
រដ្ឋធានីប៉េកាំង៖ ចិន បានសាកល្បងការហោះហើរដ្រូនដឹកទំនិញម៉ូដែល ឆាងយីង-៨ (Changying-8) ជាលើកដំបូង ខណៈរដ្ឋធានីប៉េកាំងអះអាងថា វាគឺជាដ្រូនដឹកទំនិញធុនធ្ងន់បំផុតក្នុងលោក ដែលអាចហោះហើរបានគ្រប់ស្ថានភាព និងមានសក្តានុពលខ្លាំងក្នុងកិច្ចការយោធា និងស៊ីវិល។

ដ្រូន Changying-8 ឬCY-8 មានទម្ងន់ខ្លួន៣,៥តោន និងអាចផ្ទុកទំនិញបាន៣,៥តោនទៀត ដូច្នេះ ធ្វើឱ្យទម្ងន់សរុបពេលហោះហើរ មានរហូតដល់៧តោន។ គេប្រសិទ្ធនាមថាជា យានដឹកទំនិញលើមេឃហោះគ្មានមនុស្សបើក។ ដ្រូននេះមានតួខ្លួនប្រវែង១៧ម៉ែត្រ និងប្រវែងស្លាបសងខាង២៥ម៉ែត្រ។ វាមានកន្លែងផ្ទុកទំនិញទំហំ១៨ម៉ែត្រគុប មានទ្វារមុខ និងក្រោយ ដែលអនុញ្ញាតឱ្យការលើកដាក់ទំនិញចំណាយពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ។ ការហោះហើរលើកដំបូងបានធ្វើឡើងកាលពីថ្ងៃទី៣១ ខែមីនា នៅអាកាសយានដ្ឋានក្នុងខេត្តហឺណាន (Henan)។

សូមជម្រាបថា ដ្រូននេះត្រូវបានរចនាឡើងជាពិសេសសម្រាប់ប្រើប្រាស់ក្នុងតំបន់ខ្ពង់រាប និងតំបន់កោះ ដែលយន្តហោះគ្មានមនុស្សបើកធម្មតាពិបាកហោះទៅដល់។ វាអាចប្រើប្រាស់បានច្រើនមុខងារ ទាំងវិស័យយោធា និងស៊ីវិល។ ជាក់ស្តែង ក្រៅពីដឹកទំនិញ វាក៏អាចបំពាក់ឧបករណ៍សម្រាប់បំពេញបេសកកម្មផ្សេងៗ ដូចជា៖ ទំនាក់ទំនងបន្ទាន់ ហោះហើរបានគ្រប់លក្ខខណ្ឌអាកាសធាតុ និងការការស៊ើបការណ៍សម្ងាត់តាមប្រព័ន្ធអេឡិចត្រូនិក។ ដ្រូន CY-8 នេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ណូរីនកូ (Norinco) ដែលជាក្រុមហ៊ុនផលិតអាវុធដ៏ធំរបស់រដ្ឋាភិបាលចិន។ ជោគជ័យនេះបង្ហាញពីការបោះជំហានទៅមុខមួយកម្រិតទៀតរបស់ចិន ក្នុងការគ្រប់គ្រងបច្ចេកវិទ្យាគ្មានមនុស្សបើកសម្រាប់បម្រើឱ្យយុទ្ធសាស្ត្រជាតិ៕




