ចិន-រុស្ស៊ី រួមរណសិរ្សការទូតប្រឆាំងការឈ្លានពានរបស់អាម៉េរិក-អ៊ីស្រាអែល នៅមជ្ឈិមបូព៌ា
N
Nary Vann
2 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ ស្របពេលសមរភូមិគ្រាប់កាំភ្លើងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងសមភាគីរុស្ស៊ី លោក សឺហ្គី ឡាវរ៉ូវ បានជួបពិភាក្សាគ្នាតាមទូរសព្ទកាលពីថ្ងៃទី៥ ខែមេសា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ក្នុងគោលបំណងបន្ទាបកម្ដៅនៃស្ថានការណ៍ដ៏តានតឹងនៅមជ្ឈិមបូព៌ា។​

លោក វ៉ាង យី ស្តាំ(Wang Yi) និងសមភាគីរុស្ស៊ី លោក សឺហ្គី ឡាវរ៉ូវ (Sergei Lavrov) ឆ្វេង
លោក វ៉ាង យី ស្តាំ(Wang Yi) និងសមភាគីរុស្ស៊ី លោក សឺហ្គី ឡាវរ៉ូវ (Sergei Lavrov) ឆ្វេង

លោក វ៉ាង យី បានសង្កត់ធ្ងន់ថា មធ្យោបាយដ៏ល្អបំផុតដើម្បីដោះស្រាយវិបត្តិធ្វើនាវាចរណ៍នៅច្រកសមុទ្ទហ័រមូស្ស គឺត្រូវសម្រេចឱ្យបាននូវបទឈប់បាញ់ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ ចិននៅតែបន្តប្រកាន់ជំហរដោះស្រាយបញ្ហាក្ដៅៗតាមរយៈការសន្ទនា និងការចរចានយោបាយជាចម្បង។ ការពិភាក្សានេះ កើតឡើងមុនពេលក្រុមប្រឹក្សាសន្តិសុខត្រូវបោះឆ្នោតលើសេចក្តីសម្រេចរបស់ប្រទេសបារ៉ែន ដើម្បីការពារនាវាដឹកជញ្ជូនពាណិជ្ជកម្មនៅជុំវិញច្រកសមុទ្ទយុទ្ធសាស្ត្រមួយនេះ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ី មហាអំណាចទាំងពីរបានបង្ហាញនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះការយល់ឃើញដូចគ្នាលើបញ្ហាសកលភាគច្រើន ជាពិសេស គឺការរិះគន់ទៅលើអ្វីដែលរុស្ស៊ីហៅថាជា«ការឈ្លានពានដោយគ្មានមូលហេតុរបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល» ប្រឆាំងនឹងអ៊ីរ៉ង់។ ចិន និងរុស្ស៊ី បានព្រមព្រៀងគ្នាក្នុងការប្រកាន់យកវិធីសាស្ដ្រវត្ថុបំណង និងតុល្យភាព ដើម្បីស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិ ក្នុងការបញ្ចប់សង្គ្រាមដែលអូសបន្លាយអស់រយៈពេលជាងមួយខែ និងបានធ្វើឱ្យសរសៃឈាមសេដ្ឋកិច្ចពិភពលោកស្ទើរតែគាំងដំណើរទាំងស្រុង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត