កូរ៉េខាងជើងបើកទ្វារជើងមេឃបន្តិចម្ដងៗ ខណៈក្រុមហ៊ុន Air China ចាប់ផ្ដើមជើងហោះហើរទៅព្យុងយ៉ាងឡើងវិញ ក្រោយផ្អាកអស់៦ឆ្នាំ
N
Nary Vann
3 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិចិន Air China បានប្រកាសចាប់ផ្ដើមជើងហោះហើរត្រង់ឡើងវិញ រវាងរដ្ឋធានីប៉េកាំង និងរដ្ឋធានីព្យុងយ៉ាង នៅថ្ងៃទី៣០ ខែមីនានេះ បន្ទាប់ពីបានផ្អាកអស់រយៈពេល៦ឆ្នាំ...។

នេះគឺជាសញ្ញាថ្មីមួយទៀតដែលបង្ហាញថា ប្រទេសកូរ៉េខាងជើង កំពុងបើកចំហទ្វារជើងមេឃបន្តិចម្ដងៗឡើងវិញ បន្ទាប់ពីការតភ្ជាប់ផ្លូវរថភ្លើងរវាងរដ្ឋធានីទាំងពីរ ក៏ត្រូវបានដាក់ឱ្យដំណើរការឡើងវិញផងដែរ។ ការបើកជើងហោះហើរនេះ កើតឡើងក្រោយពេលដែលការធ្វើដំណើរកាត់ព្រំដែនរវាងប្រទេសជិតខាងទាំងពីរ ត្រូវបានរឹតបន្តឹងយ៉ាងខ្លាំងតាំងពីឆ្នាំ២០២០ ដោយវិបត្តិជំងឺកូវីដ-១៩។ ទោះបីជាយ៉ាងណាក៏ដោយ កូរ៉េខាងជើងនៅតែមានភាពស្ទាក់ស្ទើរក្នុងការផ្ដល់ទិដ្ឋាការទេសចរណ៍នៅឡើយ។ បច្ចុប្បន្ន មានតែអ្នកដំណើរដែលមានបេសកកម្មផ្លូវការ ឬគោលបំណងពិសេសប៉ុណ្ណោះ ទើបអាចធ្វើដំណើរឆ្លងកាត់ព្រំដែនបាន។

អ្នកជំនាញមកពីភ្នាក់ងារទេសចរណ៍ Young Pioneer Tours បានលើកឡើងថា ការចាប់ផ្ដើមឡើងវិញរបស់ Air China នឹងជួយឱ្យការតភ្ជាប់រវាងពិភពលោក និងកូរ៉េខាងជើង កាន់តែមានភាពងាយស្រួល។ ទោះជាយ៉ាងណាក៏ដោយ មកដល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយ ជុំវិញការអនុញ្ញាតឱ្យភ្ញៀវទេសចរមកពីបស្ចិមប្រទេសចូលទៅកម្សាន្តក្នុងប្រទេសឯកោមួយនេះ វិញនៅឡើយទេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត