ចូលឆ្នាំខ្មែរ! ក្រសួងតម្រូវឱ្យប្រតិបត្តិករទេសចរណ៍រក្សាតម្លៃផលិតផល និងសេវាកម្មសមរម្យ
អុន សម្ផស្ស
10 ម៉ោងមុន

រាជធានីភ្នំពេញ៖ ស្របពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែកៀកចូលមកដល់ ក្រសួងទេសចរណ៍ ក្រើនរំឭកដល់ប្រតិបត្តិករទេសចរណ៍នានា សហការល្អជាមួយអាជ្ញាធរ ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាព អនាម័យ រួមទាំងតម្លៃផលិតផល និងសេវាកម្មតាមមូលដ្ឋានអាជីវកម្ម...។

តាមរយៈសេចក្តីណែនាំក្រសួងទេសចរណ៍ បញ្ជាក់ថា ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យកាន់តែល្អប្រសើរស្របតាមយុទ្ធនាការ «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» និងស្របតាមគុណតម្លៃ នៃវប្បធម៌ អរិយធម៌ដ៏ផូរផង់កម្ពុជា ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវរក្សាតម្លៃផលិតផល ឬសេវាកម្មឱ្យបានសមរម្យ រួមជាមួយការពង្រឹងគុណភាពឱ្យបានល្អប្រសើរ។ ទន្ទឹមគ្នា រាល់ការរៀបចំតុបតែងលម្អទីតាំងអាជីវកម្ម ប្រតិបត្តិករទេសចរណ៍ត្រូវបង្ហាញអំពីវប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណពិសេសរបស់ខេត្ត ដោយមិនឱ្យប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរឡើយ។

បន្ថែមលើនោះ តាមមូលដ្ឋានអាជីវកម្មនានា ត្រូវរៀបចំឱ្យបុគ្គលិកមានឯកសណ្ឋានត្រឹមត្រូវទៅតាមផ្នែកនីមួយៗ ពិសេសរំលេចលក្ខណៈជាខ្មែរ និងយកចិត្តទុកដាក់ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ។ ក្រៅពីនេះ ក៏ត្រូវយកចិត្តទុកដាក់ចំពោះការរក្សាអនាម័យបន្ទប់ទឹក រួមទាំងទីតាំងចំណតរថយន្ត និងម៉ូតូសម្រាប់ភ្ញៀវ។ លើសពីនេះ ប្រតិបត្តិករទេសចរណ៍ ត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានរបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត