គីម ជុងអ៊ុន ទាញមេក្រូស្រែកប្រាប់ពិភពលោកថា កូរ៉េខាងជើងមានឋានៈជាប្រទេសនុយក្លេអ៊ែ គឺជា«រឿងមិនអាចកែប្រែបាន»
ហៀប ស៊ីថេត
6 ម៉ោងមុន

រដ្ឋធានីព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃអង្គារទី២៤ ខែមីនានេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយធ្ងន់ៗថា ប្រទេសកូរ៉េខាងជើង នឹងពង្រឹងកម្លាំងនុយក្លេអ៊ែជាអចិន្ត្រៃយ៍ និងចាត់ទុកកូរ៉េខាងត្បូងជា រដ្ឋសត្រូវធំបំផុត ខណៈមេដឹកនាំផ្តាច់ការរូបនេះក៏បានកំណត់អាទិភាពគោលនយោបាយរយៈពេល៥ឆ្នាំទៅមុខ ទៅកាន់សភា។

លោក គីម ជុងអ៊ុន
លោក គីម ជុងអ៊ុន

លោក គីម បានបញ្ជាក់ថា ឋានៈរបស់រដ្ឋធានីព្យុងយ៉ាងជាសមាជិកនៃរដ្ឋដែលមានអាវុធនុយក្លេអ៊ែ គឺជាអ្វីដែលមិនអាចកែប្រែបាន ហើយការពង្រីកឃ្លាំងអាវុធនុយក្លអ៊ែ គឺជារឿងចាំបាច់សម្រាប់សន្តិសុខជាតិ ស្ថិរភាពតំបន់ និងការអភិវឌ្ឍសេដ្ឋកិច្ច។ លោក គីម បានច្រានចោលគំនិតដែលថា ការរំសាយអាវុធនុយក្លេអ៊ែអាចដោះដូរបានជាមួយនឹងផលប្រយោជន៍សេដ្ឋកិច្ច ឬការធានាសន្តិសុខ។ «តថភាពពិភពលោកបច្ចុប្បន្ន សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់រដ្ឋអធិបតេយ្យត្រូវបានរំលោភបំពានយ៉ាងឃោរឃៅបំផុតដោយកម្លាំងឯកតោភាគី។ វាបានបង្រៀន[យើង]យ៉ាងច្បាស់ថា តើអ្វីទៅជាការធានាពិតប្រាកដសម្រាប់អត្ថិភាពនៃរដ្ឋ និងសន្តិភាព?»។ នេះជាសម្តីដ៏មុតស្រួចចេញពីមាត់របស់បុរសខ្លាំងតែម្នាក់ឯងរបស់កូរ៉េខាងជើង ថ្លែងទៅកាន់សភាប្រជាជនកំពូល។ លោក គីម បានលើកឡើងថា កូរ៉េខាងត្បូង ត្រូវបានទទួលស្គាល់ថាជារដ្ឋដែលមានអរិភាពបំផុត ហើយបានព្រមានរដ្ឋធានីសេអ៊ូលចំៗទៀតថា រាល់ការប៉ុនប៉ងរំលោភលើអធិបតេយ្យភាពរបស់កូរ៉េខាងជើង នឹងត្រូវតបតវិញយ៉ាងសាហាវឃោរឃៅបំផុត ដោយគ្មានភាពស្ទាក់ស្ទើរ ឬការអត់ធ្មត់ឡើយ។

នៅក្នុងផែនការអាទិភាពគោលនយោបាយរយៈពេល៥ឆ្នាំរបស់ប្រទេស ក្រៅពីនេះវិស័យយោធា លោក គីម ក៏បានដាក់ចេញអាទិភាពសេដ្ឋកិច្ចផងដែរ ដោយលោកផ្តោតលើការធ្វើទំនើបកម្មឧស្សាហកម្ម បង្កើនផលិតកម្មអគ្គិសនី និងធ្យូងថ្ម បង្កើនទិន្នផលស្បៀងអាហារ និងពង្រីកការសាងសង់លំនៅឋានទូទាំងប្រទេស។ គួរបញ្ជាក់ថា សម្រាប់កញ្ចប់ថវិការដ្ឋឆ្នាំ២០២៦ សភាកូរ៉េខាងជើងបានអនុម័ត​ដំឡើងការចំណាយលើវិស័យការពារជាតិដល់១៥,៨ភាគរយនៃចំណាយសរុប ដោយថវិកានេះត្រូវបានបែងចែកយ៉ាងជាក់លាក់សម្រាប់ការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែ និងសមត្ថភាពប្រយុទ្ធក្នុងសង្គ្រាមជាក់ស្តែង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត