
ក្រុងស្ទឹងសែន៖ កំពង់ធំជាខេត្តមួយស្ថិតនៅចំកណ្តាលប្រទេសកម្ពុជានាសម័យបច្ចុប្បន្នក្នុងចំណោមរាជធានី-ខេត្តទាំង២៥។ ឆ្នាំថ្មីនេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំតែងលម្អនូវផ្ការអមតាមដងផ្លូវចូលក្រុងស្ទឹងសែន ក៏ដូចជាការរៀបចំត្រៀមប្រារព្ធពិធី«សង្គ្រាន្តកំពង់ធំ» ដើម្បីអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះផងដែរ...។

សូមជម្រាបផងដែរថា កំពង់ធំ គឺជាខេត្តមួយដែលមានភាពវ័យចំណាស់ មានប្រាសាទបុរាណរាប់រយប្រាសាទ និងជាអតីតរាជធានីបុរាណនាសតវត្សរ៍ទី៦ ដែលមានឈ្មោះថា «រាជធានីឦសាន្តបុរៈ»។ បច្ចុប្បន្ន ទីតាំងអតីតរាជធានីនោះ ត្រូវបានគេនាំគ្នាហៅតំបន់នោះថា ជា«ប្រាសាទសំបូរព្រៃគុក»។ យើងអាចធ្វើដំណើរពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៦ កាត់តាមស្គន់ឆ្ពោះទៅស្រុកបារាយណ៍-សន្ទុក និងបន្តដំណើរតែជាង២០គីឡូទៀតប៉ុណ្ណោះ យើងនឹងទៅដល់ទីរួមខេត្តដែលមានរង្វង់មូលលោកតាក្រហមកនៅចំកណ្តាលផ្លូវ ភ្ជាប់ដោយស្លាកបង្ហាញពាក្យ កំពង់ធំសូមស្វាគមន៍ នៅខាងឆ្វេងដៃផងដែរ។

បើតាមរដ្ឋបាលខេត្តកំពង់ធំ ការរៀបចំពិធីឆ្លងសង្គ្រាន្តឆ្នាំថ្មី ឆ្នាំ២០២៦ខាងមុខនេះ រដ្ឋបាលខេត្តកំពង់ធំ មានរៀបចំកម្មវិធីកម្សាន្តតាមបែបប្រពៃណីធំជាងឆ្នាំមុនៗ ដែលរួមមាន៖ ការរៀបចំឱ្យមានទីធ្លាត្រៀមសម្រាប់មន្ត្រីរាជការ ប្រជាពលរដ្ឋ ចូលរួមលេងកម្សាន្តនូវល្បែងល្បាំប្រជាប្រិយ៌ខ្មែរ ដូចជា ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង បោះអង្គុញ វាយក្អម ។ល។ ជាមួយគ្នានោះ ក៏មានការរៀបចំតុបតែងលម្អក្រុងស្ទឹងសែនឱ្យមានសោភ័ណភាពស្រស់ស្អាតដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិឱ្យមកលេងកម្សាន្ត ជាពិសេស ការតុបតែងបំពាក់ភ្លើងបំភ្លឺលម្អតាមទីសាធារណៈ ការតាំងបង្ហាញកន្លែងថតរូបស្អាតៗរបស់រដ្ឋបាលក្រុងស្រុកទាំង៩ ដែលបានបង្ហាញពីអត្តសញ្ញាណរបស់បងប្អូនប្រជាពលរដ្ឋនៃស្រុកនីមួយៗផងដែរ។

ដោយឡែក នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំមន្ត្រីរាជការក្នុងជួររដ្ឋបាលខេត្ត ទៅកាន់ទីតាំងសំខាន់ៗមួយចំនួន ដើម្បីធ្វើការបួងសួងបន់ស្រន់សុំសេចក្តីសុខ និងសុំឱ្យទទួលបានជោគជ័យកំលុងពេលរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលខេត្តកំពង់ធំ គ្រោងនឹងរៀបចំពិធីបុណ្យនេះ តាមទំនៀមទម្លាប់ដ៏ល្អផូរផង់របស់បងប្អូនខេត្តកំពង់ធំ។ ពិធីបួងសួងសុំសេចក្តីសុខចម្រើន សិរីសួស្ដី ប្រារព្ធឡើងនៅទីតាំងលោកតាឥសី, លោកតាក្រហមក, បារមីព្រំអង្គធំនៅភ្នំសន្ទុក, ស្តូបលោកតាអាចារ្យលាក់, ស្តូបដាវដែកកំពង់ស្វាយ, និងនៅប្រាសាទសំបូរព្រៃគុក។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន សម្រស់ក្រុងស្ទឹងសែនក្នុងពេលរាត្រី មានសោភ័ណភាពស្រស់ស្អាតខ្លាំងណាស់ ជាពិសេស ការបំពាក់ភ្លើងនៅតាមសួនកម្សាន្តបណ្តោយដងស្ទឹងសែន និងការតុបតែងរូបសំណាកសត្វសេះតំណាងឆ្នាំ នៅលើស្ពានថ្មចាស់ រួមទាំងការរៀបចំលម្អច្រាំងស្ទឹងឡើងវិញ បាននិងកំពុងទាក់ទាញភ្នែកមហាជនពីទីជិតឆ្ងាយឱ្យមកទស្សនាខេត្តកំពង់ធំ កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕











