រដ្ឋមន្រ្តីពាណិជ្ជកម្ម ជំរុញធុរជនសិង្ហបុរីមកស្វែងយល់ពីកម្ពុជា សម្រាប់ទិសដៅយុទ្ធសាស្ត្រពង្រីកទីផ្សារ
S
Soriya Sou
11 ម៉ោងមុន

រាជធានីភ្នំពេញ៖ «កម្ពុជា ជាទិសដៅយុទ្ធសាស្ត្រសម្រាប់ធុរកិច្ចសិង្ហបុរី ក្នុងការពង្រីកទីផ្សារពាណិជ្ជកម្មក្នុងតំបន់»។ នេះជាប្រសាសន៍របស់លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម...។

លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម
លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម

ថ្លែងក្នុងសិក្ខាសាលាធុរកិច្ចស្តីពី «កម្ពុជា៖ ទស្សនវិស័យធុរកិច្ចឆ្នាំ២០២៦ និងឱកាសធុរកិច្ច» រៀបចំឡើងដោយសហព័ន្ធធុរកិច្ចសិង្ហបុរី នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ លោកស្រី ចម និម្មល មានប្រសាសន៍ថា តាមរយៈការបន្តអនុវត្តគោលនយោបាយបើកចំហពាណិជ្ជកម្ម ទាក់ទាញវិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ជំរុញការនាំចេញ និងការធ្វើទំនើបកម្មបរិយាកាសធុរកិច្ច កម្ពុជាជាទិសដៅដែលវិនិយោគិនសិង្ហបុរី មិនគួរមើលរំលង។ ឆ្លៀតក្នុងឱកាសនោះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានអញ្ជើញវិនិយោគិន និងធុរជនសិង្ហបុរី ឱ្យមកស្វែងយល់បន្ថែមពីកម្ពុជា ដើម្បីចាប់យកកាលានុវត្តភាពថ្មីៗក្នុងការវិនិយោគ និងការបង្កើតភាពជាដៃគូជាមួយធុរជនកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យបំពេញឱ្យគ្នាទៅវិញទៅមក។

លោកស្រី ចម និម្មល បន្តថា ជាក់ស្ដែង សិក្ខាសាលាស្តីពី «កម្ពុជា៖ ទស្សនវិស័យធុរកិច្ចឆ្នាំ២០២៦ និងឱកាសធុរកិច្ច» ត្រូវបានរៀបចំឡើងដើម្បីផ្ដល់ឱកាសដល់ធុរជនកម្ពុជា តំណាងវិស័យឯកជនសិង្ហបុរី និងសមាជិកសហព័ន្ធធុរកិច្ចសិង្ហបុរី វិនិយោគិន ធុរជន ព្រមទាំងដៃគូពាណិជ្ជកម្មជាច្រើនរូបបានស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា និងពិភាក្សាពីឱកាសសហប្រតិបត្តិការក្នុងវិស័យអាទិភាព ដូចជា៖ ភស្តុភារកម្ម និងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់, កសិ-ឧស្សាហកម្ម និងការកែច្នៃម្ហូបអាហារ, សេដ្ឋកិច្ចឌីជីថល, និងឧស្សាហកម្មតម្លៃបន្ថែមខ្ពស់។ សិក្ខាសាលានេះ ក៏រួមចំណែកសំខាន់ក្នុងការបន្តជំរុញការទូតពាណិជ្ជកម្ម, ការភ្ជាប់បណ្តាញធុរកិច្ច, ការលើកកម្ពស់ការនាំចេញ, ការពង្រីកទីផ្សារអន្តរជាតិ, និងការទាក់ទាញវិនិយោគថ្មីៗមកកម្ពុជា ព្រមទាំងជួយជំរុញសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីរវាងកម្ពុជា-សិង្ហបុរី ឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត