
អន្តរខេត្ត៖ មួយរយៈចុងក្រោយនេះ អាកាសធាតុនៅប្រទេសកម្ពុជា ហាក់មានសីតណ្ហភាពឡើងកម្តៅខ្លាំង៣៧អង្សាសេ ឬអាចកើនលើសខ្ពស់ជាងនេះ។ ដោយឡែក សម្រាប់ខេត្តសៀមរាប រតនគិរី មិនត្រឹមតែកម្តៅកើនឡើងទេ ខ្យល់ពុលក៏កំពុងគ្របដណ្ដប់ផងដែរ ដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នការពារសុខភាពឱ្យបានខ្ពស់បំផុត។ នេះបើយោងតាមការឱ្យដឹងពីមន្រ្តីបរិស្ថាន នៅថ្ងៃទី៩មេសា ឆ្នាំ២០២៦...។

មន្រ្តីបរិស្ថានបានគូសបញ្ជាក់ថា គិតចាប់ពីម៉ោង៧ព្រឹកថ្ងៃទី៨ ដល់ម៉ោង៧ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ កំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង២៧,៥៨មិល្លីក្រាមក្នុងមួយម៉ែត្រគូបខ្យល់ ធៀបនឹងស្ដង់ដារ៥០មិល្លីក្រាមក្នុងមួយម៉ែត្រគូបខ្យល់ និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ «ល្អ»។ ប៉ុន្តែបើមើលទៅលើតារាងទិន្នន័យបង្ហាញថា ខេត្តសៀមរាប និងរតនគិរី ស្ថិតក្នុងពណ៌លឿង ដែលបង្ហាញថា មានគុណភាពខ្យល់«បំពុលកម្រិតស្រាល»។ ចំពោះ មនុស្សទូទៅ អាចធ្វើសកម្មភាពចេញក្រៅផ្ទះបានជាធម្មតា ប៉ុន្តែ អ្នកមានសុខភាពទន់ខ្សោយ កំពុងមានអាការដូចជា ក្អក ពិបាកដកដង្ហើម រលាកភ្នែក ត្រូវកាត់បន្ថយការចេញខាងក្រៅ និងកុំចំណាយពេលយូរពេក។

រីឯរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ព្រះវិហារ ពោធិ៍សាត់ បាត់ដំបង កំពង់ស្ពឺ កំពង់ធំ កណ្តាល កោះកុង ស្ទឹងត្រែង ស្វាយរៀង កែប ប៉ៃលិន កំពង់ឆ្នាំង ព្រៃវែង កំពត ក្រចេះ ព្រះសីហនុ មណ្ឌលគិរី គុណភាពខ្យល់ «ល្អ»។ ចំណែក ខេត្តកំពង់ចាម ខេត្តតាកែវ ឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ មន្រ្តីជំនាញបញ្ជាក់ថា ការវាស់កម្រិតខ្យល់មិនដំណើរការទ្បើយ។ មន្រ្តីបរិស្ថានបន្ថែមថា ដើម្បីគ្រប់គ្រងគុណភាពខ្យល់ ក៏ដូចជាធានាឱ្យគុណភាពខ្យល់នៅកម្ពុជា នៅរដូវប្រាំងនេះនៅតែរក្សាបានគុណភាពល្អ។ ក្រសួង អំនាវនាវពលរដ្ឋចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ ដោយបញ្ឈប់ការដុតសំណល់កសិកម្ម ដុតជញ្រ្ជាំងស្រូវ ដុតព្រៃ ដុតស្មៅ ដុតសំរាម សំណល់ប្លាស្ទិក និងសំណល់ផ្សេងៗនៅទីចំហ៕





