
រដ្ឋធានីព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យដោយផ្ទាល់ នូវការសាកល្បងម៉ាស៊ីនរ៉ុក្កែតប្រើឥន្ធនៈរឹង កម្លាំងខ្លាំងប្រភេទថ្មី ដែលលោកបានប្រសិទ្ធនាមថា ជាជំហានដ៏សំខាន់ក្នុងការបង្កើនសមត្ថភាពយោធាយុទ្ធសាស្ត្ររបស់ប្រទេស។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ម៉ាស៊ីនដែលបានកែលម្អថ្មីនេះ មានកម្លាំងរុញច្រានរហូតដល់២៥០០គីឡូតោន ជាការកើនឡើងយ៉ាងខ្លាំងធៀបនឹងការសាកល្បងកាលពីខែកញ្ញា (១៩៧១គីឡូតោន)។ អ្នកសង្កេតការណ៍យល់ថា ការពង្រឹងកម្លាំងម៉ាស៊ីននេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋធានីព្យុងយ៉ាង ក្នុងការបំពាក់ក្បាលគ្រាប់ច្រើនគ្រាប់លើមីស៊ីលតែមួយ ដើម្បីបង្កើនលទ្ធភាពវាយទម្លុះប្រព័ន្ធការពាររបស់សហរដ្ឋអាម៉េរិក។ ការប្រើប្រាស់ឥន្ធនៈរឹង ធ្វើឱ្យមីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើង កាន់តែពិបាកក្នុងការចាប់សញ្ញា និងមានភាពបត់បែនខ្ពស់ក្នុងការបាញ់បង្ហោះ ធៀបនឹងមីស៊ីលប្រើឥន្ធនៈរាវជំនាន់ចាស់ ដែលត្រូវការពេលវេលាយូរក្នុងការបញ្ចូលឥន្ធនៈមុនពេលហោះហើរ។

ព្រឹត្តិការណ៍នេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី លោក គីម ជុងអ៊ុន បានថ្លែងសុន្ទរកថា នៅចំពោះមុខសភា ដោយបានប្តេជ្ញារក្សាឋានៈជាមហាអំណាចនុយក្លេអ៊ែរដែលមិនអាចផ្លាស់ប្ដូរបាន និងបានចោទប្រកាន់សហរដ្ឋអាម៉េរិកថា ជាអ្នកបង្កភេរវកម្ម និងការឈ្លានពានជាសកល ដែលនេះត្រូវបានគេមើលឃើញថា ជាការរិះគន់ដោយប្រយោលចំពោះសង្គ្រាមនៅមជ្ឈិមបូព៌ា។ ទោះបីជាមានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែកូរ៉េខាងជើងនៅតែបន្តជំរុញកម្មវិធីទំនើបកម្មយោធារយៈពេល៥ឆ្នាំរបស់ខ្លួនយ៉ាងសកម្ម ខណៈការចរចាជាមួយ លោក ដូណាល់ ត្រាំ បានជាប់គាំងតាំងពីឆ្នាំ ២០១៩មកម៉្លេះ៕



