មិនខ្វល់បទឈប់បា.ញ់! អ៊ីស្រាអែលដាក់ម្រាមដៃលើកៃកាំភ្លើងត្រៀមបា.ញ់.ក.ម្ទេ.ចអ៊ីរ៉ង់គ្រប់វិនាទី
ហៀប ស៊ីថេត
2 ម៉ោងមុន

មជ្ឈិមបូព៌ា៖ ស្របពេលពិភពលោកដកដង្ហើមធូរស្រាលបន្តិច បន្ទាប់ពីមានសេចក្តីប្រកាសបទឈប់បាញ់រយៈពេល២សប្តាហ៍រវាងសហរដ្ឋអាម៉េរិក-អ៊ីរ៉ង់ ប៉ុន្តែសភាពការណ៍ជាក់ស្តែងបែរជាផ្ទុយស្រឡះ។ ផ្ទុយស្រឡះ..ក៏ព្រោះតែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ប្រកាសថា អ៊ីស្រាអែល ត្រៀមខ្លួនរួចរាល់ហើយក្នុងការបន្តប្រយុទ្ធកម្ទេចអ៊ីរ៉ង់...។

លោក នេតាន់យ៉ាហ៊ូ បានបោះសម្តីធ្ងន់ៗថា អ៊ីស្រាអែលមិនទាន់បញ្ចប់បេសកកម្មរបស់ខ្លួននៅឡើយទេ ហើយម្រាមដៃយោធានៅតែដាក់លើកៃកាំភ្លើង។ លោកបន្តថា បទឈប់បាញ់រយៈពេល២សប្តាហ៍នេះ គ្រាន់តែជាជំហានមួយនៃដំណើរការសម្រេចគោលដៅប៉ុណ្ណោះ។ «អ៊ីរ៉ង់បានចុះខ្សោយយ៉ាងខ្លាំង ដោយសារយោធាអ៊ីស្រាអែលកម្ទេចរោងចក្រផលិតគ្រាប់មីស៊ីល និងឃ្លាំងអាវុធ, ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៃកម្មវិធីនុយក្លេអ៊ែរ, បណ្តាញហិរញ្ញវត្ថុ និងរោងចក្រអាវុធរបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ រួមទាំងប្រព័ន្ធដឹកជញ្ជូន និងឧស្សាហកម្មដែកថែបផងដែរ» នេះជាសម្តីមិនទុកបទឈប់បាញ់អាម៉េរិក-អ៊ីរ៉ង់ ក្នុងកែវភ្នែករបស់លោក នេតាន់យ៉ាហ៊ូ។

សូមជម្រាបថា ក្រៅពីប្រកាសត្រៀមខ្លួនកម្ទេចអ៊ីរ៉ង់ អ៊ីស្រាអែលបានបើកប្រតិបត្តិការវាយប្រហារតាមអាកាសយ៉ាងសាហាវបំផុតលើប្រទេសលីបង់ ចាប់តាំងពីជម្លោះជាមួយក្រុមហេសបូឡាហ៍បានផ្ទុះឡើង ដោយបានសម្លាប់មនុស្សជាង២៥០នាក់។ ទោះបីជាមានបទឈប់បាញ់រយៈពេល២សប្តាហ៍រវាងអាម៉េរិក និងអ៊ីរ៉ង់ក៏ដោយ អ៊ីស្រាអែលនៅតែបើកការវាយប្រហារលើរដ្ឋធានីបេរូតយ៉ាងហោចណាស់៥ដងផ្ទួនៗ បង្កឱ្យមានផ្សែងហុយខ្មួលខ្មាញ់ងងឹតមេឃ កាលពីរសៀលថ្ងៃពុធទី៨ ខែមេសា។ សេវាកម្មការពារស៊ីវិលរបស់លីបង់ បញ្ជាក់ថា គិតមកទល់ពេលនេះ មនុស្សសរុប២៥៤នាក់ត្រូវបានសម្លាប់ និងជាង១១០០​នាក់បានរងរបួសនៅទូទាំងប្រទេស៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត