ប្ដូរយោបល់ពីការពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានាផងដែរ៕    

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត