
រដ្ឋធានីវ៉ាស៊ីនតោន៖ លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានផ្ទុះកំហឹងជាថ្មីម្ដងទៀតទៅលើអង្គការណាតូ (NATO) តាមរយៈការបង្ហោះសារយ៉ាងចាស់ដៃនៅលើបណ្ដាញសង្គម Truth Social ក្រោយកិច្ចពិភាក្សាក្នុងជំនួបបិទទ្វារជាមួយអគ្គលេខាធិការណាតូ លោក ម៉ាក រូដ (Mark Rutte)...។

លោក ដូណាល់ ត្រាំ បានរិះគន់ធ្ងន់ៗថា ណាតូមិនបានជួយសហរដ្ឋអាម៉េរិកឡើយ ក្នុងគ្រាដែលត្រូវការបំផុត (ក្នុងសង្គ្រាមអ៊ីរ៉ង់) ហើយលោកក៏បានឆ្លៀតឱកាសរំឭកពីបំណងចង់លេបត្របាក់យកកោះហ្គ្រីនឡែន(Greenland) មកគ្រប់គ្រងវិញផងដែរ ដោយហៅដែនដីរបស់ប្រទេសដាណឺម៉ាកមួយនេះ ថា ជាដុំទឹកកកដ៏ធំដែលស្ថិតក្រោមការដឹកនាំដ៏អន់បំផុត។ កំហឹងរបស់ ត្រាំ បានកើតឡើងដោយសារសម្ព័ន្ធមិត្តណាតូ បដិសេធមិនចូលរួមក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ និងបានរារាំងមិនឱ្យកងទ័ពសហរដ្ឋអាម៉េរិក ប្រើប្រាស់មូលដ្ឋានទ័ពនៅលើទឹកដីអឺរ៉ុប ដែលនាំឱ្យលោកហៅសម្ព័ន្ធភាពមានអាយុកាលជិត៨០ឆ្នាំមួយនេះ ថាជា ខ្លាក្រដាស។ បើតាមសេចក្តីរាយការណ៍ពី The Wall Street Journal លោក ត្រាំ កំពុងពិចារណាលើវិធានការសងសឹក តាមរយៈការដកកងទ័ពសហរដ្ឋអាម៉េរិក ចេញពីបណ្ដាប្រទេសសមាជិកណាតូណា ដែលលោកយល់ថា មិនជួយកិច្ចការសហរដ្ឋអាម៉េរិក។

នៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ CNN លោក ម៉ាក រូដ ដែលត្រូវបានគេស្គាល់ថាជាអ្នកជំនាញខាងលួងលោមលោក ត្រាំ បានបញ្ជាក់ថា ជំនួបនេះ ធ្វើឡើងក្នុងបរិយាកាសបើកចំហ និងស្មោះត្រង់បំផុត ប៉ុន្តែលោកបានគេចវេះមិនឆ្លើយចំៗនូវសំណួរដែលថា តើលោក ដូណាល់ ត្រាំ បានគំរាមដកសហរដ្ឋអាម៉េរិកចេញពីណាតូដែរឬយ៉ាងណា? កាលពីមុននេះ អ្នកនាំពាក្យសេតវិមានបានបង្ហើបថា ការដកខ្លួនចេញពីណាតូ គឺជាប្រធានបទដែលលោក ដូណាល់ ត្រាំ បានពិភាក្សាជាបន្តបន្ទាប់ ប៉ុន្តែតាមច្បាប់ លោកត្រូវមានការយល់ព្រមពីសភាជាមុនសិន។

ទន្ទឹមនឹងការគំរាមកំហែងដល់សន្តិសុខអឺរ៉ុប លោក ត្រាំ ក៏បានវាយប្រហារផ្ទាល់មាត់ទៅលើមេដឹកនាំជាសម្ព័ន្ធមិត្ត រួមមាន៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក ឃា ស្តាមឺ (Keir Starmer) និងបានហៅនាវាផ្ទុកយន្តហោះរបស់អង់គ្លេស ថា គ្រាន់តែជារបស់លេង។ ភាពតានតឹងនេះ កើតឡើងចំពេលដែលបទឈប់បាញ់រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ កំពុងស្ថិតក្នុងសភាពផុយស្រួយបំផុត ធ្វើឱ្យសម្ព័ន្ធមិត្តណាតូកាន់តែបារម្ភពីស្ថិរភាពសន្តិសុខសកល ក្រោមការដឹកនាំរបស់ ត្រាំ៕


